ខេត្តឧត្តរមានជ័យ៖ បើទោះបីជាគម្រោងអភិវឌ្ឍន៍ធនធានទឹក ស្ទឹងស្រែង ស្ថិតក្នុងខេត្តឧត្តរមានជ័យ មិនទាន់ត្រូវបានអនុវត្តរួចរាល់ជាស្ថាពរក្តី ប៉ុន្តែតាមរយៈការបញ្ចប់នូវជំហានទី ១ គម្រោងនេះ បានចាប់ផ្តើមផ្តល់នូវសក្តានុពលធនធានទឹកដល់ដំណាំកសិកម្មរបស់បងប្អូនប្រជាកសិករជាបណ្តើរៗហើយ ។
ការអនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹក ស្ទឹងស្រែង ត្រូវបានចែកចេញជា ០២ ដំណាក់កាល៖
ដំណាក់កាលទី ០១ ចាប់ផ្តើមពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១២ និងបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៥ ដោយមានទំហំការងារ៖
+ សាងសង់ប្រឡាយមេ ចំនួន ០២ ខ្សែ សរុបប្រវែង ៨១,២៩ គ.ម
+ សាងសង់ប្រឡាយរង ចំនួន ១៨ ខ្សែ សរុបប្រវែង ៩៣,៤ គ.ម
+ ទំនប់បង្ហៀរ ០១ កន្លែង ប្រវែង ៦០០ ម៉ែត្រ
+ សំណង់សិល្បការ ចំនួន ៣៨ កន្លែង
+ ស្ពានឆ្លងកាត់ប្រឡាយ និងលូទឹក ចំនួន ១៣០ កន្លែង
បន្ទាប់ពីបានបញ្ចប់ការអនុវត្តជំហានទី ១ ដោយជោគជ័យរួចមក បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹក ស្ទឹងស្រែង ជំហានទី ២ ។ ការងារជាអាទិភាពនៅក្នុងជំហានទី ២ នេះ គឺការសាងសង់ទំនប់អាងទឹក ១ កន្លែង ស្ថិតនៅក្នុងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានសមត្ថភាពស្តុកទឹកបាន ២៥៨ លានម៉ែត្រគូប ។ ក្រោយពេលសាងសង់រួចរាល់ជាស្ថាពរ គម្រោងអភិវឌ្ឍន៍ធនធានទឹក ស្ទឹងស្រែង នឹងផ្តល់ទឹកសម្រាប់យកទៅផ្គត់ផ្គង់ដីស្រែ ជាង ២៥.០០០ ហិកតា (អាចផលិតស្រូវបាន ២ ដង ក្នុង ១ ឆ្នាំ) ស្ថិតនៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ៕
ដោយ៖ សុវណ្ណារ៉ា