ភ្នំពេញ៖ តារាកំប្លែងជើងចាស់នាយ សង់ស៊ីស បានធ្លាក់ខ្លួនឈឺធ្ងន់ជាមួយអាការៈលើសឈាម និងបេះដូងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់មែតកន្លងទៅ។ ហើយនៅពេលនេះស្ថានភាពជំងឺអ្នកកំប្លែងល្បីឈ្មោះរូបនេះបានប្រសើរឡើងវិញខ្លះ ប៉ុន្តែនៅមិនទាន់អាចនិយាយ និងដើរបាននៅឡើយគ្រាដែលគ្រូពេទ្យត្រូវតាមដាននិងថែទាំបន្ត។
បន្ទាប់ពីចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តារាកំប្លែងដែលមានឈ្មោះដើម ម៉ារី សុន ហៅ នាយសង់ស៊ីស ទទួលបានក្តីអាណិតច្រើនពីមហាជន ហើយក៏មានសប្បុរសជនមួយចំនួនបានផ្តល់ការឧបត្ថម្ភទាំងសម្ភារៈនិងថវិកាផងដែរ។ រហូតមកដល់ពេលនេះ នាយសង់ស៊ីស នៅមិនទាន់អាចនិយាយនិងដើរបានច្រើនដូចគ្រាមុនឡើយគឺរាងកាយហាក់មានសភាពស្ពឹកមួយចំហៀងខ្លួនហើយមាត់ទាញវៀចទៅម្ខាង។ យ៉ាងណាលោកគ្រូពេទ្យបានបញ្ជាឲ្យគាត់ខំប្រឹងហាត់និយាយតាមដំណាក់កាលទើបមានប្រសិទ្ឋភាពវិលមកសភាពដើមវិញ។
អ្នកកំប្លែងរូបនេះ អាចនិយាយបានមួយម៉ាត់ៗហើយអាចឈរអង្គុយបានលើកដៃបានខ្លះគ្រាដែលលោកគ្រូពេទ្យបានខិតខំព្យាបាលយ៉ាងយកចិត្តទុកដាក់នោះ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០១៦ លោក ពេជ្រ កែវមុនី អភិបានិងគណៈអភិបាលខណ្ឌមានជ័យបានចុះទៅសួរសុខទុក្ខ និងយកថវិកាមួយចំនួនជូនដល់ក្រុមគ្រួសាររបស់នាយសង់ស៊ីស និងជួបសំណេះសំណាលលើកទឹកចិត្តដល់នាយសង់ស៊ីស ជាអ្នកជំងឺឲ្យមានកម្លាំងចិត្តជាបន្តទៀត។
ទោះជាយ៉ាងណាកញ្ញា សុន ស្រីពេជ្រ ជាតារាចម្រៀង និងជាកូនស្រីបានឲ្យដឹងថា ក្រោយមកសម្រាកនៅផ្ទះវិញស្ថានភាពជំងឺរបស់លោកឪពុកនាងធូរជាងមុន ប៉ុន្តែគាត់នៅមានភាពវង្វេងខ្លះៗពេលខ្លះក៏ស្គាល់កូនខ្លះទៀតក៏អត់ស្គាល់ដែល។ កញ្ញាបន្តថា មួយរយៈនេះគាត់ពិសារបាយមិនបានដោយមានជំងឺពងបែកមាត់ហើយលោកគ្រូពេទ្យបានផ្តាំឲ្យលោកប៉ារបស់នាងទៅតាមដានជំងឺជាប្រចាំ។
នាងបន្តទៀតថា ពេទ្យថាជំងឺលើសឈាមនេះហើយឈានដល់ការទាញមាត់ទាញដៃជើងនេះអាចប្រែមកភាពប្រក្រតីលឿនឬឆាប់អាស្រ័យលើឪពុកនាងគាត់ប្រឹងហាត់និយាយដោយខ្លួនឯងដែរ។ នាងបញ្ជាក់ថា រាល់ថ្ងៃច័ន្ទដល់សុក្រពេទ្យណាត់ឲ្យធ្វើចលនាដៃជើងរៀននិយាយឡើងវិញ។ ទោះបីជាយ៉ាងណាពេលនេះសមាជិកគ្រួសារទាំងអស់គ្នាជាកូនចៅតែងតែនៅក្បែរគាត់ផ្តល់កម្លាំងចិត្តនិយាយលេងពីនេះពីនោះឲ្យគាត់សប្បាយចិត្តធ្វើបែបណាការផ្តល់នូវកម្លាំងចិត្តជូនអ្នកជំងឺក៏ជាផ្លូវលើកទឹកចិត្តនិងថ្នាំជំនួយដ៏ល្អមួយសម្រាប់អ្នកមានជំងឺ។ ជាមួយគ្នានេះនាងតំណាងឲ្យក្រុមគ្រួសារក៏ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានមកសួរសុខទុក្ខព្រួយបារម្ភពីស្ថានភាពជំងឺហើយបានថែមទាំងផ្តល់ថវិកាជំនួយផ្សេងៗសម្រាប់ព្យាបាលជំងឺឪពុកនាង។
លោក ពេជ្រ ចាន់មុនី អភិបាលនិងគណៈអភិបាលខណ្ឌមានជ័យបានថ្លែងគ្រាមកសួរសុខទុក្ខនាយសង់ស៊ីស ដល់គេហដ្ឋានថា លោកមានការរន្ឋត់ចិត្តដែលឃើញនូវអ្នកកំប្លែងជើងចាស់មួយដួងធ្លាប់មានឈ្មោះល្បីល្បាញ ធ្លាក់ខ្លួនឈឺអាក់ខានការសម្តែង។ យ៉ាងណាលោកសូមចូលរួមលើកទឹកចិត្តខិតខំថែរក្សាសុខភាពតាមបញ្ជារបស់លោកគ្រូពេទ្យនោះទើបប្រសើរសុខភាពឡើងវិញ។ ជាការមើលឃើញមួយរយៈនេះអ្នកកំប្លែងជើងចាស់មានស្នាដៃហាក់ជួបប្រទះពីស្ថានភាពជំងឺគួរឲ្យបារម្ភហើយមនុស្សចាស់ងាយនឹងលើសឈាមមានតែការតាមដានសុខភាពទេអាចជួយយើងបាន។ លោកមានអំណោយបន្តិចបន្តួចក្នុងនាមអ្នកស្រឡាញ់សិល្បៈស្រឡាញ់ការសម្តែងរបស់នាយសង់ស៊ី ផ្តល់ជូនដល់គាត់ដើម្បីបានប្រើប្រាស់កិច្ចការចាំបាច់ខ្លះក្នងបន្ទុកគ្រួសារដែលសុទ្ធតែជាអ្នកសិល្បៈស្ទើតែទាំងអស់នេះ៕
ដោយ៖ វឌ្ឍនា