ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនដែលស្ថិតនៅចំណុចផ្លូវរថភ្លើង អតីតរោងចក្រឆ្នាំង ដែលជាតំបន់ស្មុកស្មាញនោះ ជាលទ្ធផលឃាត់ខ្លួនមនុស្សប្រុសស្រី៨នាក់ក្នុងនោះមានស្រី៣ម្នាក់ រួមនិងដកហូតវត្ថុតាំងគ្រឿងញៀនចំនួន៨៩កញ្ចប់តូច និងសម្ភារប្រើប្រាស់សម្រាប់ជក់គ្រឿងញៀនមួយចំនួនធំ ហើយជនសង្ស័យទាំងនោះខ្លះសុទ្ធតែជាមុខសញ្ញាក្រុមចោរប្លន់ ។
ករណីបង្រ្កាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវរថភ្លើង អតីតរោងចក្រឆ្នាំង ភូមិ១ ក្រុមទី៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រតិបត្តិការចុះបង្ក្រាបនេះ ដឹកនាំដោយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីអាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ គឺកម្លាំងចម្រុះខណ្ឌដូនពេញ សហការជាមួយអាវុធហត្ថក្រុងបានធ្វើការស្រាវជ្រាវនៅ ប្លុកបឹងកក់ដែលស្ថិតនៅតាមផ្លូវរថភ្លើងនេះគឺជាតំបន់ស្មុកស្មាញហើយសំបូរទៅដោយក្រុមសង្គមងងឹតតែងតែងាយស្រួលធ្វើការជួញដូរគ្រឿងញៀនយ៉ាងសកម្ម និងបក្ខពួកក្រុមចោរឆក់ លួច ប្លន់ ពេលពួកវាធ្វើសកម្មភាពបានសម្រេចហើយនោះ តែងតែរត់ចូលមកពួនសំងំនៅក្នុងតំបន់នេះផងដែរ ជាក់ស្តែងនៅវេលាម៉ោងកើតហេតុខាងលើ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងបញ្ជាផ្ទាល់ចុះទៅដល់ទីតាំងនោះដោយបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យទាំងអស់ដែលជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងជាមុខសញ្ញាប្លន់ផងដែរ ។
ក្នុងប្រតិបត្តិការសមត្ថកិច្ចចាប់យកវត្ថុតាងមាន ៖ម្សៅក្រាមពណ៌សថ្លា ប្រភេទម៉ាទឹកកកចំនួន៨៩កញ្ចប់តូច និងឧបករណ៍សម្រាប់ជក់មួយចំនួនធំ ។
ក្រោយកើតហេតុជនសង្ស័យប្រុសស្រីទាំង៨នាក់រួមនិងគ្រឿងញៀនជាច្រើនកញ្ចប់នោះ ត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅឃាត់ខ្លួនបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាងអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ ស ដារ៉ា