ខេត្តកណ្តាល៖ ម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1F-6666បើកបរដោយស្ត្រីម្នាក់បត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យរថយន្តបើកបញ្ច្រាសទិសគ្នាគេចមិនទាន់ជាន់ហ្រ្វាំងមិនជាប់បុកចំពេញមួយទំហឹងដួលបោកទៅលើផ្លូវជាតិរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារព្រៃទទឹង ស្ថិតក្នុងដីភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ។
ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យលោកសង្ឃក្នុងរាជធានីភ្នំពេញ ។ ចំណែកឯអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។ ដោយឡែករថយន្ត និង ម៉ូតូត្រូវបានបញ្ជូនទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1F-6666 បើកបរដោយឈ្មោះ ស៊ាន ភា ភេទស្រី អាយុ៣២ឆ្នាំ (រងរបួសធ្ងន់ធ្ងន់) មានទីលំនៅក្នុងភូមិក្រាំងទ្រា ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកឯរថយន្តម៉ាកតូយូតា ស៊ីណា ស៊េរីចាស់ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2Q-1704 បើកបរដោយឈ្មោះ ឃឹម ចាន់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិបឹងត្រាច ឃុំចំការលួង ស្រុកស្រែអំបិល ខេត្តកោះកុង ។
សាក្សីនិយាយថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍គេបានឃើញស្ត្រីរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនមធ្យម ។ លុះជិះដល់ចំណុចកើតហេតុស្ត្រីរងគ្រោះបានបត់ម៉ូតូទៅឆ្វេងដៃ ដោយពុំបានមើលគ្រប់ជ្រុងជ្រោយ និងស៊ីញ៉ូឲ្យអ្នកបើកបរដ៏ទៃទៀតបានដឹងនោះទេ គ្រាដែលបត់ដល់ពាក់កណ្តាលផ្លូវក៏ត្រូវរថយន្តស៊ីណាបើកបរបញ្ច្រាសទិសគ្នាគេចមិនទាន់ជាន់ហ្រ្វាំងមិនជាប់បុកចំទទឹងម៉ូតូពេញមួយទំហឹង បណ្តាលឲ្យដួលរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។
នគរបាលជំនាញចរាចរណ៍ស្រុកកណ្តាលស្ទឹងដែលចុះទៅពិនិត្យកន្លែងកើតហេតុបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កដោយភាគីម៉ូតូដែលបានបត់ឆ្លងផ្លូវដោយធ្វេសប្រហែស មិនបានមើលគ្រប់ជ្រុងជ្រោយ ទើបបណ្តាលឲ្យរថយន្តគេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុកពេញទំហឹងតែម្តង៕ស្អាងជ័យ