ភ្នំពេញ៖ ឡើងកាន់តំណែង មិនទាន់បានក្តៅគូទផង រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានរងនូវការរិះគន់ កាន់តែធ្ងន់ធ្ងរទៅៗ ទាក់ទងភាពមិនប្រក្រតី នៃការដឹកនាំ និងការផ្លាស់ប្តូរមុខតំណែង មន្ត្រីក្រោមឱវាទ។ មន្ត្រីរាជការមួយក្រុមនៃក្រសួងកសិកម្ម បានលួចខ្សឹបប្រាប់ព័ត៌មាន ជាបន្តបន្ទាប់ អំពីចំណាត់ការបែបមិនប្រក្រតី របស់លោករដ្ឋមន្ត្រី សំខាន់ការផ្លាស់ប្តូរមុខតំណែង និងតម្លើងតួនាទី មន្ត្រីរាជការក្នុងក្រសួងមួយនេះ ដែលបង្ហាញ នូវភាពមិនធម្មតា និងពុករលួយយ៉ាងពេញទំហឹង ហាក់ដូចជា មិនគិតពីតម្លាភាពយុត្តិធម៍អ្វីទាំងអស់ ។
ក្រុមមន្ត្រីរាជការ អះអាងថា ខណៈនេះ លោករដ្ឋមន្ត្រី វេង សាខុន តាមរយះក្រុមមន្ត្រី ស្និទ្ធរបស់លោក បានបង្ហើរព័ត៌មាន ជាបន្តបន្ទាប់ អំពីគម្រោងផ្លាស់ប្តូរមន្ត្រីមួយចំនួនចាប់ពី អនុប្រធាននាយកដ្ឋាន ដល់អគ្គនាយក ហើយព័ត៌មាន ដែលគេទទួលបាន គឺបំភ័យអំពី ការដកតួនាទី អ្នកនោះឬអ្នកនោះ ហើយបង្ហើបអំពីទឹកលុយដែលត្រូវ « តូ » រក្សាតំណែង ។ តាមការឲ្យដឹង ពីក្រុមមន្ត្រីទាំងនោះ គឺថ្នាក់អគ្គនាយករង និងអគ្គនាយក គឺមិនខ្វះពី រាប់ម៉ឺនដុល្លារ នោះទេ ទើបអាចរក្សាតំណែងបាន ឬក៏អាចទិញកៅអី ឋានៈនោះបាន ។
ក្រុមមន្ត្រីទាំងនោះ បានឲ្យដឹងទៀតថា គម្រោងផ្លាស់ប្តូរមន្ត្រី ឋានៈចាប់ពី អនុប្រធាននាយកដ្ឋាន ដល់អគ្គនាយក នោះគឺគេមិនបានគិត អំពីសមត្ថភាព អតីតភាព ឬការងារសកម្ម ឬមិនសកម្មនោះទេ និយាយរួមឲ្យតែ « តូ » ត្រូវគឺ OK តែបើ « តូ » ខុសគឺ « NO » និងមិនយល់ មុខថែមទៀត ។ តាមប្រភពក្រៅផ្លូវការមួយ បានឲ្យដឹងថា ការផ្លាស់ប្តូរ និងតម្លើងតួនាទី ក្នុងក្រសួងកសិកម្ម ខណនេះ បានបង្ហាញឲ្យឃើញ នូវភាពមិនប្រក្រតីមួយទៀត គឺការតម្លើងតួនាទីឬ ឋានៈបែបមហាលោតផ្លោះ ឬ អាចនិយាយថា មន្ត្រីម្នាក់ បច្ចុប្បន្នមានឋានៈអនុប្រធានការិយាល័យ ប៉ុន្តែពេលតម្លើងឋានៈថ្មី គឺមានឋានៈជា ប្រធាននាយកដ្ឋានតែម្តង។
