ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោកអនុរដ្ឋលេខាធិការ អ៊ុក គឹមសេង បានឲ្យដឹងថា គណៈកម្មការសោត ទស្សន៍ទទួលបន្ទុកលើកិច្ចការវិទ្យុ និងទូរទស្សន៍ បាននិងកំពុងប្រជុំរៀបចំវិធានការដើម្បីចាត់ការទៅលើពាក្យសម្តីរបស់អាចារ្យ A នាយកវិទ្យុ ABC ដែលកាលពីពេលថ្មីៗនេះ បាននិយាយធ្វើឲ្យប៉ះពាល់ដល់ស្ត្រីប្រកបរបរការងារនៅតាមហាងខារ៉ាអូខេ ។
លោកអនុរដ្ឋលេខាធិការអ៊ុក គឹមសេង មានប្រសាសន៍ថា «ករណីមួយនេះ ក្រសួងមិនមែនធ្វើព្រងើយកន្តើយទេ, ក្រសួងកំពុងតែពិចារណាថា តើត្រូវរៀបចំដំណើរ គេហៅថា ណែនាំយ៉ាងម៉េចចំពោះអត្ថាធិប្បាយកាលពីម្សិល(សម្តីអាចារ្យA!) ខ្ញុំក៏បានស្តាប់ឮនឹងត្រចៀកដែរ ហើយយើងកំពុងគិតថា យើងគួរធ្វើរបៀបម៉េច» ។
ការលើកឡើងរបស់អាចារ្យ A ក្រៅពីមានការរិះគន់នៅតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក អ្នកធ្វើការដែលពាក់ព័ន្ធនឹងកិច្ចការស្ត្រី ក៏មិនពេញចិត្តដែរ ។ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការងារពាក់ព័ន្ធនឹងស្ត្រីបានប្រតិកម្មចំពោះសម្តីរបស់លោក សេង ប៊ុនវ៉េង នាយកវិទ្យុ ABC 107.5Mhz ដែលបាននិយាយថា នារីបម្រើការតាមហាងខារ៉ាអូខេ គួរលក់ខ្លួនឲ្យអ្នកមានលុយជាជាងការបន្តអង្គុយផឹកស្រាបៀរជាមួយភ្ញៀវ ។
សម្តីរបស់អាចារ្យ A បាននិយាយតាមវិទ្យុ ABC ក្នុងកម្មវិធីផ្សាយផ្ទាល់កាលពីព្រឹកថ្ងៃទី១០ ខែសីហា ដែលជាការឆ្លើយតបទៅនឹងសំណួររបស់និស្សិតឆ្នាំទី៣ម្នាក់ ដែលថា កំពុងបម្រើការក្នុងហាងខារ៉ាអូខេមួយ ដែលបានសួរថា «បើសិនជាមានកូនអ្នកមាន ឬសេដ្ឋីម្នាក់មកស្រឡាញ់ តើយើងត្រូវធ្វើយ៉ាងម៉េច?» ពេលនោះ អាចារ្យ A បានតបវិញថា «រវាងយើងអង្គុយផឹក(ស្រាបៀរ) រាល់ថ្ងៃ និងសុខចិត្តលក់ខ្លួនឲ្យសេដ្ឋីហ្នឹង យកលុយមួយដុំ ដើម្បីប្រកបអាជីពអ្វីផ្សេង […] យកលុយទៅកូន» ។
រឿងរ៉ាវដែលនាំឲ្យមានការអត្ថាធិប្បាយបែបនេះ ក៏ផ្តើមចេញការដែលអាចារ្យ A បានប្តឹងឲ្យនគរបាលក្រុងតាខ្មៅឃាត់រថយន្តម៉ាកហាយឡេនឌ័រ ដែលភរិយាចុងរបស់លោក ឈ្មោះ កេត រដ្ឋា មាន«ស្រី» ។ រឿងរ៉ាវផ្ទុះឡើងកាលពីថ្ងៃទី៩ ខែសីហា ធ្វើឲ្យភ្ញាក់ផ្អើលដល់នគរបាលក្រុងតាខ្មៅ នៅពេលដែលដឹងថា ភរិយាចុងរបស់អាចារ្យ A មាន «ស្រី» ។ គេធ្លាប់តែ ប្រពន្ធមានសហាយជាមនុស្សប្រុស ប៉ុន្តែនេះ ភរិយាចុងរបស់អាចារ្យ A មានសហាយជាមនុស្សស្រី ។
សេចក្តីថ្លែងរបស់អាចារ្យ A ញាំងឲ្យមានប្រតិកម្មពីបណ្តាអង្គការសង្គមស៊ីវិលនៅកម្ពុជា ។ លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជាបានហៅការលើកឡើងរបស់អាចារ្យ A ថា ធ្វើឲ្យប៉ះពាល់ដល់ការសម្រេចចិត្ត និងកិត្តិយសរបស់ស្ត្រី ហើយថែមទាំងអាចរារាំងដល់ការអភិវឌ្ឍគោលនយោបាយជាតិទៅលើស្ត្រី ។ លោកស្រីមានប្រសាសន៍ថា វាជាការយល់ឃើញរបស់គាត់ ប៉ុន្តែគ្រាន់តែថា គាត់ជាបុគ្គលម្នាក់ដែលមានឥទ្ធិពលទៅលើការផ្សព្វផ្សាយព័ត៌មាន វាធ្វើឲ្យប៉ះពាល់ទៅដល់ការលើកស្ទួយគោលនយោបាយ និងប៉ះពាល់ដល់សិទ្ធិនៃការសម្រេចចិត្តរបស់បុគ្គល ។
