លោកប្រធានាធិបតី Joko Widodo បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីបានចាប់ផ្តើមគម្រោងទិដ្ឋាការរយៈពេលវែងកាលពីថ្ងៃព្រហស្បតិ៍ក្នុងគោលបំណងទាក់ទាញវិនិយោគិនបរទេស ជាមួយនឹងចំនួនទឹកប្រាក់រហូតដល់ 10 លានដុល្លារផ្តល់ឱ្យពួកគេនូវទិដ្ឋាការរយៈពេល 10 ឆ្នាំ និងការចូលទៅកាន់ប្រទេសខ្លួនដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍។
ចំពោះ”ទិដ្ឋាការមាស” ដែលមានរយៈពេលប្រាំឆ្នាំតម្រូវឱ្យវិនិយោគិនបុគ្គលបង្កើតក្រុមហ៊ុនដែលមានតម្លៃ 2.5 លានដុល្លារ ខណៈដែលទិដ្ឋាការរយៈពេល 10 ឆ្នាំទាមទារការវិនិយោគ 5 លានដុល្លារ។
បុគ្គលដែលមិនមានបំណងចង់បង្កើតក្រុមហ៊ុនត្រូវតែដាក់ប្រាក់ចំនួន 350,000 ដុល្លារ និង 700,000 ដុល្លារ ដើម្បីទទួលបានការអនុញ្ញាតរយៈពេល 5 ឆ្នាំ និង 10 ឆ្នាំរៀងៗខ្លួន ហើយប្រាក់នេះអាចត្រូវបានប្រើប្រាស់ដើម្បីទិញមូលបត្របំណុលរដ្ឋាភិបាលឥណ្ឌូនេស៊ី ភាគហ៊ុនក្រុមហ៊ុនសាធារណៈ ឬដាក់ប្រាក់បញ្ញើ។វិនិយោគិនសាជីវកម្មតម្រូវឱ្យវិនិយោគ 25 លានដុល្លារ ដើម្បីទទួលបានទិដ្ឋាការរយៈពេល 5 ឆ្នាំសម្រាប់នាយក ។ ពួកគេត្រូវវិនិយោគ 50 លានដុល្លារដើម្បីទទួលបានទិដ្ឋាការរយៈពេល 10 ឆ្នាំ។
ប្រទេសជាច្រើនផ្តល់គម្រោងទិដ្ឋាការវិនិយោគស្រដៀងគ្នា ប៉ុន្តែប្រទេសមួយចំនួនទៀត រួមទាំងកាណាដា អង់គ្លេស និងសិង្ហបុរី បានលុបចោលគម្រោងបែបនេះ ដោយសាររដ្ឋាភិបាលសន្និដ្ឋានថាពួកគេមិនបង្កើតការងារ តាមការរំពឹងទុក។
លោក Silmy Karim ប្រធានទីភ្នាក់ងារអន្តោប្រវេសន៍បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីបានផ្តល់ទិដ្ឋាការមាសដល់បេក្ខជនជិត 300 នាក់ចាប់តាំងពីខ្លួនបានចាប់ផ្តើមសាកល្បងការអនុញ្ញាតកាលពីឆ្នាំមុនដោយទាក់ទាញបាន 123 លានដុល្លារ។
Silmy ក៏បាននិយាយផងដែរថា អាជ្ញាធរកំពុងពិភាក្សាអំពីវិធីផ្តល់ឋានៈពិសេសសម្រាប់ជនបរទេសដែលមានដើមកំណើតឥណ្ឌូនេស៊ី ដែលយកគំរូតាម Overseas Citizenship of India (OCI) ដែលអនុញ្ញាតឱ្យជនបរទេសដែលមានដើមកំណើតឥណ្ឌាអាចមកលេង ធ្វើការ និងរស់នៅក្នុងប្រទេសឥណ្ឌាដោយគ្មានកំណត់។ លោកបន្ថែមថា ការងារនោះអាចនឹងចេញនៅខែតុលា។