ខេត្តកំពង់ស្ពឺ៖ របាយទឹកភ្លៀងដែលធ្លាក់រាយប៉ាយពុំបានស្មើល្អ បានធ្វើឱ្យផ្ទៃដីបង្កបង្កើនផលស្រូវវស្សា នៅក្នុងខេត្តកំពង់ស្ពឺ ប្រឈមនឹងកង្វះខាតទឹក ។ ចំពោះមុខបញ្ហានេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍ជាបន្តបន្ទាប់ ក្នុងនោះមាន ៖
ទីតាំងទី១. ស្ថិតនៅក្នុងភូមិថ្មី សង្កាត់កណ្តោលដុំ ក្រុងច្បារមន មានផ្ទៃដី ចំនួន ១៥០ ហិកតា ត្រូវបានអន្តរាគមន៍ក្នុងរយៈពេល ០៣ សប្តាហ៍កន្លងមកហើយ ដោយចាប់ផ្តើមពីការបូមទឹកឱ្យបងប្អូនស្ទូង និងបន្តបូមបញ្ចូលស្រែឱ្យមានទឹកគ្រប់គ្រាន់ ដោយប្រើប្រាស់ម៉ាស៊ីនចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង ។
ទីតាំងទី២ ស្ថិតនៅក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច មានផ្ទៃដីប៉ះពាល់ប្រមាណ ៤៥០ ហិកតា ចាប់ផ្តើមអន្តរាគមន៍ពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៦ ដោយប្រើប្រាស់ស្ថានីយសម្តេច សាយ ឈុំ ចំនួន ០១ កន្លែង និងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង ។
ទីតាំងទី ៣ ស្ថិតនៅក្នុងភូមិចំប៉ី ឃុំតាំងក្រូច ស្រុកសំរោងទង មានផ្ទៃដីប៉ះពាល់ប្រមាណ ២០០ ហិកតា ។ ការងារអន្តរាគមន៍ បានចាប់ផ្តើមពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៦ ដោយប្រើប្រាស់ម៉ាស៊ីនចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង ។
ក្រៅពីផ្ទៃដីដែលបានប៉ះពាល់ខាងលើ មន្ទីរ បាន និងកំពុងតម្លើងម៉ាស៊ីនបូមទឹកនៅទីតាំងដែលប្រឈម ចំនួន ០២ កន្លែង ទៀត ក្នុងនោះមាន៖
១. ឃុំព្រះនិពាន្ត ស្រុកគងពិសី មានផ្ទៃដីប៉ះពាល់ប្រមាណ ២០០ ហិកតា ។
២. ឃុំប្រាំបីមុំ ស្រុកថ្ពង មានផ្ទៃដីប៉ះពាល់ប្រមាណ ៣០០ ហិកតា ៕
ដោយ៖ សុខ ខេមរា