កម្លាំងទាហ៊ានចិនបានបាញ់មីស៊ីលរាប់សិបគ្រាប់និងមីស៊ីបុក នៅក្នុងសកម្មភាពធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់សមុទ្រចិនភាគខាងកើត។
នៅក្នុងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រចិនភាគខាងកើត ចិនបានបាញ់មីស៊ីលរាប់សិបគ្រាប់ ។ ហេតុការខាងលើកើតឡើងក្នុងពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងជប៉ុន ក៏ដូចជាប្រទេសដែលមានវិវាទនៅសមុទ្រចិនភាគខាងត្បូង។
ការធ្វើសមយុទ្ធនោះចាប់ផ្តើមនៅថ្ងៃទី០១ ខែសីហា ក្រោយពេលចិនបានច្រានចោលសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលដែលបានសម្រេចកាលពីថ្ងៃទី១២ ខែកក្កដា កន្លងមក។ ក្រោយការសម្រេចនោះចិនខឹងសម្បារយ៉ាងខ្លាំងហើយចាប់ផ្តើមធ្វើសមយុទ្ធទាហ៊ានជើងទឹកដែលជាការគម្រាមកំហែងដល់ប្រទេសក្នុងតំបន់។
នៅថ្ងៃទី០២ ខែសីហា នេះ រដ្ឋមន្ត្រីក្រសួងការពាជាតិចិនបានប្រកាសថា ការធ្វើសមយុទ្ធនេះដើម្បីបង្កើនសម្ថភាពកម្លាំង ក៏ដូចជាបង្កើនការយាមល្បាតនៅក្នុងតំបន់នេះ។ ការធ្វើសមយុទ្ទខាងលើមានការចូលរួមពីនាវាចម្បាំង នាវាមុជទឹកនិងយន្តហោះចម្បាំងជាច្រើនគ្រឿង ដើម្បីការពារផលប្រយោជន៍ចិននៅដែនសមុទ្រ។
ចិនបានព្រមានដល់ប្រទេសក្នុងតំបន់ថា ចិននឹងប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បីបង្កើតតំបន់ការពារគ្រប់គ្រងដែនអាកាស ក្រោយពេលដែលចិនបានប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលស្តីពីវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង។
បើទោះបីយុត្តិធម៌អន្តរជាតិបានបញ្ចេញសំឡេងក៏ដោយក៏នៅក្នុងសៀវភៅរបស់រដ្ឋាភិបាលចិន ដែលបានប្រកាសថា ចិនបានចាត់ទុកការគ្រប់គ្រងរបស់ហ្វុីលីពីននៅសមុទ្រចិនភាគខាងត្បូងគឺគ្មានមូលហេតុ ហើយក៏ជាសកម្មភាពមានចេតនាអាក្រក់។ ចិនបានអះអាងថា នាវានេសាទរបស់ខ្លួនតែងតែត្រូវបានកម្លាំងទាហ៊ានប្រទេសហ្វុីលីពីន ឆាឆៅជាបន្តបន្ទាប់។
រដ្ឋលេខាធិការក្រសួងការបរទេសចិនបានប្រកាសថា ៖ ការដែលចិនបង្កើតតំបន់គ្រប់គ្រងដែនអាកាស ADIZ នៅ សមុទ្រចិនភាគខាងត្បូងឬក៏អត់នោះ គឺយើងត្រូវតែធ្វើឲ្យប្រាកដថា ចិនមានសិទ្ធិក្នុងការធ្វើដែរឬទេ? ហើយយើងត្រូវការ ADIZ នៅទីនោះដែរឬទេ? ទាំងអស់នោះអាស្រ័យទៅលើផលប្រយោជន៍របស់ចិនរងការគំរាមកំហែង។ ចិនសង្ឃឹមថានឹងមានកិច្ចពិភាក្សាទ្វេភាគីជាមួយភាគីហ្វុីលីពីន។
ចិនបានប្រកាសទៀតថា ប្រទេសដទៃទៀតក្នុងតំបន់មិនត្រូវប្រើប្រាស់ឱកាសនេះដើម្បីគំរាមកំហែងចិន ហើយសង្ឃឹមថា ប្រទេសទាំងអស់នោះនឹងសហការជាមួយចិន ដើម្បីរក្សាសន្តិសុខស្ថិរភាពនៅដែនសមុទ្រចិនភាគខាងត្បូងមិនត្រូវប្រែក្លាយទីនោះឲ្យទៅជាទីលានសមរភូមិនោះឡើយ។
