នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានថា «ហេតុអ្វីបានជាគ្រាប់បែកផ្ទុះឡើងនៅគ្រប់ទិសទីក្នុងប្រទេស ពេលដែលយើងកំពុងតែឆ្ពោះទៅរកស្ថិរភាពផ្តោតទៅលើការអភិវឌ្ឍសេដ្ឋ កិច្ចក៏ដូចជាទេសចរណ៍? អ្នកណាជាអ្នកបង្ករឲ្យមានការបំផ្ទុះគ្រាប់បែកទាំងនោះ?យើងត្រូវតែរកឲ្យឃើញ» ។
ក្នុងរយៈពេល២៤ម៉ោងមានមនុស្ស៤នាក់ស្លាប់និង១៩នាក់រងរបួសមានទាំងជនបរទេសជាច្រើនរូបនៅក្នុងហេតុការណ៍ វាយប្រហារគ្រាប់បែក៨លើកផ្សេងគ្នាក្នុងប្រទេសថៃ ក្នុងនោះមានទាំងនៅក្នុងតំបន់រមណីយដ្ឋានលំហែកាយហួហុីន (Hua Hin) និងបណ្តាខេត្តនៅភាគខាងត្បូង។
អភិបាលស្រុកហួហីុនលោក Sutthipong Klai Udom បានឲ្យដឹងថា «មានការ វាយប្រហារគ្រាប់បែកពីរលើកសម្លាប់ មនុស្សម្នាក់និង១៣នាក់រងរបួស»។ នេះ ជាការវាយប្រហារលើកទីពីរហើយនៅ ហួហ៊ីននាថ្ងៃទី១២ ខែសីហា។ កាលពីយប់ ថ្ងៃទី១១ ខែសីហាក៏មានការវាយប្រហារ២លើកផ្សេងគ្នានៅតំបន់នេះដែរសរុបនៅ តំបន់ហួហីុនរងការវាយប្រហារដល់ទៅ ៤លើក ។
ការវាយប្រហារកាលពីថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៦ បានសម្លាប់ស្ត្រីម្នាក់ដែល ជាអ្នកលក់«បុកល្ហុង» ជនជាតិថៃ និងរង របួសជាច្រើននាក់ក្នុងនោះមានអ្នកទេស ចរជនជាតិបរទេស៧នាក់ មានស្ត្រី៣នាក់ បុរស៤នាក់ ក្នុងចំណោមអ្នករងរបួសមាន៣នាក់ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរកំពុង សង្គ្រោះបន្ទាន់ ។
ក្រៅពីការវាយប្រហារ៤កន្លែងនៅ ហួហ៊ីនក៏មានការវាយប្រហារគ្រាប់បែក ផ្សេងទៀតនៅកោះទេសចរណ៍ដ៏ស្រស់ស្អាតនៅភូកេត កាលពីព្រឹកថ្ងៃទី១២ ខែ សីហាចំនួន២លើក។ មួយលើកទៀតវាយប្រហារនៅស្រុកស៊ូរ៉ាត ថានី និងមួយលើកទៀតនៅត្រាំនាយប់ថ្ងៃទី១១ ខែសីហា។
ការវាយប្រហារនេះគឺជាសកម្មភាពថ្មី បំផុតគំរាមកំហែងដល់កេរ្តិ៍ឈ្មោះរបស់ ប្រទេសថៃដែលមានភាពល្បីល្បាញដូច ជាឋានសួគ៌ទេសចរណ៍នៅអាស៊ី។ រដ្ឋាភិបាលថៃសង្ឃឹមថានឹងទទួលបានភ្ញៀវទេសចរប្រមាណ៣២លាននាក់ក្នុងឆ្នាំ២០១៦នេះ។ ប៉ុន្តែការវាយប្រហារទៅលើតំបន់ ទេសចរណ៍ធ្វើឲ្យថៃប្រឈមនឹងការថយចុះនៃអ្នកទេសចរ និងបង្ហាញភាពទន់ខ្សោយក្នុងការដឹកនាំរបស់រដ្ឋាភិបាលយោធា ។
ការវាយប្រហារខាងលើកើតឡើងក្រោយពេលថៃទើបតែបោះឆ្នោតប្រជាមតិលើរដ្ឋធម្មនុញ្ញដែលបង្កើតឡើងដោយរដ្ឋាភិបាលយោធាដោយទទួលបានការគាំទ្រខ្ពស់នៅក្នុងការបោះឆ្នោតខាងលើ។ ប៉ុន្តែក្រុមអ្នកប្រឆាំងបានចាត់ទុកថារដ្ឋធម្មនុញ្ញថ្មីនោះ ផ្តល់អាទិភាពដល់កម្លាំងយោធាច្រើននៅ ក្នុងឆាកនយោបាយ ។
ពាក់ព័ន្ធនឹងការវាយប្រហារគ្រាប់បែកនោះដែរប៉ូលិសថៃបានចាប់ខ្លួនជនសង្ស័យទីមួយនៅក្នុងការវាយប្រហារគ្រាប់បែកនៅតំបន់ទេសចរណ៍ ។ អ្នកនាំពាក្យស្នងការប៉ូលិសថៃបានឲ្យដឹងថា ការវាយប្រហារ ខាងលើមិនជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្មនោះឡើយគឺបង្កឡើងដោយជនទុច្ចរិតក្នុងតំបន់ដើម្បីបំផ្លាញសន្តិសុខតែប៉ុណ្ណោះ។
ក្រោយការវាយប្រហារនោះរដ្ឋាភិបាលថៃបានបង្កើនការការពារសន្តិសុខនៅភាគខាងត្បូងប្រទេសដែលជាទីកន្លែងមានជនអ៊ិស្លាមរស់នៅភាគច្រើន។ ជាមួយគ្នានោះនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់ អូចារ បានចេញបញ្ជាឲ្យបង្កើនការការពារសន្តិសុខនៅតំបន់ទេសចរណ៍ សណ្ឋាគារនិងតាមផ្សារដែលមានមនុស្សច្រើនកុះករ។ លោកប្រាយុទ្ធ ចាន់អូចារ ក៏បានរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ ៕
ប្រែសម្រួល៖ ម៉ែវ សាធី