ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនជីបម៉ុងម្នាក់រួមនិងមិត្តភក្ដិម្នាក់ទៀតត្រូវក្រុមចោរមួយក្រុមមានគ្នា៥នាក់ប្រដាប់ដោយអាវុធខ្លី ដំថ្ម ដាវ ដេញកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួសបែកក្បាល ហើយបានផ្ដួលម៉ូតូរត់គេចខ្លួនព្រោះខ្លាចគ្រោះថ្នាក់ដល់ជីវិតផងដែរ ។
...
ករណីវាយប្លន់ខាងលើនេះបានកើតឡើងនៅម៉ោង១និង៤០នាទីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ នេះ ស្ថិតក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវក្រោមដី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សួន សុវណ្ណារ័ត្ន អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនជីបម៉ុង ជាម្ចាស់ម៉ូតូ MSX ពណ៌ស មិនចាំស្លាកលេខ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានរៀបរាប់ប្រាប់នរគបាលប៉ុស្តិ៍បឹងសាឡាងឲ្យដឹងថា នៅមុនពេលកើតហេតុពួកគេបានចេញពីក្លឹបកំសាន្តរាត្រីមួយកន្លែងស្ថិតនៅខណ្ឌមានជ័យ ក្នុងគោលបំណងធ្វើដំណើរទៅផ្ទះម្ដុំចោមចៅដោយធ្វើដំណើរមកដល់ស្ពានដែកស្រាប់ក្រុមជនសង្ស័យជិះម៉ូតូ២គ្រឿងដេញតាមពីក្រោយមានគ្នា៥នាក់ (ម៉ូតូ១គ្រឿងម៉ាក Wave និងម៉ូតូ១គ្រឿងទៀតម៉ាក Nex) រហូតមកដល់ផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែបក្ខពួកជនសង្ស័យដែលជិះម៉ូតូម៉ាក Nex ជិះគ្នា២នាក់ ហើយធ្វើសកម្មភាពគប់ត្រូវខ្លួនជាម្ចាស់ម៉ូតូម៉ាក់ MSX ដែលអង្គុយខាងក្រោយបណ្ដាលឲ្យបែកក្បាលហូរឈាមតែម្តង ដោយឃើញសភាពមិនស្រួលជនរងគ្រោះក៏ផ្តួលម៉ូតូរបស់ខ្លួនចោលរួចព្យាយាមរត់គេចខ្លួនពីក្រុមជនសង្ស័យ ភ្លាមៗនោះក្រុមចោរបានលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យប្តឹងនៅនរគបាលប៉ុស្តិ៍បឹងសាឡាងដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យទាំងអស់នោះដាក់ទោសតាមច្បាប់ ៕
ដោយ៖ ស ដារ៉ា
...