ជាក់ស្តែងកូនរបស់ លោករដ្ឋមន្ត្រីម្នាក់ ដែលបច្ចុប្បន្ន បំរើការងារក្នុង ខុទ្ទកាល័យរដ្ឋមន្ត្រី មានឋានៈស្មើអនុប្រធាននាយកដ្ឋាន ប៉ុន្តែឥឡូវនេះ ល្បីថា នឹងតម្លើងឋានៈ ទៅធ្វើជាប្រធាននាយកដ្ឋាន នាយកដ្ឋានផែនការស្ថិតិ ក្នុងពេលដែល ប្រធាននាយកដ្ឋានសព្វថ្ងៃ ត្រូវបានមន្ត្រី ក្នុងក្រសួងវាយតម្លៃថា ជាមនុស្សសកម្ម និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញការងារជំនាញ ។ ក្រុមមន្ត្រី បានឲ្យដឹងទៀតថា កូនលោករដ្ឋមន្ត្រីម្នាក់នេះ កំពុងតែដើរតួនាទី ជារដ្ឋមន្ត្រី ព្រោះរាល់ការងារទាំងអស់ ដែលទាក់ទងរដ្ឋមន្ត្រី ត្រូវតែឆ្លងគាត់ជាមុនសិន ហើយបើគាត់ថា ខុសមិនត្រឹមត្រូវ ឬសម្រេចយ៉ាងណានោះ គឺសម្រេចត្រឹមគាត់ ។
ដូច្នេះមានន័យថា មន្ត្រីម្នាក់នេះ បានចេញមុខធ្វើការ ជំនួសរដ្ឋមន្ត្រីតែម្តង ដែលរបៀបរបបធ្វើការងារ បែបនេះ ធ្វើឲ្យមន្ត្រីថ្នាក់ក្រោម វិលមុខ និងប៉ះពាល់ដល់ ការងារប្រចាំថ្ងៃថែមទៀត ។ បន្ថែមពីលើនេះ ក្រុមមន្ត្រីទាំងនោះ អះអាងថា ខណៈនេះ មន្ត្រីក្នុងក្រសួងកសិកម្ម កំពុងតែជ្រួលច្របល់ ខ្សឹបខ្សៀវគ្នា រឿងផ្លាស់ប្តូរមន្ត្រី ហើយម្នាក់ៗ លែងចង់បំពេញការងារហើយ ព្រោះតែមិនដឹងថា ថ្ងៃណាគេនឹងដកចេញ ឬផ្លាស់ទៅកាន់កន្លែងផ្សេង ។
ក្រុមមន្ត្រីក្រសួងកសិកម្ម ទទូចស្នើសុំដល់ សម្តេចនាយករដ្ឋមន្ត្រី មេត្តាពិចារណា និងស្រាវជ្រាវអ្វី ដែលជាព័ត៌មាន ខាងលើនេះផង ព្រោះថា ការងាររបស់ រដ្ឋមន្ត្រីក្រសួង កសិកម្មថ្មីនេះ មិនឆ្លុះបញ្ចាំង អំពីនយោបាយ កំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល និងមិនធ្វើឲ្យវិស័យកសិកម្ម រីកចម្រើនបោះជំហាន ទៅមុខនោះទេ ។ ក្រុមមន្ត្រីរាជការទាំងនោះ ទាមទារឲ្យលោក វេង សាខុន អនុវត្តន៍ការងារ កំណែទម្រង់ឲ្យបានច្បាស់លាស់ និងស៊ីជម្រៅ តាមរយះបង្កើន ប្រសិទ្ធភាពការងារ មិនមែនមកប្តូរតំណែង មន្ត្រីរាជការឆៅៗ ហើយមកបង្ហើប រឿងលុយក្រោមតុ ដើម្បីរក្សាតំណែងនោះឡើយ។ អ្វីដែលហួសចិត្តបង្ហាញគ្មានតម្លាភាព ឬដឹងថាអាចមានប្រតិកម្មពីមន្ត្រី ការតែងតាំងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ បែរជាលោករដ្ឋមន្ត្រីដាក់និរាករណ៍វិញនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ រំលងបានតែបីថ្ងៃ ចំណុចនេះហើយដែលលោករដ្ឋមន្ត្រីទទួលស្គាល់ថា ពុករលួយឬមួយយ៉ាងណា? ចុងក្រោយលោករដ្ឋមន្ត្រីវេង សាខុនគេងសុបិន្តចោទប្រកាន់ទៅលើលោករដ្ឋលេខាម្នាក់ដែលមិនដឹងអីទៅវិញ ៕