ភ្នំពេញ៖ រថយន្ត២គ្រឿងបានបុកគ្នានៅផ្លូវបំបែកជាបួនបណ្តាលឲ្យរថយន្ត១គ្រឿងក្រឡាប់និង១គ្រឿងទៀតរងការខូចខាត ដោយបង្កឡើងកាលពីវេលាម៉ោង៣និង២៥ នាទីទាបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវបំបែកលេខ៥១ កែងផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្ត GAC មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BY-8642 បើកបរដោយបុរសម្នាក់រួមដំណើរដោយជនជាតិចិន២នាក់ទៀតបានធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១០៦ ទិសដៅពីកើតទៅលិចបានឆ្លងកាត់ផ្លូវបំបែកដោយមិនបានបន្ថយល្បឿន។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តតូយូតាព្រូស១គ្រឿង ពណ៌ប្រផេះពាក់ផ្លាកលេខភ្នំពេញ 2BN-8946 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកជាបួនក៍ទៅបុករថយន្ត GAC ពីចំហៀងខាងស្តាំពេញទំហឹងបណ្តាលឲ្យរថយន្ត GAC ក្រឡាប់ផ្ងារកង់ឡើងលើរងការខូចខាត។ ចំណែករថយន្តព្រូសបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំមិនអាចបន្តដំណើរទៅមុខទៀតបាន។
ដោយឡែកក្នុងហេតុការណ៍ខាងលើបណ្ដាលអ្នកនៅក្នុងរថយន្ដGACរងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