បទវិភាគ: ហេតុអ្វី​បាន​ជាតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ បន្ទន់​ឥរិយាបទ​ចូល​​ប្រជុំ​សភា?​

ចែករំលែក៖

ពាក្យចាស់តែងពោលថា «ហុតទឹកសម្លឹងកាក» ។ យ៉ាងណាមិញ ការផ្លាស់ប្តូរជំហរប្រឆាំងផ្កាប់មុខ របស់គណបក្សសង្គ្រោះជាតិនាពេលនេះ ត្រូវបានក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅ កម្ពុជាវាយតម្លៃយ៉ាងច្បាស់ថា គណបក្សប្រឆាំងនៅពេលនេះអស់ក្បាច់ឡាំប៉ាទៅហើយ នៅ ពេលដែលការបំភ្លៃ ភូតកុហក់ របស់ពួកគេ អំពីសភាពការណ៍ពិតនៅកម្ពុជា លែងមានប្រសិទ្ធភាព ទាំងនៅក្នុងសាធារណៈមតិជាតិ និងអន្តរជាតិ។

...

កាលពីពេលថ្មីៗនេះ លោក យ៉ែម បុញ្ញឬទ្ធិ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងដែលធ្លាប់តែស្រែកជេរ រិៈគន់ ចោទប្រកាន់រាជរដ្ឋាភិបាលនៅគ្រប់ច្រកល្ហក គ្រប់វេទិកាជួបប្រជាពលរដ្ឋនោះ បែរជា ងាកមកប្រកាសជំហរ ប្តេជ្ញាគាំទ្រជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទៅវិញ ដោយយកលេសថា «ដើម្បីទប់ទល់ឥទ្ធិពលនយោបាយការបរទេសពីខាងក្រៅ»។

បើតាមក្រុមអ្នកវិភាគ និងប្រជាពលរដ្ឋបានមើលឃើញថា ក្រោយពីលោក សម រង្ស៊ី ដែលបច្ចុប្បន្ន ក្លាយជាទណ្ឌិតជាមួយសំណុំរឿងព្រហ្មទណ្ឌជាច្រើននៅតុលាការ បានដើរបំពុលបរិយាកាសនយោបាយនៅកម្ពុជា ឲ្យបរទេសយល់ច្រឡំ និងលែងមានប្រសិទ្ធភាពមក គណបក្សប្រឆាំងបានបន្ទន់ឥរិយាបទ ដើម្បីលុបលាងកំហុស និងភាពអាម៉ាស់របស់ខ្លួនវិញម្តង។ មូលហេតុចំបងមួយទៀតនោះគឺ បរទេសដែលតែងតែគាំទ្រគណបក្សប្រឆាំងពីក្រោយខ្នង លែងរវីរវល់ជួយឧបត្ថម្ភទាំងស្មារតី និងថវិកា ដោយសារតែវិបត្តិសង្គមនៅក្នុងប្រទេសរបស់គេដែលកំពុងតែញ៉ាំញីដោយក្រុមភេវរៈកម្មផង និងការសម្រេចចាកចេញរបស់ប្រទេសអង់គ្លេស ពីសហគមន៍អឺរ៉ុបផង។

