បុរសម្នាក់ជិះម៉ាកស្គុបពីត្រូវរថយន្ដដឹកដែកកិនពីលើបណ្ដាលឲ្យស្លាប់

ចែករំលែក៖

​    ភ្នំពេញ ៖ រថយន្ដកូរ៉េដឹកដែកមួយគ្រឿងបើកកិនបុរសម្នាក់ដែលជិះម៉ូតូដួលបណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ក្នុងថ្លុកឈាម ចំណែករថយន្ដបង្កបើករត់គេចជាង១០០ម៉ែត្រត្រូវបានប្រជាពលរដ្ឋឃាត់បាន​ កាលពីវេលាម៉ោង១ និង០០នាទីរសៀល នៅថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២៤ តាមផ្លូវបេតុង ត្រង់ចំនុចគល់ស្ពានព្រែកសំរោង ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែថ្មី ខណ្ឌច្បារអំពៅ ។

  សពជនរងគ្រោះមានឈ្មោះ ម៉ាន់ សេងហាក់ ភេទប្រុស អាយុ ៥១ឆ្នាំ ស្នាក់នៅផ្ទះលេខ២៧២ ផ្លូវ១១០ ភូមិឬស្សីស្រុក ឃុំឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្ដាល ។​ ចំណែកអ្នកបើកបររថយន្ដបង្កមានឈ្មោះឈ្មោះ ប៉ូ និត្យភេទ ប្រុស អាយុ ៤៣ឆ្នាំ មុខរបរបើកបរ ស្នាក់នៅការដ្ឋានភូមិតងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។​ និងមានស្រុកកំណើតនៅស្រុកព្រៃវែង ខេត្តព្រៃវែង។

    យោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្ដបង្កបានប្រាប់ឲ្យដឹងថា​ ខ្លួនបានបើករថយន្ដកូរ៉េ ក្បាលពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ3A .9721 បានធ្វើដំណើរចេញពីការដ្ឋាននៅម្ដុំក្រវ៉ាត់ក្រុងទី៣យកមកដាក់ការដ្ឋាននៅម្ដុំវត្តនិរោធ ខណ្ឌច្បារអំពៅ​ ពេលធ្វើដំណើរឆ្លងស្ពានព្រែកសំរោងក្រុងតាខ្មៅឆ្លងចូលមកខណ្ឌច្បារអំពៅតាមផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច ។ 

ខណៈពេលនោះក៏មានបុរសម្នាក់ជិះម៉ូតូស្គុបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HQ .8366 ធ្វើដំណើរស្របទិដៅគ្នានៅពីមុខរថយន្តមិនដឹងថាម៉ូតូជាប់ហ្វ្រាំងឬក៏មានបញ្ហាអ្វីទេក៏ម៉ូតូដួលពីមុខរថយន្ដ ត្រូវរថយន្ដកូរ៉េដឹកដែកកិនចូលក្រោមកង់រថយន្តខាងក្រោយផ្នែកខាងស្ដាំបែកក្បាលធ្លាយខួរស្លាប់ទាំងពាក់មួកសុត្ថិភាព។ដោយឡែកអ្នកបើកបររថយន្តបន្តធ្វើដំណើរទៅមុខប្រហែល១០០ម៉ែត្រជាងក៏ត្រូវបានប្រជាពលរដ្ឋឃើញដេញតាមឃាត់បានប្រគល់ឲ្យសមត្ថកិច្ចយកទៅមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មីដើម្បីសួរនាំ ។ 

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print