ក្រោយពេលប្រធានាធិបតីថ្មីហ្វុីលីពីន លោក ឌុយទែរតេ ឡើងកាន់ដំណែមកទល់ពេលនេះ បានកម្ចាត់ក្រុមជួញដូរគ្រឿងញៀនធំៗជាច្រើន ហើយចាប់ខ្លួនមនុស្សជាច្រើនពាន់នាក់ពាក់ព័ន្ធនិងការប្រើប្រាស់និងជួញដូរគ្រឿងញៀន។
រយៈពេលកន្លងមកអ្នកប្រើប្រាស់គ្រឿងញៀនរាប់សិបពាន់នាក់បានទៅសារភាពដោយខ្លាចត្រូវប៉ូលិសបាញ់សម្លាប់។ ដោយហេតុនោះហើយអ្នកទោសគ្រឿងញៀនរបស់ហ្វុីលីពីន បានកើនឡើងធ្វើឲ្យគុកទាំងប៉ុន្មានតូចចង្អៀតដាក់អ្នកទោសមិនអស់ធ្វើឲ្យរដ្ឋាភិបាលត្រូវសង់គុកបន្ថែមទៀត។
មន្ត្រីហ្វុីលីពីនបានប្រកាសថា រដ្ឋាភិបាលនឹងសាងសង់គុកថ្មីៗបន្ថែមទៀតសម្រាប់អ្នកទោស ។ យុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មនិងគ្រឿងញៀនរបស់ប្រធានាធិបតី ឌុយទែរតេ កំពុងជំរុញឲ្យមានអ្នកទោសកាន់តែច្រើនក្នុងពន្ធនាគារធ្វើឲ្យអ្នកទោសគ្មានកន្លែងសម្រាកគ្រប់គ្រាន់។ ហ្វុីលីពីនជាប្រទេសលំដាប់ទី៣ ក្នុងពិភពលោក ដែលមានអ្នកទោសណែនតាន់តាប់ក្នុងពន្ធនាគារ។
មន្ត្រីក្នុងទីក្រុងកឺហ្សុង ភាគខាងជើងក្រុងម៉ានីល បានចុះហត្ថលេខាប្រគល់ដីមួយកន្លែងសម្រាប់សាងសង់ពន្ធនាគារថ្មីមួយជំនួសពន្ធនាគារចាស់មួយកន្លែងដែលសាងសង់ជាង៦០ឆ្នាំមកហើយ។ ពន្ធនាគារចាស់នេះមានអ្នកទោស ៨០០នាក់ តែបច្ចុប្បន្នអ្នកទោសបានកើនដល់ជិត ៤.០០០នាក់។
ពន្ធនាគារនៅកឺហ្សុង ជួបបញ្ហាអ្នកទោសច្រើនលើសលុបធ្វើឲ្យគ្មានកន្លែងសមស្របសម្រាប់អ្នកទោសសម្រាក។ អ្នកទោសខ្លះដេកនៅលើជណ្តើរ ខ្លះនៅតាមកម្រាលឥដ្ឋ។ អាជ្ញាធរក្រុងកឺហ្សុង ទទួលស្គាល់ថា បញ្ហានេះពិតជាប៉ះពាល់ដល់សិទ្ធិមនុស្ស សិទ្ធិរបស់អ្នកទោសទាំងនោះ។
រដ្ឋាភិបាលប្រកាសបញ្ចេញថវិកាដើម្បីសាងសង់ពន្ធនាគារថ្មីៗថែមទៀត។ យុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មប្រឆាំងការជួញដូរគ្រឿងញៀន របស់ប្រធានាធិបតីថ្មីហ្វីលីពីន គឺលោក រោឌ្រីហ្កូ ឌុយទែរតេ មិនបានជំរុញឲ្យអ្នកទោសធ្លាក់ចុះទេ។ លោកឌុយទែរតេ ដែលជាប់ឆ្នោតកាលពីខែឧសភា បានសន្យាកម្ចាត់ឧក្រិដ្ឋកម្មឲ្យអស់ពីហ្វុីលីពីន តែក្នុង ៦ខែប៉ុណ្ណោះ។
លោកបានជំរុញឲ្យប៉ូលិសហ៊ានបាញ់សម្លាប់ជនសង្ស័យ ជំរុញប្រជាជនឲ្យចូលរួមដាក់ទោសជនល្មើស។ ជាលទ្ធផលមនុស្សជិត ៩០០នាក់រងការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនត្រូវបានប៉ូលិស និងប្រជាជនសម្លាប់ក្នុងពេលកន្លងមក។ មនុស្សជិត ៥.០០០នាក់ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានប៉ូលិសចាប់ខ្លួន៕
ប្រែសម្រួល៖ ម៉ែវ សាធី