មតិជាច្រើនគាំទ្រចំណាត់ការលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនទទួលយកការស្ថាបនាផ្លូវជាតិលេខ២១B ដែលធ្វើគ្មានគុណភាព

ចែករំលែក៖

ខេត្តកណ្តាល៖ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងទៅលើសកម្មភាពសាងសង់ស្ថាបនាផ្លូវជាតិលេខ២១B ពីក្រុងតាខ្មៅ ទៅកាន់ច្រកទ្វេរភាគីជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ដោយក្រុមហ៊ុនកូរ៉េ និងឲ្យក្រុមហ៊ុនខ្មែរធ្វើបន្ត សង្ស័យគ្មានគុណភាព ឬកេងចំណេញបច្ចេកទេស មិនអនុវត្តទៅតាមស្តង់ដារ ប្រឈមទៅនឹងបញ្ហាស្រុតប្រេះស្រាំសម្រាប់ថ្ងៃអនាគតនោះ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានយកចិត្តទុកដាក់ខ្ពស់ទទួលយកការទិតៀន ព្រមទាំងដឹកនាំក្រុមការងារផ្នែកបច្ចេកទេសវិស្វករចុះទៅពិនិត្យដោយផ្ទាល់ និងទទួលស្គាល់ថា ក្រុមហ៊ុនកូរ៉េ ស្ថាបនា សាងសង់ផ្លូវជាតិលេខ២១B ធ្វើខុសស្តង់ដាបច្ចេកទេស គ្មានគុណភាព ក្នុងនោះ លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនទទួលយកការស្ថាបនាផ្លូវជាតិលេខ២១B ប្រសិនបើមិនអនុវត្តទៅតាមស្តង់ដាបច្ចេកទេស ។

...

លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា បើទោះជាពេលនេះ ក្រុមហ៊ុនបានស្ថាបនាសាងសង់ចំនួន៣០ភាគរយក៏ដោយ ប៉ុន្តែកន្លែងខ្លះមិនត្រូវស្តង់ដាបច្ចេកទេស បន្ទាប់ពីលោកឲ្យក្រុមការងារចុះមកត្រួតពិនិត្យឃើញថា ទីតាំងខ្លះ មិនត្រឹមត្រូវ ដូច្នេះតម្រូវឲ្យក្រុមហ៊ុនធ្វើឲ្យបានត្រូវតាមស្តង់ដា ។ មិនតែប៉ុណ្ណោះ ការធ្វើខ្វះបច្ចេកទេសនេះ លោកក៏នឹងត្រូវធ្វើរបាយការណ៍ទៅរដ្ឋាភិបាលកូរ៉េ ។ ពីព្រោះអ្វីដែលរដ្ឋាភិបាលកូរ៉េប្រគល់ផ្លូវ២១B ស្ថាបនារួចរាល់នោះ គឺស្ថិតក្នុងស្តងដា ចុះបើគេប្រគល់ឲ្យយើងមិនអនុវត្តតាមស្តង់ដា មិនអាចទទួលយកជាដាច់ខាត ។

លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា លោកទទួលស្គាល់ថា ការស្ថាបនានេះមិនទាន់រួចរាល់ ហើយក៏សូមការយោគយល់ពីប្រជាពលរដ្ឋផងដែរ ពីព្រោះកន្លងទៅមានការរិះគន់ថា ផ្លូវនេះ មិនដូចជាផ្លូវជាតិលេខ១ ធំ និងចាក់កៅស៊ូក្រាស់ ការពិតទៅ ផ្លូវជាតិលេខ១ គេធ្វើក្រាលកៅស៊ូ កម្រាស់២០សង្ទីម៉ែត្រ ចំណែកឯផ្លូវជាតិលេខ២១B នេះ ក្នុងកិច្ចសន្យា ស្ថាបនាគឺធ្វើត្រឹមកម្រាស់៧សង្ទីម៉ែត្រប៉ុណ្ណោះ ។ ដូច្នេះខាងក្រោមហ៊ុនត្រូវអនុវត្តតាមស្តង់ដា ៧សង្ទីម៉ែត្រនេះ ជាមួយនឹងគ្រឹះក្រោមតាមស្តងដា បើមិនបំពេញកាតព្វកិច្ចនេះ លោកមិនទទួលយកជាដាច់ខាត ក្នុងនោះ លោកទេសរដ្ឋមន្ត្រី ថែមទាំងឲ្យក្រុមការងាររបស់ក្រសួងត្រូវចុះមកពិនិត្យយកចិត្តទុកដាក់ទទួលខុសត្រូវ ធ្វើយ៉ាងណាឲ្យខាងក្រុមហ៊ុនស្ថាបនា កសាងផ្លូវជាតិលេខ២១B គោរពតាមបទដ្ឋានបច្ចេកទេសស្តង់ដា ។

