កូរ៉េខាងត្បូងត្រូវបានបង្ខំឱ្យបិទផ្លូវនៅអាកាសយានដ្ឋានសំខាន់ចំនួនពីររបស់ទីក្រុងសេអ៊ូលជាច្រើនដងចាប់តាំងពីខែមិថុនា ដោយសារតែការរំខានពីប៉េងប៉ោងសំរាមដែលហោះចេញពីកូរ៉េខាងជើង។
ចាប់តាំងពីថ្ងៃទី 1 ខែមិថុនា ផ្លូវរត់ទាំងអស់ឬមួយចំនួននៅអាកាសយានដ្ឋាន Incheon និង Gimpo ត្រូវបានបិទសម្រាប់ការចុះចតឬហោះឡើង នៅពេលដែលប៉េងប៉ោងត្រូវបានរកឃើញនៅក្បែរនោះ នេះបើយោងតាមសមាជិកសភាគណបក្សប្រជាធិបតេយ្យ។
ប្រទេសកូរ៉េខាងជើងបានបញ្ចេញប៉េងប៉ោងជាង 5,500 ជាមួយនឹងថង់សំរាមដែលភ្ជាប់មកជាមួយចាប់តាំងពីចុងខែឧសភា ដែលត្រូវបានចោទប្រកាន់ថា ជាការឆ្លើយតបទៅនឹងប៉េងប៉ោងដែលដឹកខិត្តប័ណ្ណឃោសនាដែលចេញផ្សាយដោយសកម្មជនកូរ៉េខាងត្បូងទូទាំងប្រទេស។
ប៉េងប៉ោងទាំងនេះត្រូវបានដឹកតាមខ្យល់ ហើយខ្លះបានធ្លាក់នៅលើទឹកដីកូរ៉េខាងត្បូង រួមទាំងនៅជិតការិយាល័យប្រធានាធិបតី និងនៅលើផ្លូវរត់ព្រលានយន្តហោះ។
កាលពីថ្ងៃទី 26 ខែមិថុនា ផ្លូវរត់របស់អាកាសយានដ្ឋាន Incheon ត្រូវបានបិទក្នុងរយៈពេលសរុប 166 នាទី នេះបើយោងតាមទិន្នន័យផ្លូវការរបស់ឧស្សាហកម្មអាកាសចរណ៍ដែលចេញផ្សាយដោយការិយាល័យរបស់លោក Yang ។ នៅថ្ងៃទី 23 ខែកញ្ញា ការហោះហើរ និងការចុះចតត្រូវបានផ្អាកនៅ Incheon ដែលជាអាកាសយានដ្ឋានអន្តរជាតិដ៏មមាញឹកបំផុតទី 5 របស់ពិភពលោក និងជាមជ្ឈមណ្ឌលដឹកទំនិញសំខាន់ ក៏ត្រូវបានបិទរយៈពេលសរុប 90 នាទី៕ ដោយធីរីណា
រូបថត: Reuters