ខេត្តសៀមរាប៖ មន្ត្រីកាំកុងត្រូល បន្ទាប់ពីបានការរកឃើញសារធាតុគីមី នៅក្នុងសសៃគុយទាវ ដែលបានដាក់លក់ដូរនៅលើទីផ្សារក្រុងសៀមរាប និងឈានទៅព្រមាន បិទទីតាំងផលិតសសៃគុយទាវមួយកន្លែងនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីចុងខែកក្កដាកន្លងទៅ រហូតដល់ថ្ងៃទី៧ខែសីហា ឆ្នាំ២០១៦នេះបានរកឃើញណែមត្រីមានសារធាតុបូរ៉ាក់ ទម្ងន់៤១គីឡូក្រាម កំពុងដាក់លក់ នៅទីប្រជុំជនស្រុកក្រឡាញ់ រួមមាននៅក្នុងផ្សារក្រឡាញ់ ផ្សារកំពង់ថ្កូវ និងនៅចំណុចរង្វង់មូល ផ្លូវជាតិលេខ៦ ដែលគេដាក់តាំងលក់ឲ្យអ្នកធ្វើដំណើរឆ្លងកាត់ទីនោះ។
តាមការសាកសួរពីអ្នកលក់ណែមទាំងអស់បាននិយាយដូចៗគ្នាថា មានអ្នកបោះដុំយកមកលក់ដល់ទីកន្លែងតែម្តងហើយប្រភពនៃការផលិតណែមសាច់ត្រីទាំងនេះគឺយកមកពីខេត្តបាត់ដំបង។
មន្រ្តីជំនាញមកពីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដែលបានចូលរួមសហការក្នុងប្រតិបត្តិការនេះបានកត់សម្គាល់ថា ចំណុចអវិជ្ជមានដែលចេញពីការលក់ណែមសាច់ត្រី ដែលលាយសារធាតុបូរ៉ាក់នេះ វាមិនត្រឹមតែបានផ្តល់គ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះប៉ុណ្ណោះទេ ហើយអ្នកដំណើរមកពីបណ្តាស្រុកខេត្តផ្សេងទៀតក៏អាចមានបញ្ហានេះដែរ បើសិនជាពួកគេបានទិញណែមនេះ យកទៅបរិភោគនោះ។
លោក ង៉ែត ចេក ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី៧ សីហានេះថា បន្ទាប់ពីបានបូកសរុបលទ្ធផលនៃប្រតិបត្តិការរួចមកយើងបានដកហូតណែមចំនួន៤១គីឡូក្រាម ដែលមានសារជាតិបូរ៉ាក់ ដុតកម្ទេចចោល ហើយមន្រ្តីជំនាញក៏បានណែនាំ ដល់អាជីវករទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ គឺត្រូវលក់ដូរ និងចែកចាយទំនិញត្រូវស្គាល់ត្រូវដឹងពីផលិតផលម្ហូបអាហារណាដែលមានគុណភាពល្អគ្មានជាតិគីមី មិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ចំពោះជនណាដែលបំពានច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន ករណីមិនរាងចាល ក្រោយពីមានការអប់រំ បន្ទាប់ពីបានរកឃើញលើកទី២ នៅកន្លែងដដែលនោះនិងត្រូវបញ្ជូនសំណុំរឿងទៅតុលាការ។
ប្រជាពលរដ្នបានផ្ដល់មតិជុំវិញបញ្ហាចំណីអាហារដែលមាននៅក្នុងស្រុកមានសារជាតិគីមី មិនគ្រប់គ្រាន់ទេសុំឲ្យសមត្ថកិច្ចកាំកុងត្រូល គ្រប់ច្រកនាំចូលនៅព្រំដែន ល្មមដល់ពេលពិនិត្យគុណភាពចំណីអាហារដែលនាំចូលពាស់ពេញដោយសារជាតិគីមីនោះផង កុំបានតែបង្រ្កាបប្រជាពលរដ្នក្នុងស្រុកតែម្យ៉ាង ព្រោះពលរដ្នគ្រាន់តែជាអ្នករងគ្រោះប៉ុណ្ណោះ ៕
ដោយ៖ ប៊ុន រិទ្ធី