ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលចាត់ទុកទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ជាទិវាបុណ្យរំលឹកដល់ គុណូបការៈរបស់មនុស្សវ័យចាស់កម្ពុជា បុព្វការីជន ជីដូនជីតា ឪពុកម្តាយ អ៊ំ ពូ មីង ដែលបានកសាងនិង បន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះនិងជំនាន់ក្រោយៗទៀត។ ដើម្បីរៀបចំទិវាមនុស្សចាស់ កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ឱ្យបានទូលំទូលាយនិងផ្សព្វផ្សាយឱ្យប្រជាជន កម្ពុជាគ្រប់វ័យបានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចតទៅ៖
១- ប្រធានបទនៃទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិលើកទី២៦ ថ្ងៃទី១ ខែតុលាឆ្នាំ២០២៤ ត្រូវបានកំណត់ថា «មនុស្សចាស់ក្នុងបរិវិត្តកម្មឌីជីថល»។
២- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ត្រូវសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិដែលពាក់ព័ន្ធដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ឱ្យបានអធិកអធម។
៣- រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ដោយបង្កលក្ខណៈឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ បព្វជិត លោកយាយ លោកតា ព្រមទាំងប្រជាជនគ្រប់វ័យបានចូលរួមចំណែកតាមគន្លង ប្រក្រតីភាពថ្មី ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃគោលនយោបាយ ជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០។
៤- រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តផ្តល់កិច្ចអន្តរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់ បន្ថែមទៀតនៅតាមសហគមន៍មូលដ្ឋានឱ្យបានទូទាំងព្រះរាជាណាចក្រកម្ពុជា ស្របតាមផែនការ ដែលបានកំណត់ដោយឈរលើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ ជាពិសេសយកចិត្តទុកដាក់ជួយមនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ហើយដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា សូមបន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍសមាគម មនុស្សចាស់ដែលមានស្រាប់។
៥- គ្រប់ក្រសួង ស្ថាប័ន ដែលមានសមាសភាពក្នុងគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ត្រូវរៀបចំ បង្កើតក្រុមការងារទទួលបន្ទុកការងារមនុស្សចាស់ ដើម្បីជំរុញការអនុវត្តគោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់២០១៧-២០៣០។
៦- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ នៅតាមមូលដ្ឋាន វត្តអារាម វិហារសាសនានានា ដោយនាំយកជំនួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លាជួយដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។
៧- ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញសម្រាប់មនុស្សចាស់ តាមរយៈកម្មវិធីលើកកម្ពស់ការយល់ដឹង និង ការកសាងសមត្ថភាពជាពលរដ្ឋឌីជីថលសម្រាប់មនុស្សចាស់និងជនងាយរងគ្រោះដទៃទៀត។
៨- ក្រសួងសុខាភិបាលត្រូវចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ នៅតាមមូលដ្ឋាន វត្តអារាម វិហារសាសនានានា ដើម្បីណែនាំ អំពីវិធានសុខាភិបាលដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។
៩- ក្រសួងអប់រំ យុវជន និងកីឡាត្រូវធ្វើសេចក្តីណែនាំដល់គ្រប់សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ជំរុញចលនា សិស្ស និស្សិត ឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ និងឱ្យយល់ដឹងអំពីការប្រែប្រួលរបស់មនុស្សវ័យចាស់ ព្រមទាំងបង្កើតកម្មវិធី ក្រៅម៉ោងសិក្សាចុះសួរសុខទុក្ខមនុស្សវ័យចាស់ ជាពិសេសជួយបំពេញការងារជាឧត្តមប្រយោជន៍ជូន មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង នៅក្នុងមូលដ្ឋានស្ថិតនៅជិតកន្លែងសិក្សារបស់ខ្លួន។
១០-ក្រសួងធម្មការនិងសាសនាត្រូវធ្វើការណែនាំចលនានៅតាមវត្តអារាម វិហារសាសនាទូទាំងប្រទេស តាមរយៈបព្វជិតសាសនា ដៃគូអភិវឌ្ឍ សប្បុរសជននានា និងមូលនិធិផ្សេងទៀត ដើម្បីឱ្យមាន សកម្មភាពជួយឧបត្ថម្ភគាំទ្រពីប្រជាជនដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការក្រីក្រ គ្មានទីពឹង ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ ដើម្បីឱ្យអ្នកទាំងនោះអាចស្នាក់នៅ សមរម្យ មានអាហារទទួលទាន អាចសម្រាន្តលក់ស្ងប់អារម្មណ៍ តាំងសមាធិ និងសមាទានសីល ព្រមទាំងទទួលបានសេវាថែទាំផ្សេងៗទៀតជាបន្តបន្ទាប់។
១១-ក្រសួងព័ត៌មានត្រូវណែនាំដល់បណ្តាញសារព័ត៌មានរដ្ឋនិងឯកជនទាំងអស់ផ្សព្វផ្សាយឱ្យបាន ទូលំទូលាយនូវខ្លឹមសារសកម្មភាពក្នុងឱកាសទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ឆ្នាំ២០២៤។ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។
១២- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំបជាពាក្យស្លោកនៅតាមអង្គភាពនិងទីសាធារណៈតាមខ្លឹមសារដូចតទៅ៖
– ជយោ! ព្រះរាជាណាចក្រកម្ពុជា
– អបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា
– មនុស្សវ័យចាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារនិងសង្គមជាតិ
– គោរពដឹងគុណចំពោះមនុស្សវ័យចាស់ គឺជាកតញ្ញូតាធម៌ គ្រួសារមានសុភមង្គល សង្គមរីកចម្រើន
– កសាងសង្គមដែលមានការអភិវឌ្ឍសម្រាប់មនុស្សគ្រប់វ័យ
– ចូលរួមគាំទ្រថែទាំសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារ មនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា
– ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា
– មនុស្សចាស់ក្នុងបរិវិត្តកម្មឌីជីថល។
១៣- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវធ្វើការណែនាំអនុវត្តតាមសារាចរនេះនិង បូកសរុបលទ្ធផលការងារជូនរាជរដ្ឋាភិបាល៕