ភ្នំពេញ៖ មិនមែនទើបតែអនុវត្តនោះទេ យុទ្ធនាការចាប់រថយន្តធន់ធ្ងន់បើកបរល្មើសបំរាមរបស់សាលារាជធានីភ្នំពេញដែលបើកឆ្លងកាត់ការដ្ឋានស្ថាបនាកំណាត់ផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ គឺគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើជាបន្តបន្ទាប់ មានម្ចាស់រថយន្តធន់ធ្ងន់មួយចំនួនបានអនុវត្តតាមដោយបង្វែរទិសសម្រាប់ធ្វើចរាចរ និងម្ចាស់រថយន្តមួយចំនួនទៀតឆ្លៀតឱកាសបើកឆ្លងកាត់តំបន់ហាមឃាត់ បង្កការកកស្ទះចរាចរ រំខានដល់ការដ្ឋានស្ថាបនាផ្លូវជាតិលេខ១ ។
ផ្តើមចេញពីសកម្មភាពបើកបរល្មើសបំរាមរបស់សាលារាជធានីភ្នំពេញ និងមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរខណ្ឌនេះហើយ ទើបគណៈបញ្ជាការឯកភាពខណ្ឌបានបើកយុទ្ធនាការរៀងរាល់ថ្ងៃចុះចាប់រថយន្តធន់ធ្ងន់ដែលបើកបរឆ្លងកាត់ការដ្ឋានផ្លូវ ជាតិលេខ១ក្នុងម៉ោងហាមឃាត់ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ រថយន្តធន់ធ្ងន់ជាង២០គ្រឿងត្រូវចាប់បញ្ជូនមកសាលាខណ្ឌដើម្បីអោយម្ចាស់ធ្វើកិច្ចសន្យា និងផាកពិន័យ ។
លោក រស់ សុភ័ក្រ អភិបាលរងខណ្ឌដែលដឹកនាំកម្លាំងចុះចាប់រថយន្តធន់ធំបានឲ្យដឹងថា កន្លងមកគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុនរថយន្តដឹកទំនិញធន់ធំនិងអ្នកបើកបររថយន្តធំៗហាមមិនឲ្យបើកបរឆ្លងកាត់ការដ្ឋានផ្លូវជាតិលេខ១ ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១១ថ្ងៃត្រង់, ពេលរសៀលចាប់ពីម៉ោង១ រហូតដល់ម៉ោង ៥និង៣០នាទីល្ងាច ។ ជាការកត់មួយរយៈកន្លងទៅមានម្ចាស់រថយន្តធន់ធ្ងន់មួយចំនួនបានបង្វែរទិសធ្វើចរាចរ ហើយមានម្ចាស់រថយន្តមួយចំនួនទៀតមិនអនុវត្តតាម និងធ្វើឲ្យប្រជាពលរដ្ឋរិះគន់ចំៗមកលើអាជ្ញាធរដោយសាររថយន្តធន់ធំទាំងនោះបង្កការកកស្ទះចរាចរ រំខានដល់ក្រុមការងារស្ថាបនាផ្លូវជាតិ ។ អ្វីដែលសំខាន់យុទ្ធនាការចុះចាប់រថយន្តធន់ធ្ងន់នេះគឺអនុវត្តសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញអោយមានប្រសិទ្ធភាព ។
លោកអភិបាលរងបន្តថា គណៈបញ្ជាការឯកភាពមិនចង់រំខានដល់ការធ្វើអាជីវកម្មដឹកជញ្ជូនទំនិញនោះទេ តែបើមិនធ្វើទេ ម្ចាស់រថយន្តដឹកទំនិញទាំងនោះនៅតែល្មើសបំរាមដដែល ដូច្នេះហើយត្រូវតែមានវិធានការតឹងរ៉ឹង ពិតណាស់ថា យុទ្ធនាការនេះជួបនូវបញ្ហាប្រឈមខ្លះៗ ដោយសារថយន្តដឹកទំនិញធំៗ រថយន្តដឹកដី-ដឹកខ្សាច់ ភាគច្រើនថៅកែជាអ្នកមានលុយ មានឥទ្ធិពល មានអំណាច ក៏ត្រូវតែធ្វើដែរព្រោះនេះជាគោលការណែនាំរបស់សាលារាជធានីភ្នំពេញ ក្នុងគោលបំណងពង្រឹងការងារសណ្តាប់ធ្នាប់ចរាចរនៅចន្លោះការដ្ឋានស្ថាបនាផ្លូវជាតិលេខ១ ។
ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌស្នើសុំឲ្យម្ចាស់រថយន្តធន់ធំគ្រប់ប្រភេទចូលរួមអនុវត្តតាមការណែនាំរបស់សាលារាជធានីភ្នំពេញនិងសាលាខណ្ឌច្បារអំពៅ និងសូមចូលរួមលប់បំបាត់វប្បធម៍អន្តរាគមន៍ បើនៅតែរបៀបនេះសមត្ថកិច្ចថ្នាក់ក្រោមពិបាកធ្វើការណាស់និយាយឲ្យខ្លីបាក់ទឹកចិត្តពេលចុះបំពេញការងារ ៕
ដោយ៖ សណ្តោស