ខេត្តព្រះវិហារ៖ រថយន្តដឹកឈើគ្រោងផ្ទះចាស់របស់ប្រជាពលរដ្ឋក្រីក្រម្នាក់ត្រូវបាននាយផ្នែករដ្ឋបាលព្រៃឈើរវៀងឃាត់ទុកដោយសង្ស័យថាមានបង្កប់ឈើប្រណីតនៅពីក្រោម តែក្រោយពីបាននាំរថយន្ត ត្រួតពិនិត្យរួចនាយផ្នែករដ្ឋបាលព្រៃឈើ រវៀងរកមិនឃើញមានឈើប្រណីតនោះទេហើយក៏ពុំព្រមដោះលែងដែរ ថែមទាំងដកយកលិខិតសុំការអនុញ្ញាតដឹកឈើ ថែមទៀត ។
ហេតុការណ៍នេះបានកើតឡើងកាលពី យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារដែលតាមការឲ្យដឹងពីម្ចាស់ឈើឈ្មោះសួន ផៃ អាយុ៥២ឆ្នាំ រស់នៅ ភូមិត្រពាំងក្តុល ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពតបានបញ្ជាក់ថា លោកបានទិញផ្ទះនេះពីប្រជាពលរដ្ឋនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារចំនួន២ខ្នងផ្ទះតូចៗ ដោយមានលិខិតសុំការដឹកជញ្ជូនពីអាជ្ញាធរភូមិ-ឃុំស្រុកនិងពេលលើកឈើដាក់លើរថយន្តក៏មានសមត្ថកិច្ចមេព្រៃថតរូបពិនិត្យរួចរាល់និងបានដឹងពីតម្លៃឈើដែលទិញអស់ជាង១០លានរៀល ព្រមទាំងឈ្នួលដឹកជញ្ជូនចំនួន៩០០ដុល្លារចេញពីឃុំស្រអែមទៅ ខេត្តកំពត ដើម្បីយកទៅធ្វើផ្ទះតែបែរជាមេព្រៃឃាត់រថយន្តនិងឈើរបស់គាត់ទុក អស់រយៈពេល៤ថ្ងៃមកហើយពុំព្រមដោះស្រាយសោះ ។
លោក ស៊ុម សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានឲ្យដឹងថា ការឃាត់រថយន្ត ដឹកឈើផ្ទះចាស់នេះ គឺដោយសារតែសមត្ថកិច្ចបានឃាត់រថយន្តដើម្បីការត្រួតពិនិត្យ ដោយសង្ស័យមានបង្កប់ឈើថ្មីខាងក្នុង តែម្ចាស់រថយន្តពុំព្រមធ្វើតាមការណែនាំ របស់សមត្ថកិច្ច ទើបបានសុំយោបល់ពី ព្រះរាជអាជ្ញាដើម្បីឃាត់រថយន្តយកមក ទុកនៅផ្នែករដ្ឋបាលព្រៃឈើ ហើយ ក្រោយពីពិនិត្យឃើញថា មានតែឈើ ផ្ទះចាស់នោះជាផ្ទះគ្រោង ក៏លោកមិនអាច ដោះលែងបានដែរ លុះត្រាតែមានចំណារពីព្រះរាជអាជ្ញាឬថ្នាក់លើ ទើបអាច អនុញ្ញាតបាន ។
លោក សេង ម៉េងស្រុន ព្រះរាជអាជ្ញារង ខេត្តព្រះវិហារបានឲ្យដឹងថា ករណីចាប់ ឈើផ្ទះចាស់នេះ សមត្ថកិច្ចរដ្ឋបាលព្រៃ ឈើបានសុំយោបល់ពីលោកមែន តែក្រោយពីសមត្ថកិច្ចពិនិត្យឃើញថាមានឈើផ្ទះ ចាស់ពិតប្រាកដមែន ហើយមានឈើថ្មី១៤ កន្ទុយសម្រាប់ជួសជុលការបាក់បែក ទើប លោកបានណែនាំថា បើមានឈើលើស ត្រឹមមួយម៉ែត្រគូប សូមឲ្យដោះលែងហើយប្រគល់ឲ្យម្ចាស់គេវិញទៅសម្រាប់ការ ជួសជុលពេលការបាក់បែកឈើចាស់ នោះ ។ តែរហូត មកដល់ថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០១៦ លោក ស៊ុម សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃ ឈើរវៀងនៅតែ ពុំព្រមដោះលែងទៀត ។
លោកបាន បញ្ជាក់ថា ពេលចាប់សុំយោបល់ ពេលបញ្ជាឲ្យដោះលែងហេតុអ្វីបានជាមិនព្រមដោះលែង រង់ចាំចំណារធ្វើអ្វី ចុះកាលដែល ចាប់តើមានចំណារដែរឬអត់?
មហាជនបានរិះគន់លោក លោក ស៊ុម សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងដែលទើបមកកាន់តំណែងថ្មីនេះបានធ្វើសកម្មភាពបង្រ្កាបខ្លាំងណាស់ដើម្បីបង្ហាញស្នាដៃ សូម្បីតែឈើផ្ទះចាស់របស់ប្រជាពលរដ្ឋ ក្រីក្ររកព្រឹកខ្វះល្ងាច ក៏ចាប់ដែរ ដែលធ្វើឲ្យ មានការសង្ស័យថា ការចាប់ឈើស្របច្បាប់ហើយមិនព្រមដោះលែងដូច្នេះមើលទៅដូចជារឿងគំនុំតាំងពីជាតិមុនអ៊ីចឹង ៕
ដោយ៖ ប៊ុន រិទ្ធី