ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋជិត២០០ គ្រួសាររស់នៅតាមបណ្តោយព្រែកតាកៅ ឋិតក្នុងសង្កាត់បាវិតសុំឲ្យអាជ្ញាធរមូលដ្ឋានជួយពិនិត្យមើលព្រែកធម្មជាតិ ព្រែកតាពៅ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការបង្ហូរទឹកស្អុយចេញពីរោងចក្រចេញពីតំបន់ សេដ្ឋកិច្ចពិសេសមេនហាតធេន ។
ករណីបង្ហូរទឹកស្អុយចូលព្រែកធម្មជាតិ ខាងលើនេះ បើតាមការអះអាងពីប្រជាពលរដ្ឋបានប្រាប់ថា ទឹកស្អុយដែលបង្ហូរចូល នោះ គឺចេញពីរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនដែលស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយ រៀង ។
តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រែកធម្មជាតិ ព្រែកតាពៅ បានឲ្យដឹងថា ទឹកស្អុយដែលបង្ហូរពីរោងចក្រក្នុងតំបន់សេដ្ឋកិច្ចមេនហាតធេន ចូលទៅក្នុងព្រែកតាពៅនោះ មានភូមិ ចំនួន២រងផលប៉ះពាល់ដូចជាភូមិថ្នាញ សង្កាត់បាទី និងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ដែលមានប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ ដោយពួកគាត់បានប្រើប្រាស់ទឹកព្រែកតាពៅនោះអស់រយៈពេល៥ឆ្នាំ មកហើយ ។ លោកបានបន្តថា ទឹកព្រែក នេះមានក្លិនស្អុយ ពិបាកដកដង្ហើម គ្មាន ទឹកល្អសម្រាប់ប្រើប្រាស់ ។ មិនត្រឹមតែ ប៉ុណ្ណោះទឹកស្អុយនោះពេលប្រជាពលរដ្ឋយកទៅស្រោចដំណាំបង្កឲ្យបន្លែរលួយដោយសារវាមានសារធាតុគីមីសត្វគោ ក្របី ក៏ផឹកទឹកនោះលែងបានទៀតផង ។
ប្រជាពលរដ្ឋម្នាក់ ឈ្មោះ ប៉ែន ជួង ភេទប្រុស អាយុ៧៤ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត បានឲ្យដឹងថា រូបគាត់និងកូនៗរបស់គាត់ បន្តមុខរបរជាកសិកររហូតដល់សព្វថ្ងៃ តែក្នុងអំឡុងឆ្នាំ២០១២ ចាប់តាំងពីបង្កើតរោងចក្រហើយរោងចក្របានបង្ហូរកាក សំណល់ទឹកស្អុយចូលក្នុងទឹកព្រែកធម្ម ជាតិធ្វើឲ្យខូចទឹកឡើងពណ៌ខ្មៅ មិនអាច ប្រើប្រាស់បាន ។ មានពេល ខ្លះមានត្រីងាប់ និងរកត្រីនៅបឹងធម្មជាតិនេះលែងបាននិងជះក្លិនស្អុយយ៉ាងខ្លាំងពិបាកដកដង្ហើមប៉ះពាល់សុខភាពកូនចៅ ជាងបួនឆ្នាំមក គ្មាន អាជ្ញាធរណាដោះស្រាយទើបពួកគាត់សម្រចចិត្តឲ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយ ។
មន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងបាវិតបានរិះគន់ថា នៅសង្កាត់ ក្រុងបាវិត គ្មានប្រព័ន្ធលូបង្ហូរទឹកស្អុយទេធ្វើឲ្យផ្លូវជាច្រើនក្នុងក្រុងមានទឹកដក់ស្អុយ ស្ទះលិចកាត់មុខផ្ទះជះក្លិនស្អុយគគ្រុកដោយមិនសមជាក្រុងឡើយ ។ ការខ្វះប្រព័ន្ធលូបង្ហូរទឹកស្អុយនោះមួយផ្នែកតែប្រព័ន្ធទឹក ស្អាតក៏ខ្វះដែរ ។
ទាក់ទិននឹងការបង្ហូរទឹកស្អុយចេញពីរោងចក្រ ចូលព្រែកធម្មជាតិធ្វើឲ្យជះក្លិនស្អុយលើប្រជាពលរដ្ឋនេះ លោក សេង សិលា អភិបាលក្រុងបាវិតបានឲ្យដឹងថា បញ្ហានេះប្រជាពលរដ្ឋបានលើកឡើងនៅក្នុងវេទិកាសាធារណៈកាលពី ខែកក្កដា ២០១៦កន្លងមក ហើយលោកបានរាយ ការណ៍ ជូនទៅក្រុមការងារថ្នាក់ជាតិដែលចុះជួយមូលដ្ឋាននៅក្រុងបាវិតសុំរកការ អន្តរាគមន៍ទៅនាយកតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេនឲ្យធ្វើអាងចម្រោះទឹកស្អាត មុនបង្ហូរចូលព្រែកធម្មជាតិ ក៏ប៉ុន្តែរហូត មកដល់ពេលនេះថៅកែក្រុមហ៊ុននៅតំបន់សេដ្ឋកិច្ចពិសេសនេះកំពុងជីកស្រះស្តុកទឹកនិងធ្វើអាងចម្រោះ ។
ជុំវិញប្រតិកម្មរបស់ពលរដ្ឋនេះអ្នកយកព័ត៌មាននគរវត្តមិនអាចរកការបំភ្លឺពីនាយកគ្រប់គ្រងនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនបាននៅឡើយទេ នៅល្ងាចថ្ងៃ ទី៣ ខែសីហា ឆ្នាំ២០១៦ ៕
ដោយ៖ យឹម សុថាន