ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្ដាលទី១ ធ្វើការឃាត់ខ្លួនប្រុសស្រី២នាក់ ក្រោយពួកគេបានលាក់ទុកនូវសារធាតុញៀនដោយខុសច្បាប់ ចំនួន១០កញ្ចប់តូច កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ទឹកសួរច្បារមាត់ទន្លេ ផ្លូវព្រះសីុសុវត្ថិ កែងផ្លូវ១៤៥ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ទី១ឈ្មោះ ពៅ សំអាត ភេទប្រុស អាយុ២៨ឆ្នាំ និងទី២ឈ្មោះអ៊ុក ណាវី ភេទស្រី អាយុ២៩ឆ្នាំ អ្នកទាំង២មានទីលំនៅមិនពិតប្រាកដ ។ វត្ថុតាំងចាប់យកមានៈ ម៉ាទឹកកកចំនួន១០តូច ,ទូរស័ព្ទដៃ២គ្រឿងម៉ាក់ណូគា ,លុយចំនួន១០មឺុនរៀល និងកាបូបស្ពាយ១ ។
ប្រភពដដែរ បានបន្តទៀតថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញសហការជាមួយកម្លាំងមូលដ្ឋាន បានទទួលព័ត៌មានសំងាត់មួយថាមានករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅតាមផ្លូវសាធារណៈ(កន្លែងកើតហេតុខាងលើ) ភ្លាមនោះកម្លាំងបានចុះទៅដល់ទីតាំងក៏ឃើញជនសង្ស័យប្រុសស្រី២នាក់កំពុងតែអង្គុយក្បែរបន្ទប់ទឹក រួចក៏ឃាត់ខ្លួនត្រួតពិនិត្យនិងឆែកឆេរ រកឃើញថ្នាំញៀនចំនួន៩កញ្ចប់នៅដៃខាងស្តាំរបស់ឈ្មោះពៅ សំអាត ចំណែកឯ១កញ្ចប់ទៀតនៅក្នុងកាបូបស្ពាយរបស់ឈ្មោះ អ៊ុក ណាវី ជាក់ស្តែង ។
បច្ចុប្បន្នសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងចាត់ការតាមនីតីវិធីនៃច្បាប់ ៕
ដោយ៖ ស ដារ៉ា