ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ បានទទួលព័ត៌មានពីការស្លាប់ មនុស្ស៣នាក់ជាបន្តបន្ទាប់ កើតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ និង៣នាក់ទៀតកំពុងទទួល ការព្យាបាលនៅមន្ទីរពេទ្យ ហើយភ្លាមៗនោះមន្ទីរសុខាភិបាលខេត្ត បានចាត់ឱ្យក្រុមឆ្លើយតបបន្ទាន់របស់ មន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ និងមណ្ឌល សុខភាព សហការជាមួយ នគរបាលស្រុក នគរបាលឃុំ អាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ ក្រុមការងារសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ “ក.ប.ប.» និងក្រុមកោសល្យវិច័យនៃស្នងការនគរបាលខេត្ត ចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ ទីកន្លែងកើតហេតុ ដើម្បីស្វែងរកមូលហេតុដែលបណ្តាលឱ្យមានបញ្ហាសុខភាពនិងស្លាប់ខាងលើ។
តាមការ សាកសួរបង្ហាញថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៤ ពួកគាត់បានពិសាស្រាថ្នាំ លុះថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០២៤ មនុស្ស៣នាក់បានស្លាប់ និង៣នាក់ទៀតត្រូវបានជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ។ លទ្ធផល តេស្តនិងវិភាគសំណាកស្រាថ្នាំ ដោយអគ្គនាយកដ្ឋាន ក.ប.ប.” ឃើញថាមានផ្ទុកសារធាតុមេតាណុល កម្រិត១៥% ដែលធ្វើឱ្យពុលស្លាប់ ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី ០.១% ។
ក្រុមឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធបានចុះអប់រំណែនាំប្រជាជននៅតាមភូមិ-ឃុំ ដែលកើតហេតុឲ្យមាន ការប្រុងប្រយ័ត្ន ខ្ពស់ដោយអនុវត្តខ្ជាប់ខ្ជួននូវអនាម័យចំណីអាហារឲ្យបានល្អ និងត្រូវបញ្ឈប់ ជាបន្ទាន់នូវការពិសាស្រាដែលផលិតឬបិតស្រាមិនបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស និងបញ្ឈប់ការ លក់ស្រានិងទីតាំងផលិតចែកចាយស្រាក្នុងតំបន់គោលដៅដែលកើតហេតុខាងលើ។
ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៤ មានការពុលស្រា ស ឬស្រាថ្នាំ សរុបចំនួន៥១៧នាក់ (ស្លាប់៨៩នាក់) អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលសូមក្រើនរំលឹកនិងសូមអំពាវនាវដោយទទួច ដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់និងអ្នកពាក់ព័ន្ធ នៅទូទាំងរាជធានី-ខេត្តទាំងអស់ អនុវត្តវិធានការដូចខាងក្រោម ដើម្បី ការពារការពុលស្រាដែលបិតមិនត្រឹមត្រូវតាមបច្ចេកទេសនិងរក្សាជីវិតរបស់ខ្លួនដោយ៖
-មេតាណុលមិនមែនជាមេស្រាទេ យើងរួមគ្នាបញ្ឈប់ ការប្រើប្រាស់មេតាណុលផលិតស្រា ស និងស្រាថ្នាំ
-មេតាណុលមិនមែនជាមេស្រាទេ កុំប្រើប្រាស់មេតាណុលផលិតស្រា សនិងស្រាថ្នាំ
-ឈប់យកមេតាណុលមកលាយស្រា ឬលាយទឹកធ្វើស្រា ដែលនាំឱ្យបំផ្លាញសុខភាព និងជីវិតមនុស្ស
-រួមគ្នា បញ្ឈប់ការទិញ លក់ ផលិត ឬបរិភោគស្រា ស និងស្រាថ្នាំ ដែលផលិតមានប្រភពមិន ច្បាស់លាស់ និងមិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ
-បញ្ឈប់ជាដាច់ខាត នូវការលក់ដូរស្រា ស ឬស្រាថ្នាំ ដែលផលិត ឬបិត ឬលាយផ្សំ មិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស។ ពិសាស្រា ស ឬស្រាថ្នាំ ដែលមានសារធាតុមេតាណុល បង្កគ្រោះថ្នាក់ខ្លាំងណាស់ និងបណ្តាលឱ្យ ស្លាប់ពេលពិសាស្រានោះ។
អាជ្ញាធរ រាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងទប់ស្កាត់ការលក់ស្រាបិត ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋ ជៀសវាង យកសារធាតុមេតាណុលលាយធ្វើស្រា ស ឬស្រាថ្នាំ ដែលបង្កឱ្យពុលនិងស្លាប់បាត់បង់ជីវិត។
បើមានរោគសញ្ញានៃការពុលស្រារួមមាន ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម សូមប្រញាប់ទៅស្វែងរកការពិនិត្យ និងពិគ្រោះនៅមណ្ឌលសុខភាព ឬទៅមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក ជាបន្ទាន់។
ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហា សុខភាពសាធារណៈ តាមធាឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh៕
ដោយ៖ សុរិយា