ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២៤នេះ ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចលើកទី៣០ និងលើកទី២០ នៅកម្ពុជា នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានបាល់ទាត់ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមប្រធានបទ “ការការពារសិទ្ធិរស់នៅ និង ប្រាស្រ័យទាក់ទងតាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត”។ ទិវានេះប្រារព្ធក្រោមអធិបតីភាព លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អង្គការមិនមែនរដ្ឋាភិបាល តំណាងកាកបាទក្រហមកម្ពុជា តំណាង សហភាពសហព័ន្ធយុវជនកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន កាយឫទ្ធិកម្ពុជា ប្រជាពលរដ្ឋ និង បងប្អូនជនជាតិដើមភាគតិច សរុបប្រមាណ ៨៥០នាក់។
ការប្រារព្ធទិវានេះឡើង ក្នុងគោលបំណងចូលរួមអភិរក្សប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ និងភាសា របស់បងប្អូនជនជាតិដើមភាគតិចដែលបានធានាដោយច្បាប់ជាតិ និងគោលនយោបាយជាតិនានាពិសេស ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការ លើកកម្ពស់សិទ្ធិ សេដ្ឋកិច្ច សង្គម និងវប្បធម៌ របស់បងប្អូនជនជាតិដើមភាគតិចនៅកម្ពុជា ព្រមទាំងផ្តល់ឱកាស ក្នុងការបញ្ចេញមតិយោបល់ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យតាមរយៈការអភិវឌ្ឍតម្រោងនានា ស្របតាម យុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ក្នុងទិវាអន្តរជាតិលើកទី៣០ និងលើកទី២០ នៅកម្ពុជាក្រោមប្រធានបទ ” ការការពារសិទ្ធិរស់នៅ និងប្រាស្រ័យទាក់ទងតាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនបងប្អូនជនជាតិដើមភាគតិច និងផ្តល់អនុសាសន៍ជូនក្រសួងអភិវឌ្ឍន៍ជនបទដូចខាងក្រោម៖
ទី១. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍ការងារលើកកម្ពស់ការអភិវឌ្ឍនិងអភិរក្ស ជនជាតិដើមភាគតិច ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍ ជនជាតិដើមភាគតិច និងរៀបចំឯកសារគតិយុត្តពាក់ព័ន្ធផ្សេងៗ ជនជាតិដើមភាគតិចកាន់តែមានប្រសិទ្ធភាព។
ទី២. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តពង្រឹងការសម្របសម្រួល និងសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានបន្ថែមពីដៃគូអភិវឌ្ឍន៍នានា អង្គការមិនមែន រដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនវឌ្ឍនភាពបន្ថែមលើការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិ ដើមភាគតិច ជាពិសេសការចុះបញ្ជី និងការទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិច។
ទី៣. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវយកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិច ដោយខិតខំរៀបចំ និងអភិវឌ្ឍន៍ភូមិជនជាតិដើមភាគតិចទៅជាភូមិគំរូ ផ្នែកលើសក្តានុពលវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច ស្របតាម យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ទី៤. ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយអំពីភាពចាំបាច់ និងសារៈសំខាន់នៃការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច ឱ្យបានទូលំទូលាយ ទៅដល់គ្រប់សហគមន៍ជនជាតិដើមភាគតិច និង សាធារណជន។
ទី៥. គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រម ការអភិវឌ្ឍដើរទន្ទឹមនឹងការអភិរក្សក្នុង គោលដៅកសាងសង្គមជាតិមួយដែលមានសមាហរណកម្ម សុខដុមនីយកម្ម មិនមានការរើសអើងក្នុងនាម ជនជាតិខ្មែរតែមួយ។
ក្រសួងអភិវឌ្ឍន៍ជនបទ ប្តេជ្ញាអនុវត្តអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