ភ្នំពេញៈ ប្រភពព័ត៍ពីសមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃ១៤ សីហា នេះសមត្ថកិច្ចកងរាជអាវុធហត្តរាជធានីភ្នំពេញ បានបង្កើតគណ:កម្មការមួយ ដែលមានស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចូលរួម ដើម្បីឆែកមើលកាមេរ៉ាសុវត្តិភាព ទាក់ទិនសកម្មភាព រឿងប្អូនប្រុសបង្កើតខៀវ សុខារ៉ាវី ជាប់ចោទបាញ់សម្លាប់បងប្រុសជីដូនមួយ បណ្តាលឲ្យបាត់បង់អាយុជីវិតម្នាក់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ប្រភពព័ត៍មានឲ្យដឹងទៀតថា បានជាសមត្ថកិច្ចកងរាជអាវុធហត្តបង្កើតគណៈកម្មការឆែកឆេរកាមេរ៉ាត្រូវសុវត្ថិភាពនោះ ដោយយោងទៅលើចម្លើយជនសង្ស័យ២នាក់ដែលឃាត់ខ្លួន ឆ្លើយបដិសេធមិនទទួលស្គាល់ថាពួកគេជាអ្នកបាញ់នោះទេ ។ លទ្ធផលឆែកកាមេរ៉ានោះសមត្ថកិច្ចមិនទាន់ត្រូវបានទម្លាយទេ។
គួរបញ្ជាក់ថា ប្អូនប្រុសបង្កើតរបស់តារាសម្តែងល្បីឈ្មោះ ខៀវ សុខារ៉ាវី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីបាញ់សម្លាប់បងប្រុសជីដូនមួយរបស់ខ្លួនកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១៣ ខែសីហាឆ្នាំ២០១៦ នៅក្នុងអនលីយូម៉ាត (ONLY U MART) នៅជិតផ្សាររាត្រី ផ្ទះលេខ១៦៥Eo ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងភូមិ១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដែលជាផ្ទះរបស់តារាសម្តែងល្បីឈ្មោះ ខៀវ សុខារ៉ាវី ។ សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលស្លាប់នេះឈ្មោះ សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិ៣ ឃុំព្រះពន្លា ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ត្រូវជាបងប្អូនជីដូនមួយរបស់តារាសម្ដែង ខៀវ សុខារ៉ាវី ។ ចំណែកជនសង្ស័យដែលប៉េអឹមចាប់ឃាត់ខ្លួននោះមានម្នាក់ជាប្អូនប្រុសបង្កើតរបស់តារាសម្ដែង ខៀវ សុខារ៉ាវី ឈ្មោះ ខៀវ ថនវណ្ឌឌី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅជិតផ្ទះកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស៣នាក់ដើរចូលទៅក្នុងម៉ាតខាងលើ ហើយធ្វើការវាយតប់ទៅលើជនរងគ្រោះរហូតឈានដល់ផ្ទុះអាវុធ២គ្រាប់ បណ្ដាលឲ្យជនរងគ្រោះដេកដួលក្នុងថ្លុកឈាមនៅក្នុងម៉ាត បន្ទាប់មកត្រូវបានបងប្អូននៅលើផ្ទះចុះមកដឹកយកសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលា ប៉ុន្តែជាអកុសលពេលដឹកទៅដល់ត្រូវបានក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ ក្រោយពេលកើតហេតុ កម្លាំងអាវុធហត្ថខណ្ឌដូនពេញបានចុះមកដល់កន្លែងកើតហេតុ ដោយបានឃាត់ខ្លួនមនុស្ស២នាក់ និងអាវុធខ្លី១ដើម យកទៅបញ្ជាការដ្ឋានកងរាជអាវុធហ្ថតខណ្ឌដូនពេញ ដែលក្នុងចំណោម២នាក់មានម្នាក់ជាប្អូនប្រុសបង្កើតរបស់តារាសម្ដែង ខៀវ សុខារ៉ាវី ផងដែរដើម្បីធ្វើការសាកសួរ ។ បើតាមសំដីរបស់តារាសម្ដែង ខៀវ សុខារ៉ាវី បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ហេតុការណ៍ដែលបានកើតឡើងនេះ គឺបានបណ្ដាលឲ្យម្ដាយនាងភ័យយ៉ាងខ្លាំងរហូតដួលសន្លប់ ក្នុងពេលដែលម្ដាយនាងមានជំងឺលើសឈាមប្រចាំថ្ងៃផង ។ នាងបានបន្តទៀតថា នៅពេលដែលមានហេតុការណ៍ក្នុងហាងខ្លួននោះ គឺរូបនាងនៅក្នុងបន្ទប់ទឹក ហើយក្រោយពីនាងបានដឹងនោះ គឺប្អូនប្រុសជីដូនមួយរបស់នាងបានត្រូវគេបាញ់ស្លាប់មានឈាមដាបនៅលើឥដ្ឋបាត់ហើយ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យសពដែលតម្កល់ទុកនៅវត្តពោធិ៍យារាម ហៅវត្តក្តីចាស់ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ គឺឃើញថា សពមានបែកក្បាលខាងស្ដាំ និងត្រូវចំខ្នងក្រោយមួយគ្រាប់ និងកំភួនជើងស្ដាំ១គ្រាប់ ។ ជនសង្ស័យនិងកាំភ្លើង ត្រូវបានកងរាជអាវុធខណ្ឌដូនពេញបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជហត្ថរាជធានីភ្នំពេញ ដើម្បចាត់បន្តតាមនិតិវិធីច្បាប់ ៕
ដោយ សហការី