ភ្នំពេញ៖ គំនរសំរាមស្អុយគរដូចភ្នំមួយកន្លែងនៅរាយប៉ាយពេញផ្លូវចោលក្លិនឆ្អេះឆ្អាបដកដង្ហើមស្ទើរមិនរួច ហើយមកដល់ពេលនេះទំនងជាអាជ្ញាធរមូលដ្ឋានមើល មិនឃើញទេមើលទៅបានជាមិនចាត់ការឲ្យក្រុមហ៊ុនស៊ិនទ្រីមកប្រមូលយកទៅបោះចោល។
គំនរសំរាមមួយកន្លែងនេះស្ថិតនៅខាងក្រោយជាប់របងវិទ្យាល័យជាសីុមសន្ធរម៉ុក តាមបណ្តោយផ្លូវលេខ១៣៨ ក្នុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោកធ្វើឲ្យ ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សរៀននៅវិទ្យាល័យនេះនាំគ្នារិះគន់ដល់ក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រីថាមិនបានគិតពីផលប៉ះពាល់បរិស្ថាននិងសុខភាពពួកគេដោយមិនកើបយកទៅបោះចោល ហើយទុកនៅឲ្យមានក្លិនឆ្អេះឆ្អាបយ៉ាងដូច្នេះ ។
ប្រជាពលរដ្ឋជាអ្នកដំណើរឆ្លងកាត់តាមផ្លូវនេះបានរិះគន់ដល់ក្រុមហ៊ុនប្រមូលសំរាមថា បើរឿងប្រមូលលុយវិញគឺលឿនតែបើ ប្រមូលសំរាមមានការយឺតយ៉ាវដូច្នេះគួរតែកែលម្អឡើងវិញពីបញ្ហាសេវាកម្មនេះ ។
ប្រជាពលរដ្ឋរស់នៅក្បែរគំនរសំរាម រូបនោះបាននិយាយថា ក្រុមហ៊ុនស៊ិនទ្រី មិនមកប្រមូលឲ្យទៀងពេលវេលាសោះទុកឲ្យសំរាមទាំងនេះគរចោលតាំងពីព្រឹករហូតទល់យប់ជ្រៅ ទើបធ្វើឲ្យសំរាមកើនឡើងកាន់តែច្រើនឡើងៗនិងធ្វើឲ្យនៅរាយប៉ាយពេញផ្លូវ។ ចំណែកប្រព័ន្ឋលូវិញហៀរទឹកស្អុយពេញផ្លូវជះក្លិនស្ទើរតែដកដង្ហើុមមិនកើតនៅពេលដែលធ្វើដំណើរឆ្លងកាត់ម្តងៗ ចំពោះអាជ្ញាធរខណ្ឌទួលគោកវិញមិនអើពើជួយជំរុញឲ្យក្រុមហ៊ុនស៊ិនទ្រីរួសរាន់ទៅប្រមូលដែរ គឺសុខចិត្តជិះម៉ូតូឆ្លងកាត់យកដៃខ្ទប់ច្រមុះទៅហួសមកហួស ។
ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរ ខណ្ឌទួលគោកនិងមន្ត្រីពាក់ព័ន្ឋទាំងអស់សូមចាត់វិធានឡើងវិញចំពោះសំរាមនិងប្រព័ន្ធលូទឹកស្អុយ
ដែលហៀរហូរចេញក្រៅនេះ និងជួយចាត់ការទៅលើអាជីវករដែលលក់ដូរមេត្តាគ្រប់គ្រងសំរាមឲ្យមាន របៀបនិងសណ្តាប់ធ្នាប់ល្អ ផងបើពុំដូច្នេះទេនឹងក្លាយជាកន្លែងចាក់សំរាមយ៉ាង ពេញទំហឹងហើយ បើទោះបីជាដាក់បដា និងបាញ់ថ្នាំលើរបងសាលាថា(ហាមចាក់សំរាមនៅទីនេះ ) ក៏ដោយក៏ពួកគេមិន ចាប់អារម្មណ៍ដែរ៕
ដោយ៖ ជ្រោយពេជ្រ