ភ្នំពេញ៖ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងប្រធានក្រុមមិត្តភាពសភាកម្ពុជា-ថៃ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦។
គណៈប្រតិភូបានចាកចេញពីប្រទេសកម្ពុជានាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នេះ តាមយន្តហោះ ។ នៅក្នុងដំណើរបំពេញទស្សនកិច្ចដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជានិងថៃ នាពេលនេះ គណៈប្រតិភូគ្រោងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឥស្សរជនថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៃព្រះរាជាណាចក្រថៃ ក្នុងនោះគ្រោងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ឧបនាយករដ្ឋមន្ត្រី ប្រទេសថៃ លោករដ្ឋមន្ត្រីក្រសួងបរទេសថៃ និងជួបពិភាក្សាការងារជាមួយ លោកប្រធានក្រុមមិត្តភាពសភាថៃ-កម្ពុជា លោកប្រធានគណៈកម្មការនីតិកម្ម នៃរដ្ឋសភា ប្រទេសថៃជាដើម។
ទន្ទឹមនឹងនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដែលដឹកនាំដោយ លោក ឈាង វុន ក៏គ្រោងទៅជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃផងដែរ។
ជាការកត់សម្គាល់នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសកម្ពុជានិងថៃនោះ ក៏ជាឱកាសមួយដែលគណៈប្រតិភូរដ្ឋសភាកម្ពុជាស្វែងរកកិច្ចសហប្រតិបត្តិការពីរដ្ឋសភានៃព្រះរាជាណាចក្រថៃ ក្នុងការជួយគំាពារដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ នេះដែរ។ ក្នុងការគិតគូរជាខ្លាំងចំពោះពលករខ្មែរ លោក ឈាង វុន នឹងលើកយកបញ្ហាពលករខ្មែរនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយភាគីថៃ៕
ដោយ៖ នាយកដ្ឋានព័ត៌មាន