ភ្នំពេញ៖ ទោះបីជាសម្ភារកីឡាបាញ់ធ្នូទើបតែទទួលបានការឧបត្ថម្ភពីប្រទេសកូរ៉េយ៉ាងណាក្តីក៏អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានប្តេជ្ញាចិត្ត ជំរុញឲ្យកីឡាបាញ់ធ្នូជនពិការកម្ពុជាអាចបង្ហាញវត្តមាននៅឆ្នាំ២០១៧សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនៅប្រទេស ម៉ាឡេស៊ី ។
លោក យី វាសនា អគ្គលេខាធិការគណៈ កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ទោះបីជាសម្ភារធ្នូដែលទើបតែទទួលបានការឧត្ថម្ភពីប្រទេសកូរ៉េមានតែមួយមិនអាចបំពេញតម្រូវការក្នុងការហ្វឹកហាត់បានគ្រប់គ្រាន់ក៏ដោយ ក៏លោកខិតខំជំរុញឲ្យប្រភេទកីឡាថ្មីមួយនេះអាចបង្ហាញ វត្តមាន និងដកស្រង់បទពិសោធន៍នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅប្រទេសម៉ាឡេស៊ី ឲ្យបាន។
លោកអគ្គលេខាធិការបញ្ជាក់ថា ទោះបីជាកីឡាករជនពិការកម្ពុជាមានបទ ពិសោធន៍ក្មេងខ្ចីលើប្រភេទកីឡាបាញ់ធ្នូនេះក៏ដោយ តែចាំបាច់ត្រូវតែជំរុញលើកទឹកចិត្តគាត់ឲ្យខិតខំហ្វឹកហាត់ដើម្បីចូលរួម ប្រកួតឲ្យបាន។ លោកបន្ថែមថា សម្រាប់ការជ្រើសរើសកីឡាករជនពិការហ្វឹកហាត់ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅប្រទេសម៉ាឡេស៊ីនេះនឹងចាប់ផ្តើមជ្រើសរើសនៅអំឡុងខែ កញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ក្នុងនោះប្រភេទ កីឡាថ្មីចំនួន៣ គឺបាញ់កាំភ្លើងបាញ់ធ្នូ និងបុស្យែ ។
គួរបញ្ជាក់ថា ធ្នូដែលគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាទទួលបានការឧបត្ថម្ភ ពីប្រទេសកូរ៉េនេះមានតម្លៃជាង១២.០០០ដុល្លារអាមេរិក ៕
ដោយ៖ សារីម