ខេត្តស្វាយរៀង៖ មន្ត្រីជំនាញមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀងចុះបាញ់ថ្នាំសម្លាប់មូសនៅតំបន់ប្រជុំជន តំបន់មានកើតជំងឺគ្រុនឈាម តាមខ្នងផ្ទះប្រជាជន ចំនួន៣ភូមិ មានភូមិតាត្រាវ ភូមិកំពង់ត្រាច និង ភូមិឈើភ្លើងឃុំកំពង់ត្រាច ស្រុករមាសហែក។
យោងតាមមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្តស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៤នេះថាការចុះបាញ់ថ្នាំនេះគឺរយះពេល៤ថ្ងៃចាប់ ពីថ្ងៃទី២១ ដល់២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយក្រុមកាងារប្រយុទ្ធនឹងជំងឺគ្រុនឈាមមន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្តស្វាយរៀង បានធ្វើកិច្ចសហការជាមួយ មន្រ្តីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែក មណ្ឌលសុខភាពកំពង់ត្រាច និងមានកិច្ចសហការជាមួយអាជ្ញាធរស្រុកផងដែរ។
ប្រភពបន្តថា ដោយក្រុមការងារ បានចុះអប់រំសុខភាព ផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម និងជំងឺគ្រុនឈិក ព្រមទាំងបានធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសនៅតំបន់ប្រជុំជន តំបន់មានកើតជំងឺគ្រុនឈាម តាមខ្នងផ្ទះប្រជាជន នៅតាមផ្លូវទីសាធារណ: ផ្សារកំពង់ត្រាច សាលារៀនបឋមសិក្សា វិទ្យាល័យ វត្តអារាម(កំពង់ត្រាច សមណារាម) សាលាមតេយ្យធនធានខេត្ត មូលដ្ឋានកងរាជអាវុធស្រុក ស្ថិតនៅភូមិតាត្រាវ ភូមិកំពង់ត្រាច ភូមិឈើភ្លើង សរុប ៧២០៤ខ្នងផ្ទះ ។
មន្ត្រីជំនាញ ក៏បានធ្វើការអំពាវនាវ សូមបងប្អូនមេត្តាចូលរួមបន្តជួយអប់រំ ផ្សព្វផ្សាយ ណែនាំដល់លុបបំបាត់ជំរកមូសទាំងអស់គ្នាដើម្បីសុខមាលភាពកូនចៅនៅសហគមន៍យើង និងយើងគ្រប់គ្នា៕