គេនៅចាំបានថា លោក សម រង្ស៊ី បានធ្វើបទអន្តរាគមន៍មួយនៅក្នុងកិច្ចប្រជុំរបស់សភាសហគមន៍ អឺរ៉ុប ដើម្បីស្នើសុំឲ្យអង្គការមួយនេះដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជា ដោយបញ្ឈប់ ឬ ផ្អាកការនាំចេញផលិតផលសំលៀកបំពាក់ពីកម្ពុជាទៅក្នុងទីផ្សារសហគមន៍អឺរ៉ុប ឬអនុញ្ញាត្តិឲ្យនាំចូលវិញដោយមានការភ្អាប់លក្ខខណ្ឌ ដើម្បីដោះដូរគ្នា។ ក្រោយការស្នើសុំនេះ បានធ្វើឲ្យមានប្រតិកម្មតវ៉ាជាច្រើនពីក្រុមសហជីពកម្មករ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហើយក្រុមកម្មករទាំងនោះថានឹងមានបាតុកម្មតវ៉ាជាទ្រង់ទ្រាយធំ នឹងអាចឈានទៅដល់ការស្នើសុំឲ្យមានការរំលាយគណបក្សសង្គ្រោះជាតិថែមទៀតផង។ ភស្តុតាងនៃការស្នើសុំសម្លាប់ជីវិតកម្មករខ្មែរ និងអ្នកដែលទទួលផលប្រយោជន៍ដោយប្រយោល (ដូចជាអ្នកជួលផ្ទះ អ្នកបើកឡានដឹកកម្មករ និងអ្នកលក់បាយជាដើម) ដែលស្នើដោយលោក សម រង្ស៊ី ទៅសហគមន៍អឺរ៉ុបនោះ ក៏ត្រូវបានផ្សព្វផ្សាយដោយវិទ្យុបារាំងផ្សាយជាខេមរៈភាសាផងដែរ។ ដើម្បីទប់ទល់នឹងសភាពការណ៍តវ៉ាដ៏ធ្ងន់ធ្ងរនេះ ទណ្ឌិត សម រង្ស៊ី បានបញ្ជាឲ្យកូនចៅកាត់ចោលនូវសម្លេងទាំងស្រុងរបស់ខ្លួន ហើយចោទប្រកាន់ទៅវិទ្យុបារាំងថាបានផ្សព្វផ្សាយបកប្រែខុសទៅវិញ។ ប៉ុន្តែ សម្តីអ្នកនយោបាយ ទុច្ចរិតរូបនោះត្រូវបាននាយកគ្រប់គ្រងវិទ្យុបារាំងវាយបកវិញយ៉ាងចាស់ដៃ។ ក្រោយមក គេ ឃើញគណបក្សប្រឆាំងបន្ទន់ឥរិយាបទធ្វើជាងាកមកគាំទ្ររាជរដ្ឋាភិបាលវិញ។

តើមានអ្វីខ្លះនៅពីក្រោយការបន្ទន់ឥរិយាបទនៅពេលនេះរបស់គណបក្សសង្គ្រោះជាតិ?

បើតាមការមើលឃើញរបស់ក្រុមអ្នកវិភាគ ការសម្រេចចូលរួមប្រជុំចំនួនពីរលើកឡើងវិញនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា របស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅពេលនេះគឺមិនមែនជារឿងស្នេហាជាតិ ឬស្នេហាប្រជាជន ស្អីនោះទេ តាមពិតគឺដើម្បីការពារផលប្រយោជន៍របស់ក្រុមតំណាងរាស្ត្រគេតែប៉ុណ្ណោះ។ អាចនិយាយបានថា គឺជានយោបាយ «ហុតទឹកសម្លឹងកាក» តាមរយៈការចូលប្រជុំជាបន្តបន្ទាប់ ដើម្បីការពារប្រាក់ខែអ្នកតំណាងរាស្ត្របក្សប្រឆាំង ពីការដាក់វិន័យនៃការមិនបានបំពេញកាតព្វកិច្ចជាតំណាងរាស្ត្ររបស់ពួកគេ ដែលបានកំណត់នៅក្នុងបទបញ្ជាផ្ទៃក្នុងថានឹងត្រូវកាត់ប្រាក់ខែ បើមិនបានចូលធ្វើការ។

