ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យ ៥នាក់ បានជាបន្តបន្ទាប់ដកហូតនៅថ្នាំញៀន ៣កញ្ចប់ កាលពីម៉ោងជិត៥ល្ងាច ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ខាងមុខវត្តគៀនឃ្លាំង ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ ឈ្មោះ ម៉ៅ សាន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករសំណង់, ទី២ ឈ្មោះ ម៉ៅ ធាវី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ជាងឈើ បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល, ទី៣ ឈ្មោះ អ៊ុំ វិន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ អ្នកចំការ, ទី៤ ឈ្មោះ បាត់ កាយ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ អ្នកចំការ បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា និងទី៥ ឈ្មោះ កើ ស៊ូកូក ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ជាងកាត់សក់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ព្រមទាំងបានដកហូតម៉ូតូ ៣គ្រឿង ទី១ ម៉ូតូម៉ាក ហុងដាឌ្រីមសង់ សេ១២៥ សេ៊រី២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1C-1745, ទី២ ម៉ូតូម៉ាក ស៊ុយសូគីស្មាវី សេ១១៥ សេ៊រី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-4735, ទី៣ ម៉ូតូម៉ាក ធូដេ ពណ៌ក្រហម គ្មានស្លាកលេខ ។
សមត្ថកិច្ចនគរខណ្ឌជ្រោយចង្វាបានឲ្យថា នៅល្ងាចថ្ងៃកើតហេតុ កម្លាំងសមត្ថកិច្ចយើងបាននឹងកំពុងដាក់គោលត្រួតពិនិត្យច្បាប់ចរាចរផ្លូវគោក ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ដើម្បីត្រួតពិនិត្យ និងឆែកឆេររកឃើញនៅម្សៅក្រាមពណ៌(ស)ថ្លា ៣កញ្ចប់ ជាប្រភេទ ម៉ាទឹកកក ហើយកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរ ។
តាមការឆ្លើយសារភាពរបស់ពួកគេទាំង ៥នាក់បាននិយាយប្រាប់ថា ថ្នាំដែលពួកគេទិញនោះ គឺទិញនៅម្តុំរោងចក្រឆ្នាំង សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយពួកគេទាំង ៥នាក់នោះ ទិញក្នុងតំលៃ ២៥០០០មឺុនរៀលទៅ ៣៥០០០មឺុនរៀល ដើម្បីយកទៅប្រើប្រាស់ទៅឯស្រុកកំណើតរបស់ពួកគេ ។
បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់ រួមជាមួយនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