រដ្ឋប្រហារមិនបានសម្រេចនៅក្នុងប្រទេសទួរគីគឺជាឱកាសដើម្បីឲ្យប្រធានាធិបតីប្រទេសនេះ ដកហូតតំណែងមន្ត្រីក្បត់ និងតែងតាំងមេទ័ពថ្មីមានភាពស្មោះត្រង់ និងប្រធានាធិបតីអីដូហ្គាន។ ជិត២សប្តាហ៍ ក្រោយរដ្ឋប្រហារមិនបានសម្រេច តួរគីបានចាប់ផ្តើមរៀបចំកងទ័ពឡើងវិញ ដោយបណ្តេញទាហានរាប់រយនាក់ពីជួរកងទ័ព។
អាមេរិកកំពុងបារម្ភថា ការបោសសំអាតផ្ទៃក្នុងតួរគី អាចផ្តល់ផលអវិជ្ជមានដល់កិច្ចសហការរវាងតួរគីនិងអាមេរិក ក្នុងការកំចាត់ក្រុមជីហាតរដ្ឋអ៊ីស្លាម។ សកម្មជនប្រឆាំងហ្វេទូឡា ហ្គូឡិន បានចោទលោកអ៊ែរ ដូហ្កាន ថាឈ្លក់នឹងអំណាច។
កន្លងមក ក្រុមប្រឹក្សាយោធាជាន់ខ្ពស់តួរគី បានដំឡើងឋានន្តរសក្តិ ដល់វរសេនីយ៍ឯក៩៩រូប ក្នុងជួរសេនាប្រមុខរ ឬឧត្តមនាវី។ សេនាប្រមុខ៤៨នាក់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍។ តួរគីសម្រេចរក្សាតំណែងអគ្គមេបញ្ជាការធំៗ។
ក្រោយរដ្ឋប្រហារមិនបានសម្រេច មន្ត្រីទាហានជិត១៧០០នាក់ គ្រប់ជាន់ថ្នាក់ ត្រូវបានបណ្តេញចេញពីតំណែង។ ថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រី ប៊ីណាល់លី យៀលឌីរីម បានប្រកាសបិទបន្ទាយទាហានមួយចំនួន និងមូលដ្ឋានទ័ពអាកាសនៅជិតក្រុងអង់ការ៉ា។ រដ្ឋាភិបាលតួរគីចោទលោកហ្វេទូឡា ហ្គូឡិន ដែលកំពុងភៀសខ្លួននៅអាមេរិក ថាជាអ្នកនៅពីក្រោយខ្នងរដ្ឋប្រហារ ថ្ងៃ១៥ ខែកក្កដា។
ក្រសួងការបរទេសតួរគីលើកឡើងថា ពេលតួរគីបោសសំអាតចលនាក្រុមហ្គូឡិនចប់សព្វគ្រប់ កងទ័ពនឹងមានភាពរឹងមាំជាងមុន។ ពេលនេះ ប្រធានាធិបតីអ៊ែរដូហ្កាន ចង់ឲ្យកងទ័ព និងភ្នាក់ងារចារកិច្ចជាតិស្ថិតក្រោមការគ្រប់គ្រង របស់ប្រធានាធិបតីផ្ទាល់។ តាមធម្មតា គឺនាយករដ្ឋមន្ត្រីជាអ្នកគ្រប់គ្រងកងទ័ព និងភ្នាក់ងារចារកិច្ច។ សកម្មភាពបោសសំអាតផ្ទៃក្នុងតួរគីបានធ្វើឲ្យអាមេរិកបារម្ភថា អាចប៉ះពាល់កិច្ចសហការរវាងប្រទេសទាំង២ ក្នុងការកំចាត់ក្រុមជីហាត។ មូលហេតុដោយសារតែមន្ត្រីតួរគីមួយចំនួនដែលចរចាកិច្ចការកំចាត់ ក្រុមជីហាតជាមួយអាមេរិកត្រូវបានចាប់ខ្លួន៕
ប្រែសម្រួល៖ ម៉ែវ សាធី