ក្រុមអ្នកវិភាគ និងប្រជាពលរដ្ឋបានមើលឃើញទៀតថា ការអះអាងរបស់លោក យ៉ែម បុញ្ញឬទ្ធិ ដែលថាការចូលរួមប្រជុំរបស់សមាជិកគណៈកម្មការទី២រដ្ឋសភា ខាងគណបក្សសង្គ្រោះជាតិជា មួយក្រុមការងារបច្ចេកទេសសហភាពអឺរ៉ុប ដើម្បីវាយតម្លៃថវិកាគាំទ្រសម្រាប់ឆ្នាំ២០១៦ នៅថ្ងៃទី២៨ ខែកក្កដានេះ ដើម្បីទទួលប្រាក់ជំនួយបានទាំងអស់នោះគឺជារឿងមិនពិត។ បើពួកគេយល់បែបនេះមែន តើចាំបាច់អីដែលពួកគេ ជាពិសេសលោក សម រង្ស៊ី បែរជាទាមទារឲ្យសហគមន៍អឺរ៉ុបបិទការនាំចេញផលិតផលពីកម្ពុជាទៅវិញ? តាមពិតការចូលប្រជុំលើកនេះក្នុងគណៈកម្មការទី២នៃរដ្ឋសភា គឺដើម្បីពួកគេទៅនិយាយការពារនូវកំហុសឆ្គងរបស់លោក សម រង្ស៊ី ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំនៅសភាអឺរ៉ុបនាពេលកន្លងមកទៅវិញទេ។

ម្យ៉ាងទៀត ការបន្ទន់ឥរិយាបទរបស់បក្សប្រឆាំងនៅពេលនេះ ត្រូវបានក្រុមអ្នកវិភាគវាយតម្លៃថា ដោយសារតែជីវិតនយោបាយរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺត្រូវបានបញ្ចប់ទៅហើយ។ ករណីបណ្តឹងព្រហ្មទណ្ឌរបស់លោក សម រង្ស៊ី បានឈានដល់ការចេញសាលក្រមស្ថារពរ និងបានក្លាយជាទណ្ឌិតដែលមិនអាចមានសិទ្ធិធ្វើជាអ្នកនយោបាយ ឈរឈ្មោះដើម្បីឲ្យប្រជាពលរដ្ឋបោះឆ្នោតបានទៀតឡើយ។ ករណីប្រធានស្តីទីគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ក៏កំពុងជាប់បណ្តឹងព្រហ្មទណ្ឌជា ច្រើនហើយដែលនឹងត្រូវបញ្ចប់អាជីពជាអ្នកនយោបាយនាពេលដ៏ខ្លីខាងមុខនេះដែរ។

ក្រុមអ្នកវិភាគយល់ឃើញថា ប្រហែលដោយសារភាពខ្សោយ និងវិបត្តិផ្ទៃក្នុងគណបក្សប្រឆាំងកាន់តែធ្ងន់ធ្ងរបែបនេះហើយ ទើបក្រុមមន្ត្រីមួយចំនួន ដូចជាលោក ប៉ុល ហំម លោក យ៉ែម បុញ្ញឬទ្ធិ ជាដើមបាននិងកំពុងបង្ហាញជំហរបន្ទន់ឥរិយាបទមកគាំទ្ររាជរដ្ឋាភិបាល ក្នុងគោលបំណងដើម្បីឲ្យមានការលើកលែងទោសដូចពេលមុនៗទៀតក៏មិនដឹង។ ប៉ុន្តែបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកធ្លាប់បានប្រកាសជំហររបស់លោកនាពេលកន្លងមកថា គឺគ្មានការស្នើលើកលែងទោសចំពោះអ្នកណាទៀតទេ ព្រោះបើលោកហ៊ានស្នើឲ្យមានការលើកលែងទោសនោះ លោកនឹងត្រូវកាត់ដៃស្តាំរបស់លោកចោលជាក់ជាមិនខាន។នេះជាការប្តេជ្ញាចិត្តរបស់លោក ហ៊ុន សែន។ ដូច្នេះហើយ ទើបក្រុមអ្នកវិភាគយល់ឃើញថាគណបក្សសង្គ្រោះជាតិ គួរតែប្រញាប់ប្រញាល់ធ្វើការជ្រើសរើសបេក្ខជនជាមេដឹកនាំបក្សថ្មី ដើម្បីបន្តនិរន្តរភាពគណបក្សជាជាងទុកឲ្យគណបក្សប្រឆាំងមួយនេះរលាយបាត់បង់ដោយអាសារឥតការ៕

ដោយ៖ សួន ចំរើន

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print