លោកស្រី អ៊ូ ទិព្វផល្លីន ដែលធ្វើការផ្នែកសិទ្ធិស្ត្រីបម្រើសេវាកម្មកម្សាន្ត នៃសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជាបានហៅការលើកឡើងរបស់អាចារ្យ A ថា ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិស្ត្រីច្រើននាក់ ។ បើតាមលោកស្រីបច្ចុប្បន មានស្ត្រីកំពុងបម្រើការងារ នៅតាមហាងខារ៉ាអូខេ និងភោជនីយដ្ឋាន ប្រហែល៣ទៅ៥ម៉ឺននាក់ ។ ដូច្នេះការអត្ថាធិប្បាយនេះ ប៉ះពាល់ដល់អ្នកដែលកំពុងធ្វើការទាំងនោះ ស្របពេលដែលសេវាកម្មកម្សាន្តកំពុងរីកដូចផ្សឹត ។
អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី លោកស្រី ស ស៊ីណែត មានប្រសាសន៍ថា ការដែលអាចារ្យ A លើកឡើង វាអាចជះឥទ្ធិពលចំពោះស្ត្រី ជាពិសេសស្ត្រីបម្រើសេវាកម្មកម្សាន្ត ហើយពួកគេអាចនឹងយកគំរូនៃការលក់ខ្លួនជាបន្តបន្ទាប់ ។ ការបញ្ចេញយោបល់របស់អាចារ្យ A គឺធ្វើឲ្យប៉ះពាល់ទៅដល់នារី ដែលកំពុងធ្វើការងារលើវិស័យនៃការលក់ដូស្រាបៀរ និងក្លិបកម្សាន្ត ។ លោកស្រីមានប្រសាសន៍ថា «សម្តីមួយម៉ាត់ហ្នឹង ប៉ះពាល់មែនទែន ជាពិសេសសំខាន់ទៅដល់នារី ដែលជាក្រុមគោលដៅ ដែលគាត់ជាអ្នកផ្សព្វផ្សាយស្រាបៀរ គេអាចនឹងយកគំរូដូចសម្តីដែលអាចារ្យ A និយាយ» ។
មិនតែប៉ុណ្ណោះ សេចក្តីថែ្លងរបស់អាចារ្យA ក៏រុញច្រានច្បាប់ពេស្យាចារ្យ និងច្បាប់ឯកពន្ធភាព ។ នេះបើតាមការលើកឡើងរបស់លោកស្រី ស ស៊ីណែត ។ លោកស្រីបន្ថែមថា អ្នកដែលយកលុយ ឬរបស់ផ្សេងៗជាថ្នូរដើម្បីរួមភេទ ទោះបីភាគីស្រ្តីយល់ព្រម ឬមិនយល់ព្រមក៏ដោយ ត្រូវតែមានទោស ។ លោកស្រីនិយាយថា «ប្រសិនបើបុរសក ដែលជាសេដ្ឋី គាត់យករបស់ ឬលុយកាក់ឲ្យទៅនាង សួរថា តើគាត់មានទោសឬអត់? គាត់ត្រូវមានទោសពីបទពេស្យា ដែលមានចែងក្នុងមាត្រា២៣ នៃច្បាប់ស្តីពីការជួញដូរមនុស្ស ។
សម្រាប់អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង អះអាងថា លោកបានឮផ្ទាល់ត្រចៀកចំពោះសម្តីរបស់អាចារ្យ A ហើយសម្តីនេះវាប៉ះពាល់ធ្ងន់ដល់ស្ត្រីផ្សេងទៀត ដែលមិនប្តូរខ្លួនប្រាណដើម្បីលុយ ទោះបីជាស្ត្រីទាំងនោះកំពុងបម្រើការនៅតាមក្លិបកម្សាន្ត ឬហាងខារ៉ាអូខេក៏ដោយ ។ លោកអនុរដ្ឋលេខាធិការមានប្រសាសន៍ថា «ការអត្ថាធិប្បាយមិនគិតមុខ គិតក្រោយបែបនេះ អាចនឹងប៉ះពាល់ដល់សិទ្ធិសេរីរបស់ប្អូនៗជាស្ត្រី» ។
សេចក្តីថ្លែងរបស់លោក សេង ប៊ុនវ៉េង ញាំងឲ្យមានប្រតិកម្មជាបន្តបន្ទាប់ពីបណ្តាអ្នកធ្វើការងារពាក់ព័ន្ធនឹងស្ត្រី ក៏ដូចជាអ្នករិះគន់នៅតាមបណ្តាញទំនាក់ទំនងហ្វេសប៊ុក ។ វាជាប្រតិកម្ម ដែលមិនពេញចិត្តចំពោះសម្តីរបស់នាយកវិទ្យុABC វ័យ៧៧ឆ្នាំ ដែលមានប្រពន្ធចុងអាយុ២៨ឆ្នាំ ហើយដែលប្រពន្ធចុងនេះ លួចមានសហាយជាស្រីដូចគ្នា ៕
ដោយ៖ ហេង សូរិយា