ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា ខណ្ឌដូនពេញសហការជាមួយនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនដែលស្ថិតនៅប្លុកបឹងកក់ អតីតរោងចក្រឆ្នាំង ជាលិទ្ធផលឃាត់ខ្លួនមនុស្សប្រុសស្រី១៣នាក់ ក្នុងនោះមានស្រីម្នាក់ រួមនឹងដកហូតវត្ថុតាងគ្រឿងញៀនជិត៥០កញ្ចប់តូចធំ ម៉ូតូ៥គ្រឿង កាតគ្រឺម៉ូតូជាច្រើន និងសម្ភារប្រើប្រាស់សម្រាបជក់គ្រឿងញៀនមួយចំនួនធំផងដែរ ហើយជនសង្ស័យទាំងនោះខ្លះសុទ្ធតែជាមុខសញ្ញាក្រុមចោរប្លន់ ។
ករណីបង្រ្កាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី២៩ ខែកក្កដា ឆ្នាំ២០១៦ ផ្តើមចេញពីការបង្ក្រាបដោយកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ ក្រោយមកបន្តចុះបង្ក្រាប នៅចំណុចអតីតរោងចក្រឆ្នាំង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ការចុះបង្ក្រាបខាងលើនេះដឹកនាំដោយលោក ប៉ាន់ សុភាព នាយការិយល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោក ថោង ពិសិដ្ឋ មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយអាវុធហត្ថក្រុងបានធ្វើការស្រាវជ្រាវនៅ ប្លុកបឹងកក់ ដែលសមត្ថកិច្ចតែងតែចុះបង្រ្កាបស្ទើរតែរាល់ថ្ងៃនៅមិនទាន់អស់នោះ ជាក់ស្តែងនៅវេលាម៉ោងកើតហេតុខាងលើ គឺកម្លាំងអាវុធហត្ថមូលដ្ឋាន ចុះទៅទីតាំងនោះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យទាំងអស់ ពាក់ព័ន្ធករណីគ្រឿងញៀន និងជាមុខសញ្ញាប្លន់ផងដែរ ។ ក្រោយប្រតិបត្តិការសមត្ថកិច្ចចាប់យកវត្ថុតាងមាន ៖ម្សៅក្រាមពណ៌សថ្លា ចំនួនជិត៥០កញ្ចប់តូចធំ; ឧបករណ៍សម្រាប់ជក់មួយចំនួនធំ ;ម៉ូតូចំនួន៥គ្រឿង; កាតគ្រឺម៉ូតូជាច្រើន ។
ក្រោយកើតហេតុជនសង្ស័យទាំង១៣នាក់រួមទាំងវត្ថុតាងត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅឃាត់ខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការកងរាងអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ ស ដារ៉ា