គួររំលឹកថា ប្រជាពលរដ្ឋ មន្ត្រីរាជការ ជាមួយនឹងខាងជំនាញផងដែរបានរិះគន់យ៉ាងខ្លាំងទៅនឹងការស្ថាបនា សាងសង់ផ្លូវជាតិលេខ២១B ដោយក្រុមហ៊ុនកូរ៉េ ហើយខាងក្រុមហ៊ុន អ៊ុត ធី ស្ថាបនាបន្ត ចាត់ទុកថា ធ្វើមិនយកចិត្តទុកដាក់ អាចកេងចំណេញបច្ចេកទេស ក្រាលគ្រួសដី និងបង្ហាប់គ្រឹះក្រោមមិនត្រូវតាមស្តង់ដា ប្រឈមទៅនឹងស្រុតប្រេះស្រាំ សម្រាប់ថ្ងៃអនាគត ។ ពីព្រោះថា ទីតាំងមួយចំនួន ការក្រាលកៅស៊ូ ហាក់បីដូចជាយកទៅកាលលាប បិទបញ្ជិត មិនមានស្តង់ដាបច្ចេកទេសទាល់តែសោះ ។

ប្រតិកម្មពីលោកទេសរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្មីៗកន្លងទៅនេះ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ដើម្បីឲ្យក្រុមហ៊ុនស្ថាបនា អនុវត្តតាមស្តង់ដា ដូចអ្វីដែលរដ្ឋាភិបាលប្រទេសកូរ៉េ ត្រូវប្រគល់ជូនផ្លូវ១ខ្សែនេះ ក្នុងនោះ លោកទេសរដ្ឋមន្ត្រីចុះទៅដល់ទីតាំងពីនិត្យផ្ទាល់ ទទួលស្គាល់ថា ក្រុមហ៊ុននេះធ្វើខ្វះស្តង់ដា និងត្រូវកែប្រែអនុវត្តឲ្យបានតាមស្តងដា ក៏ដូចជាបញ្ជាឲ្យក្រុមការងាររបស់ក្រសួងមើលការខុសត្រូវក្នុងរឿងនេះ ធ្វើឲ្យមជ្ឈដ្ឋានប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជាថ្នាក់ដឹកនាំខាងលើគាំទ្រចំពោះភាពទទួលខុសត្រូវរបស់លោកទេសរដ្ឋមន្ត្រី ។

បើទោះជាមានការលើកឡើងដោយលោកទេសរដ្ឋមន្ត្រីដូចខាងលើនោះក៏ដោយ តំណាងក្រុមហ៊ុន អ៊ុត ធី លោក ស៊ា សុជីវ័ន បានបញ្ជាក់ឲ្យដឹងថា ការស្ថាបនាផ្លូវពីតាខ្មៅមកត្រឹមវត្តឈូងលៀប ក្នុងស្រុកស្អាង អ៊ុតបេទីមទទឹង២១ម៉ែត្រ មានសួនច្បារកណ្តាល ទើបអ៊ុតបានមួយជាន់ នៅអ៊ុត៥ហ៊ុនទៀត ចាប់ពីវត្តឈូងលៀប រហូតដល់ស្ពានលេខ២៣ ចាស់ ក្នុងស្រុកកោះធំ ធ្វើទទឹង១៨ម៉ែត្រ នៅសល់៨គីឡូម៉ែត្រទៀត ត្រូវធ្វើជំហានទី២ ទើបដល់ព្រំប្រទល់ប្រទេសវៀតណាម ។

តំណាងក្រុមហ៊ុនបន្តថា មកដល់បច្ចុប្បន ដំណើរការសាងសង់បាន៣០ភាគរយ ហើយខែ១០ឆ្នាំក្រោយ ទើបរួចរាល់ជាស្ថាពរ ។ តំណាងក្រុមហ៊ុនមិនបានបញ្ជាក់ថា ត្រូវបំពេញកាតព្វកិច្ចដូចអ្វីដែលលោកទេសរដ្ឋមន្ត្រីអះអាងថា កំពុងខុសស្តង់ដាបច្ចេកទេស ឬត្រូវធ្វើឲ្យស្របតាមស្តង់ដានោះទេ លោកគ្រាន់តែបញ្ជាក់ពីថិរៈវាលានៃការស្ថាបនានោះតែប៉ុណ្ណោះ ។ ដោយឡែកតំណាងក្រុមហ៊ុនកូរ៉េ លោក លី បានប្រាប់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានបញ្ហាខាងលើកើតឡើង ព្រោះតែក្រុមហ៊ុនអ៊ុត ធី មិនបានគោរពទៅតាមបទដ្ឋានបច្ចេកទេស ឬបណ្តាលមកពីទីប្រឹក្សាបច្ចេកទេស (Consultant) ពុំយកចិត្តទុកដាក់លើការងាររបស់ក្រុមហ៊ុន អ៊ុត ធី ។

