ខេត្តស្វាយរៀង៖ សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន៩នាក់ នៅទីតាំងហាងខារ៉ាអូខេ(KTV LONGPHI)ដែលលូចលាក់ជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅតាមបន្ទប់ ឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតនៅក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ច នគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី៩ខែសីហាឆ្នាំ២០២៤ នេះថាដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត នៅចំណុចហាងខារ៉ាអូខេយីហោKTVLONGPHIស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០៩នាក់ស្រី០១នាក់និងជនជាតិចិនតៃវ៉ាន់០១នាក់ ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបាន ដកហូតនិងចាប់យកសម្ភារ:វត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន ថ្នាំញៀនប្រភេទកេតាមីនទម្ងន់១៣កញ្ចប់(ធំ០៥កញ្ចប់) ថ្នាំគ្រាប់ពណ៌លឿងប្រភេទអុិចស្តាសុីចំនួន៣៧គ្រាប់ ថ្នាំគ្រាប់ពណ៌ក្រហមប្រភេទអុិចស្តាសុីចំនួន៨១គ្រាប់ រុក្ខជាតិក្រៀម០១កញ្ចប់ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង អាវុធខ្លី០១ដើម(ម៉ាកK54)បង់០១ គ្រាប់១៩គ្រាប់ ទូរសព្ទ័ដៃ ១៣ គ្រឿង រថយន្ត០២គ្រឿង ម៉ូតូ០១ គ្រឿងលិខិតឆ្លងដែន០៦ក្បាល កុំព្យូទ័រ ០១ គ្រឿងព្រមទាំង ឧបករណ៍សម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់៕