ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យដែលជាក្រុមប្លន់អាជីវករលក់មាសផ្សារព្រៃខ្មែ សុ្រករលាប្អៀរ និងប្លន់ផ្ទះវេលុយវីង នៅស្រុកសាមគ្គីមានជ័យ ត្រូវបានឃាត់ខ្លួននៅខេត្តកណ្តាល និងបានបញ្ជូនដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នេះ ។
លោក ប៉ុល វុទ្ធី ស្នងការងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឲ្យដឹងថា ជនសង្ស័យទាំង៦នាក់នេះទី១-ឈ្មោះ ធឹម ធា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី២-ឈ្មោះ ជា ពេជ្រ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅស្រុករមាសហែក ខេត្តស្វាយរៀង ទី៣-ឈ្មោះ ផ្លុង ឡេន ហៅជារដ្ឋា ឬជាលេខ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅស្រុកកំចាយមា ខេត្តព្រៃវែង ទី៤-ឈ្មោះ ព្រំ សាវ៉ាត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅស្រុករមាសហែក ខេត្តស្វាយរៀង ទី៥-ឈ្មោះ ប៊ិត តឿ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅស្រុកមេសាង ខេត្តព្រៃវែង និងទី៦-ឈ្មោះ ទុយ ពៅ ហៅទិត រស់នៅស្រុកសំរោង ខេត្តឧត្តមានជ័យ ។
លោកស្នងការរងបានឲ្យដឹងទៀតថា ជនសង្ស័យទាំង៦នាក់នេះត្រូវសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ សហការជាសមត្ថកិច្ចនគរបាលខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបានកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ក្នុងពេលដែលជនសង្ស័យទាំងនេះរៀបចំធ្វើផែនការប្លន់ ។
លោកបានបញ្ជាក់ទៀតថា ក្រុមជនសង្ស័យទាំងនេះគឺធ្លាប់បានពាក់ព័ន្ធនិងករណីប្លន់ពីរករណី នៅក្នុងខេត្តកំពង់ឆ្នាំង ដែលករណីទី១ ប្លន់កាលពីវេលាម៉ោងជាង៤រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ មុខផ្សារព្រៃខ្មែ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងហេតុការណ៌នេះបណ្តាលឲ្យជនរងគ្រោះម្នាក់ឈ្មោះ សួន រដ្ឋា ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសយ៉ាងធ្ងន់ធ្ងរ និងស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ និងនារីម្នាក់ទៀតដែលត្រូវជាប្អូនស្រីឈ្មោះ សួន បូរិន រងរបួសធ្ងន់កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ចំណែកឯករណីទី២ គឺបានធ្វើសកម្មភាពប្លន់ផ្ទះវេលុយ វីង កាលពីវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យទាំង៦នាក់នេះសមត្ថកិច្ចកំពុងបន្តនីតិវិធីកសាងសណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នេះ ៕
ដោយ៖ ចន្ថា