លោកលី បន្តថា ជង្ហុកនៅលើទ្រូងផ្លូវ មិនមែនជាកន្លែងដែលយានយន្តឆ្លងកាត់ឡើយ ហើយវាក៏មិនទាន់បានបញ្ចប់ការសាងសង់នៅឡើយដែរ ។ ក្នុងអំឡុងពេលនេះការសាងសង់ មានឡានធំជាច្រើនបើកបរ ឆ្លងកាត់លើទ្រូងផ្លូវ និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបណ្តាលឲ្យមានជង្ហុកនៅចន្លោះទ្រូងផ្លូវ និងផ្លូវធ្វើដំណើរ ។ លោក លី បញ្ជាក់ថា ក្រុមការងារទាំងអស់ត្រូវបានពិនិត្យនៅលើការដ្ឋានថា តើមានចំណុចខ្សោយ ឬអន់ មុននឹងបន្តទៅជំហានបន្ទាប់ទៀត ។ ដំណើរការនៃការត្រួតពិនិត្យនេះ ពិតជាមានសារសំខាន់ណាស់ដើម្បីចៀសវាងចន្លោះខ្វះខាតទៅថ្ងៃខាងមុខទៀត ។

បន្ទាប់ពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនទទួលយកការស្ថាបនាផ្លូវជាតិលេខ២១B ឃើញថា ទាំងក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនអ៊ុត ធី កំពុងប្រឈមនឹងការទទួលខុសត្រូវលើស្តង់ដាបច្ចេកទេស ខណៈលោកទេសរដ្ឋមន្ត្រី នឹងត្រូវធ្វើរបាយការណ៍នេះទៅរដ្ឋាភិបាលប្រទេសកូរ៉េថា ក្រុមហ៊ុនស្ថាបនាមិនអនុវត្តតាមស្តង់ដាបច្ចេកទេស ដូច្នេះការផ្ទុះរាល់ភាពមិនប្រក្រតី ឬនិយាយបានថា ខ្វះការទទួលខុសត្រូវនេះ បែរជាលេចចេញខាងក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនអ៊ុត ធី កំពុងឆ្លេឆ្លាឆ្លើយដាក់គ្នា ដើម្បីចៀសផុតពីការទទួលខុសត្រូវ ។

មន្ត្រីនៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ចំណាត់ការរបស់លោកទេសរដ្ឋមន្ត្រីធ្វើគឺធ្វើ មិនមែនបានត្រឹមតែនិយាយនោះឡើយ លោកមានការទទួលខុសត្រូវខ្ពស់ ដូច្នេះ អ្វីដែលក្រុមហ៊ុនកូរ៉េស្ថាបនាផ្លូវលេខ២១B ធ្វើខ្វះស្តង់ដាបច្ចេកទេស ពិតជាលោកទេសរដ្ឋមន្ត្រីមិនទទួលយក ប៉ុន្តែមានបញ្ហាព្រួយបារម្ភផងដែរ ប្រសិនបើខាងក្រុមការងាររបស់ក្រសួងគាត់ជាសេនាធិការឲ្យលោកទេសរដ្ឋមន្ត្រី ហើយធ្វើការងារនេះជាមួយក្រុមហ៊ុនកូរ៉េ ក្លាយទៅជាអំពើឃុបឃិត អាចជាកំហុសឆ្គងដ៏ធ្ងន់សម្រាប់សេចក្តីទុកចិត្តរបស់លោកទេសរដ្ឋមន្ត្រី ។ ទោះជាយ៉ាងណាក៏ដោយ គេរំពឹងថា ទាំងក្រុមការងាររបស់ក្រសួង ទាំងខាងក្រុមហ៊ុនស្ថាបនាចង់ទទួលបានភាពជោគជ័យ គឺអនុវត្តតាមស្តង់ដាបច្ចេកទេស នោះជាការស្រេច ដោយមិនចាំបាច់ស្វែងរកការយោគយល់ អន្តរាគមន៍ ឬបង្កើតឲ្យមានអំពើពុករលួយនោះឡើយ ៕

IMG_0015

IMG_0016

IMG_0017

IMG_0018

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print