កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥នេះ សមាជិកតំណាងរាស្រ្ដបក្សប្រឆំាងទំាងអស់ចំនួន៥៥រូប មិនបានបោះឆ្នោតគំាទ្រសេចក្ដីព្រាងច្បាប់ស្ដីពី «ការទូទាត់ថវិការបស់រដ្ឋសម្រាប់ឆ្នាំ២០១៣» ក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋសភានោះទ្បើយ។
លោក កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភា និងជាអនុប្រធានរបស់គណបក្សសង្រ្គោះជាតិ បានឆ្លើយប្រាប់អ្នកកាសែត និងបានបង្ហោះពាក្យសំដីតាមគេហទំព័ររបស់ខ្លួនថា «បើយើងនំាគ្នាអនុម័តច្បាប់នេះបានន័យថា ពួកយើងគំាទ្រអំពើពុករលួយរបស់រដ្ឋាភិបាល»។
បើគេគិតចាប់តំាងពីគណបក្សទំាងពីរ គឺគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សដឹកនំារដ្ឋាភិបាល និងគណបក្សសង្រ្គោះជាតិ ដែលបានព្រមព្រៀងគ្នា កាលថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០១៤ បន្ទាប់ពីពួកខ្លួនបានធ្វើពហិការមិនចូលសភា ក្រោមលេសចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា លួចសន្លឹកឆ្នោត ហើយបានព្រមព្រៀងគ្នាអនុវត្ដ «វប្បធម៌សន្ទនា» នោះ គេសង្កេតឃើញគណបក្សសង្រ្គោះជាតិបានដើរផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងនេះកាន់តែច្រើនទៅៗ ។
ចំពោះការភ្លេចខ្លួនរបស់បក្សប្រឆំាង ក្នុងវាយប្រហារចេញមុខមកលើថ្នាក់ដឹកនំាគណបក្សប្រជាជនកម្ពុជា តាមរយៈវេទិកានានា ទំាងក្នុងស្រុក និងនៅក្រៅប្រទេស នៅពេលពួកគេចេញធ្វើបេសកកម្មម្ដងៗ បានរិះគន់ពីរឿងពុករលួយរបស់រដ្ឋាភិបាល និងអសមត្ថភាព រឿងបញ្ហាព្រំដែន។ល។ ហើយពេលនេះបានធ្វើពហិការមិនអនុម័តលើច្បាប់ទូទាត់ថវិកាឆ្នាំ២០១៣ទៀត។
តើសកម្មភាពប្រឆំាងភេ្លចខ្លួនបែបនេះ បក្សប្រឆំាងស្មានថាអាចកេងចំណោញផ្នែកនយោបាយ អាចធ្វើឲ្យមតិសាធារណៈគិតថា ពួកខ្លួនត្រឹមត្រូវ ស្អាតស្អំល្អណាស់ លើសគេឯង ហើយ ភ្លេចគិតថា ពួកខ្លួនទេដែលពុករលួយផ្កាប់មុខ ដោយស្មានថាគ្មាននរណាដឹង?
ក្នុងបរិការនេះ យើងសូមលើកត្រួសៗ ពីចរិកពុតត្បុតរបស់បក្សប្រឆំាង ដូចតទៅ៖
ទី១) អ្វីដែលសាធារណៈជនដឹងឮនោះ គឺការទាមទារទ្បានថ្មី ដែលពួកខ្លួនគិតថា ជារបបនោះ គឺទ្បាន របស់លោក កឹម សុខា អនុប្រធានទី១រដ្ឋសភា តម្លៃប្រមាណ២០ម៉ឺនដុល្លារអាមេរិក ព្រមទំាងសមាជិកអចិន្រ្ដៃយ៍៥រូបទៀតរបស់បក្សប្រឆំាង មានតម្លៃប្រមាណ១០ម៉ឺនដុល្លារអាមេរិក មិនតែប៉ុណ្ណោះមានថវិកាដែលត្រូវចេញទៅធ្វើបេសកកម្មតាមខេត្ដ/ក្រុង និងទៅក្រៅប្រទេស ហើយនិងប្រាក់ឧបត្ថម្ភនានាផ្សេងៗទៀតផង។
