ម្ង៉ែណោះខ្ញុំបាទបានបាត់កុំព្យូទ័រយួរដៃមួយគ្រឿងហើយទៅរកឃើញនៅផ្សារឃ្លាំង រំសេវ។ មិត្តភក្តិខ្ញុំបាទក៏ដូចជាអ្នកដទៃទៀតតែងតែនិយាយស្រដៀងគ្នាថា បើបាត់ របស់ទ្រព្យដូចជាកុំព្យូទ័រ ឬទូរស័ព្ទប្រញាប់ទៅរកតាមតូបនៅផ្សារឃ្លាំងរំសេវ។ មានន័យថា ផ្សារឃ្លាំងរំសេវជាទីតាំងសម្រាប់ទិញរបស់របរចោរកម្ម នៅគ្រាដែលអ្នកផង ទាំងពួង ជាពិសេសអ្នកបាត់របស់ទ្រព្យតែងតែសំដៅទៅរកផ្សារឃ្លាំងរំសេវនោះអាជ្ញាធរមានសមត្ថកិច្ចហាក់ដូចជាធ្វើមិនដឹងមិនឮ ឬមិនមានចំណាត់ការអ្វីទាំងអស់ទៅផ្សារ ដែលចាំទិញរបស់ចោរកម្មទាំងនេះ ។
បញ្ហាចោរលួចចោរប្លន់នៅមានឱកាសធ្វើសកម្មភាពរាល់ថ្ងៃក៏ព្រោះតែមួយចំណែក របស់ពួកគេរស់បានដោយសារការលក់របស់ទ្រព្យនៅទីផ្សារងងឹតនោះដែរ ។ គ្មានអ្វី សម្គាល់ថា ជាកម្មសិទ្ធិរបស់ខ្លួននោះទេគឺអ្នកទិញអាចទិញបានដោយសេរី ។ មាន ន័យថា របស់ដែលចោរលួចបានភ្លាមៗត្រូវបានយកទៅលក់នៅផ្សារឃ្លាំងរំសេវដែលមានការទិញលក់ជាចំហ។ ទ្រព្យសម្បត្តិដែលបានបាត់ម្ចាស់តែងតែរកឃើញនៅផ្សារ ឃ្លាំងរំសេវ ហើយត្រូវចំណាយប្រាក់ទិញរបស់ខ្លួនឯងមកវិញបើចង់បាន ។
ករណីនេះអាជ្ញាធរមានសមត្ថកិច្ចហាក់ដូចជាធ្វើមិនដឹងមិនឮ ឬមើលរំលងចំពោះកង្វល់របស់ប្រជាពលរដ្ឋ ហាក់ដូចជាមិនមានវិធានការ ឬចំណាត់ការយ៉ាងណាចំពោះ អ្នកផ្សារឃ្លាំងរំសេវមួយចំនួនដែលអង្គុយចាំទិញរបស់ចោរក្នុងតម្លៃថោកៗ។ អាជ្ញាធរមានសមត្ថកិច្ចគួរមានវិធានការរឹតបន្តឹងចំពោះទីកន្លែងបញ្ចាំដែលគ្មានច្បាប់ និងអ្នកចាំទិញរបស់ចោរកម្មទាំងឡាយនោះ ។ វិធានការនេះជាការរួមចំណែកកាត់បន្ថយការ លួច ឆក់ ប្លន់នៅក្នុងទីក្រុងបានខ្លះៗដែរ ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់