លទ្ធផលនៃសម័យប្រជុំលើកទី ១ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគី កម្ពុជា-លីទុយអានី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋលីទុយអានី

ចែករំលែក៖

ភ្នំពេញ ៖ លទ្ធផលនៃសម័យប្រជុំលើកទី ១ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគី កម្ពុជា-លីទុយអានី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋលីទុយអានី។

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា ដឹកនាំធ្វើជាសហប្រធានដោយ លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការ និងក្រសួងការបរទេសនៃ សាធារណរដ្ឋលីទុយអានី ដឹកនាំធ្វើជាសហប្រធានដោយ លោក Julius Pranevičius ប្រធាននាយកដ្ឋាន ឥណ្ឌូប៉ាស៊ីហ្វិក បានរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ដ៏សំខាន់ នេះគឺជាមូលដ្ឋានសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការទូត វិនិយោគនិងពាណិជ្ជកម្ម ការដោះមីន ឌីជីថល កីឡា និងអប់រំ។

ជាកិច្ចចាប់ផ្តើម លោក ឃួន ផុនរតនៈ បានជម្រាបភាគីមិត្តអំពីវឌ្ឍនភាពនយោបាយ និងសេដ្ឋកិច្ច របស់កម្ពុជា ដោយបានរៀបរាប់លម្អិតអំពីយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបាន សង្កត់ធ្ងន់លើការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានអាកាសយានដ្ឋានអន្តរជាតិតេជោ និង ព្រែកជីកហ្វូណនតេជោ ដែលនឹងពង្រឹងការតភ្ជាប់ក្នុងតំបន់របស់កម្ពុជាបន្ថែមទៀត។ លោក ឃួន ផុនរតនៈ ក៏បានគូសបញ្ជាក់អំពីបរិយាកាសវិនិយោគដ៏អំណោយផល និងលើកទឹកចិត្តឱ្យវិនិយោគិនពីប្រទេសលីទុយ អានី ទាញយកឱកាសវិនិយោគក្នុងវិស័យកសិកម្ម និងការកែច្នៃផលិតផលនៅកម្ពុជា ជាពិសេសការនាំចេញ ផលិតផលដែលមានសក្តានុពលខ្ពស់របស់កម្ពុជារួមមាន អង្ករ ម្រេច និងគ្រាប់ស្វាយចន្ទី។

ជាការឆ្លើយតប លោក Julius Pranevičius បានបង្ហាញពីការរីកចម្រើនរបស់លីទុយអានីក្នុងវិស័យ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងឌីជីថល។ លោកក៏បានគូសបញ្ជាក់ពីជំនាញរបស់លីទុយអនកក្រកម្មជា វិទ្យាសាស្ត្រ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងវិស្វកម្ម ដែលលីទុយអានីអាចផ្តល់នូវកិច្ចសហប្រតិការ បច្ចេកទេសដល់កម្ពុជាក្នុងវិស័យយុទ្ធសាស្ត្រទាំងនេះ ដើម្បីជាផលប្រយោជន៍រួម។

ដោយឆ្នាំ២០២៥ ខាងមុខនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងលីទុយអានី សហប្រធានទាំងពីរក៏បានពិភាក្សាគ្នាអំពីលទ្ធភាពក្នុងការរៀបចំកិច្ចសន្ទនា កម្រិតខ្ពស់នៅក្នុងអំឡុងវេទិកាអន្តរជាតិនានា ដើម្បីពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគី។ បន្ថែមពីនេះ ភាគីរទាំងពីរក៏បានឯកភាពស្វែងរកឱកាសកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល ផ្សេងៗទៀត នៅក្នុងវិស័យសំខាន់ៗរួមមាន ការបោសសម្អាតមីនមនុស្សធម៌តាមរយៈការផ្លាស់ប្តូរបច្ចេកទេស និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡា។ លីទុយអានីក៏បានស្នើពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ដោយបានជម្រាបថា លីទុយអានីមានសាកលវិទ្យាល័យកសិកម្មដ៏ល្បីល្បាញ និងបានលើកទឹកចិត្តឱ្យមាន កម្មវិធីសិក្សារួមគ្នារវាងស្ថាប័នបណ្តុះបណ្តាលរវាងប្រទេសទាំងពីរ។

កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីព្រឹត្តិការណ៍ក្នុងតំបន់ និងសកល ដើម្បីបង្កើនការយល់ពីគ្នា និងការ គោរពទស្សនៈគ្នាទៅវិញទៅមក។

នៅមុនចាប់ផ្តើមកិច្ចប្រជុំពិគ្រោះយោបល់នេះ សហប្រធានទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងការបរទេសនៃសាធារណរដ្ឋលីទុយអានី ស្តីពីការបង្កើតយន្តការនៃកិច្ចពិគ្រោះយោបល់ទ្វេភាគី ខាងលើ ផងដែរ។

ភាគីទាំងពីរ ត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចពិគ្រោះយោបល់លើកទី ២ នៅប្រទេសលីទុយអានី តាមកាលបរិច្ឆេទសមស្រប នាពេលខាងមុខ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print