រឿងកាន់តែហួសចិត្ដថែមទៀត បក្សប្រឆំាងទំាងនេះរហូតដល់ទៅទាមទារប្រាក់ខែរំឭកដែលពួកខ្លួនមិនបានធ្វើការទាល់តែសោះ ៖ «ទោះជាបានឬមិនបានក៏យើងមិនឈឺក្បាលដែរ»។
ទី២) តើមេដឹកនំាបក្សប្រឆំាងភេ្លចខ្លួនហើយឬនៅ នាពេលថ្មីៗនេះ ដែលលោកស្រី ទ្បាក់ សុភាព បានបរិហាកេរ្ដិ៍មេបក្សប្រឆំាងជាសាធារណៈ ពីរឿងបាត់លុយរាប់សិបលានដុល្លារអាមេរិក ដែលធ្វើឲ្យសមាជិកអ្នកគាំទ្ររបស់ខ្លួនទំាងក្នុង និងក្រៅប្រទេស មានការសង្ស័យ និងខកចិត្តយ៉ាងខ្លំាង។
ទី៣) គួរលោក កឹម សុខា រំឭកទ្បើងវិញបន្ដិច នូវការឃុបឃិតរបស់ខ្លួន ទទួលលុយ រាប់លានដុល្លារ កាលពីឆ្នាំ២០០២ ដើម្បីបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាពីសហរដ្ឋអាមេរិក ដោយចាយវាយគ្មានភាពច្បាស់លាស់ ធ្វើឲ្យមន្រ្ដីនៅក្នុងអង្គការនេះខឹងសម្បារយ៉ាងខ្លំាង។ ទន្ទឹមនឹងនេះ តើលោក កឹម សុខា ភ្លេចហើយឬនៅ ក្នុងការយកលុយអាមេរិកកាំង ដែលសំរាប់ប្រើប្រាស់ក្នុងកម្មវិធីរបស់អង្គការ បែរជាយកទៅប្រើប្រាស់ជាគោលបំណងនយោបាយ រហូតឈានដល់ការបង្កើតគណបក្សនយោបាយមួយ នៅឆ្នាំ២០០៧ យ៉ាងឆ្កុយទៅវិញ។
រឿងដែលគួរឲ្យអាម៉ាស់ដែលយើងបានរៀបរាប់របស់មេដឹកនំាបក្សប្រឆំាងទំាងនេះ មិនហៅថា «ខ្លួនលួចលុយគេ» ដើម្បី មហិច្ឆតានយោបាយផ្ទាល់ទេឬអី? តើនេះមិនបានន័យថាជាអំពើពុករលួយចេញមុខទេឬអី?
អ្វីដែលយើងបានរៀបរាប់ខាងលើ ប្រជាជនខ្មែរយល់ច្បាស់ណាស់ គឺគេមិនបាច់និយាយឲ្យវែងឆ្ងាយតទៅទៀតទេ។
ការសម្រេចចិត្ដបែបលទ្ធិប្រជាធិបតេយ្យ ក្នុងការអនុម័តសេចក្ដីព្រាងច្បាប់ដូចយើងបានរៀបរាប់ខាងលើ ដោយមានសម្លេង៦៧លើ១១០ ក្នុងចំណោមសមាជិកសភា ដែលបានបង្ហាញពីចរឹតពោះវៀនបត់សន្ទះ របស់បក្សប្រឆំាងពីរ ដែលបូកបញ្ចូលគ្នាកាលពីឆ្នាំ២០១២ គឺគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលជានិច្ចកាល តែងរិះគន់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេច ហ៊ុន សែន។
នរណាក៏គេដឹងថា រាជរដ្ឋាភិបាលបានបែងចែកថវិកាចំណាយ ដោយផ្អែកលើប្រាក់ចំណូលយ៉ាងហ្មត់ចត់ជាទីបំផុត ក្នុងគោលដៅបម្រើវិស័យសុខមាលភាពប្រជាជន សុខាភិបាល អប់រំ កសិកម្ម សេដ្ឋកិច្ច អភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធជាដើម នេះបែរជាបក្សប្រឆំាងមិនទទួលយកទៅវិញ។
ជាសរុប គណបក្សសង្រ្គោះជាតិកំពុងបំផ្លិចបំផ្លាញ «វប្បធម៌សន្ទនា» ដោយគិតថា ខ្លួនធ្វើបែបនេះអាចនឹងទាញការចាប់អារម្មណ៍សាធារណៈជន ប៉ុន្ដៃផ្ទុយទៅវិញបក្សប្រឆំាងកំពុងតែបោកបញ្ជោតសមាជិករបស់ខ្លួនទៅវិញទេ និងថែមទំាងឲ្យគេមើលឃើញពីបេះដូងដ៏ខ្មៅក្រខ្វក់របស់ខ្លួនថែមទៀត។