ឡើងកាន់តំណែងមិនទាន់បានក្តៅគូទផងរដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន បានរងការរិះគន់កាន់តែធ្ងន់ធ្ងរទៅៗទាក់ទងនឹងភាពមិនប្រក្រតីនៃការដឹកនាំនិងការ ផ្លាស់ប្តូរមុខតំណែងមន្ត្រីក្រោមឱវាទ ។ មន្ត្រីរាជការមួយក្រុមនៃក្រសួងកសិកម្មបានលួចខ្សឹបប្រាប់អ្នកយកព័ត៌មានជាបន្តបន្ទាប់អំពីចំណាត់ការមិនប្រក្រតីរបស់លោករដ្ឋមន្ត្រីដែលក្នុងនោះមានការផ្លាស់ប្តូរមុខតំណែង និងដំឡើងតួនាទីមន្ត្រីរាជការក្នុងក្រសួងមួយនេះដែលបង្ហាញពីភាពមិនធម្មតា និងពុករលួយយ៉ាងពេញទំហឹងហាក់ដូចជាមិនគិតពីតម្លាភាព ឬយុត្តិធម៌អ្វីទាំងអស់ ។
ក្រុមមន្ត្រីរាជការអះអាងថា ខណៈនេះលោករដ្ឋមន្ត្រី វេង សាខុន តាមរយៈក្រុមមន្ត្រី ស្និទ្ធរបស់លោកបានបង្ហើរព័ត៌មានជាបន្តបន្ទាប់អំពីគម្រោងផ្លាស់ប្តូរមន្ត្រីមួយចំនួន ចាប់ពីអនុប្រធាននាយកដ្ឋានរហុតដល់អគ្គនាយក ហើយព័ត៌មានដែលគេទទួលបានគឺ បំភ័យអំពីការដកតួនាទីអ្នកនោះឬអ្នកនេះហើយបង្ហើបអំពីទឹកលុយដែលត្រូវ «តូ» រក្សាតំណែង ។ តាមការឲ្យដឹងពីក្រុមមន្ត្រីទាំងនោះគឺថ្នាក់អគ្គនាយករង និងអគ្គនាយក គឺមិនខ្វះពីរាប់ម៉ឺនដុល្លារនោះទេ ទើបអាចរក្សាតំណែងបាន ឬក៏អាចទិញកៅអីឋានៈ នោះបាន ។
ក្រុមមន្ត្រីទាំងនោះបានឲ្យដឹងទៀតថា គម្រោងផ្លាស់ប្តូរមន្ត្រីមានឋានៈចាប់ពីអនុប្រធាននាយកដ្ឋានរហូតដល់អគ្គនាយកនោះគឺគេមិនបានគិតអំពីសមត្ថភាពអតីតភាពឬការងារ សកម្ម ឬមិនសកម្មនោះទេ និយាយរួមឲ្យតែ «តូ» ត្រូវគឺ OK តែបើ «តូ» ខុសគឺ « NO » និងមិនយល់មុខថែមទៀត។ តាមប្រភពក្រៅផ្លូវការមួយបានឲ្យដឹងថា ការផ្លាស់ប្តូរនិងដំឡើងតួនាទីក្នុងក្រសួងកសិកម្មនេះបានបង្ហាញឲ្យឃើញពីភាពមិនប្រក្រតីមួយទៀតគឺការដំឡើងតួនាទី ឬឋានៈបែបមហាលោតផ្លោះ ឬអាចនិយាយថា មន្ត្រីម្នាក់បច្ចុប្បន្នមានឋានៈអនុប្រធានការិយាល័យ ប៉ុន្តែពេលដំឡើងឋានៈថ្មីគឺមានឋានៈជាប្រធាន នាយកដ្ឋានតែម្តង ។
ជាក់ស្តែងកូនរបស់លោករដ្ឋមន្ត្រីម្នាក់ដែលបច្ចុប្បន្នបម្រើការងារក្នុងខុទ្ទកាល័យរដ្ឋមន្ត្រីមានឋានៈស្មើអនុប្រធាននាយកដ្ឋាន ប៉ុន្តែឥឡូវនេះល្បីថានឹងដំឡើងឋានៈទៅធ្វើជាប្រធាននាយកដ្ឋាននាយកដ្ឋានផែនការស្ថិតិក្នុងពេលដែលប្រធាននាយកដ្ឋានសព្វថ្ងៃត្រូវបានមន្ត្រីក្នុងក្រសួងវាយតម្លៃថា ជាមនុស្សសកម្ម និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញការងារជំនាញ។ ក្រុមមន្ត្រីបានឲ្យដឹងទៀតថា កូនលោករដ្ឋមន្ត្រីម្នាក់នេះកំពុងតែដើរតួនាទីជារដ្ឋមន្ត្រី ព្រោះរាល់ការងារទាំងអស់ដែលទាក់ទងនឹងរដ្ឋមន្ត្រីត្រូវតែឆ្លងគាត់ជាមុនសិន ហើយបើគាត់ថា ខុសមិនត្រឹមត្រូវឬសម្រេចយ៉ាងណានោះ គឺសម្រេចត្រឹមគាត់ ។
ដូច្នេះមានន័យថា មន្ត្រីម្នាក់នេះបានចេញមុខធ្វើការជំនួសរដ្ឋមន្ត្រីតែម្តងដែលរបៀប របបធ្វើការងារបែបនេះធ្វើឲ្យមន្ត្រីថ្នាក់ក្រោមវិលមុខ និងប៉ះពាល់ដល់ការងារប្រចាំថ្ងៃថែមទៀត។ បន្ថែមពីលើនេះក្រុមមន្ត្រីទាំងនោះអះអាងថា ខណៈនេះមន្ត្រីក្នុងក្រសួង កសិកម្មកំពុងតែជ្រួលច្របល់ខ្សឹបខ្សៀវគ្នារឿងផ្លាស់ប្តូរមន្ត្រីហើយម្នាក់ៗលែងចង់បំពេញការងារហើយ ព្រោះតែមិនដឹងថា ថ្ងៃណាគេនឹងដកចេញឬផ្លាស់ទៅកាន់កន្លែងផ្សេង។
ក្រុមមន្ត្រីក្រសួងកសិកម្មទទូចស្នើសុំដល់សម្តេចនាយករដ្ឋមន្ត្រីមេត្តាពិចារណា និងស្រាវជ្រាវអ្វី ដែលជាព័ត៌មានខាងលើនេះផង ព្រោះថា ការងាររបស់រដ្ឋមន្ត្រីក្រសួង កសិកម្មថ្មីនេះមិនឆ្លុះបញ្ចាំងអំពីនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងមិនធ្វើឲ្យវិស័យកសិកម្មរីកចម្រើនបោះជំហានទៅមុខនោះទេ។ ក្រុមមន្ត្រីរាជការ ទាំងនោះទាមទារឲ្យលោក វេង សាខុន អនុវត្តការងារកំណែទម្រង់ឲ្យបានច្បាស់ លាស់ និងស៊ីជម្រៅតាមរយៈបង្កើនប្រសិទ្ធភាពការងារមិនមែនមកប្តូរតំណែងមន្ត្រីរាជការឆៅៗហើយមកបង្ហើបរឿងលុយក្រោមតុដើម្បីរក្សាតំណែងនោះឡើយ ៕