ក្នុងពេលជាមួយគ្នានេះសារព័ត៌មានចិនបានផ្សាយថា ចិននឹងធ្វើគ្រប់យ៉ាងដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួននិងផលប្រយោជន៍នៅដែនសមុទ្រចិនភាគខាងត្បូង។
ចំណែកឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានប្រកាសទម្លាក់កំហុសទៅឲ្យអាមេរិកថា ជាអ្នកបង្កឲ្យមានភាពតានតឹងនៅសមុទ្រចិនភាគខាងត្បូងដោយសារតែគោលនយោបាយឆ្ពោះមកកាន់អាស៊ីរបស់អាមេរិក ។ ស្ថានទូតចិននៅអាមេរិកបានប្រកាសថា ការប្តឹងទៅកាន់តុលាការអាជ្ញាកណ្តាលនឹងបើកផ្លូវឲ្យមានការប្រើប្រាស់សេចក្តីសម្រេចរបស់តុលាការដើម្បីដាក់គំនាបទៅលើប្រទេសចិន និងធ្វើឲ្យបាត់បង់គោលបំណងពិភាក្សាទ្វេភាគី។ ចំណុចទាំងនោះនឹងបង្កឲ្យមានការប្រឈមមុខដាក់គ្នារវាងចិននឹងប្រទេសដែលមានវិវាទ។
ពាក់ព័ន្ធនឹងករណីនេះដែរហ្វុីលីពីនបានស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់តុលាការអចិន្ត្រៃយ៍នៃអាជ្ញាកណ្ដាលក្រុងឡាអេ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ចិនគ្មានសិទ្ធិជាប្រវត្តិសាស្ត្រនៅសមុទ្រចិនខាងត្បូង ដូចដែលបានលើកឡើងឡើយ។ នេះគឺជាសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ដ្រីការបរទេសហ្វុីលីពីន លោក Perfecto Yasay កាលពីថ្ងៃអង្គារ។ សម្រាប់លោក Perfecto Yasay សេចក្ដីសម្រេចរបស់តុលាការដូច្នេះ គឺជាជំហ៊ានប្រវត្តិសាស្ត្រដែលរួមចំណែកដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង ។ លោក Perfecto Yasay បានអះអាងពីការតាំងចិត្តនិងសេចក្ដីគោរពយ៉ាងមុតមាំរបស់ហ្វុីលីពីន ក្នុងការអនុវត្តសេចក្ដីសម្រេចនេះ។ បើតាមប្រមុខការទូតដដែលរបស់ហ្វុីលីពីនក៏បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូងបន្តអត់ធ្មត់ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។
ជាការពិតជំហរនេះមិនមែនជារឿងថ្មីសម្រាប់ពិភពលោកឡើុយ ។ ប៉ុន្តែយ៉ាងណាក៏ដោយសហគមន៍អន្តរជាតិបាននាំគ្នាចេញមុខធ្វើអន្តរាគមន៍ដោយស្នើឲ្យចិនក៏ដូចជាហ្វុីលីពីនគោរពតាមសេចក្តីសម្រេចរបស់តុលាការអចិន្ត្រៃយ៍នៃអាជ្ញាកណ្តាលទីក្រុងឡាអេ ។ ការមិនអើពើមិនទទួលស្គាល់ ឬមិនគោរពតាមសេចក្តីសម្រេចនេះត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា ជាការរំលោភលើច្បាប់និងនីតិវិធីអន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ ម៉ែវ សាធី