កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ហាញការសាទរចំពោះប្រទេសជិតខាងកម្ពុជា ដែលឃាត់ការលក់ ការនាំចូល កាស្តុកទុក ការដឹកជញ្ជូន និងការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលអេចឈ៍ ធី ភី (HTPs) ខណៈដែលកម្ពុជាកម្ពុជាកំពុងតែធ្វើការងារយ៉ាងសកម្មដើម្បីទប់ស្កាត់កុំឱ្យយុវជនប្រើប្រាស់ឧបករណ៍នេះ ព្រោះវានាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានមានប្រសាសន៍ថា ក្នុងនាមលោកផ្ទាល់សូមចូលរួមអបអរសាទរជាមួយប្រទេសជិតខាងកម្ពុជា ដែលបានដាក់ឱ្យអនុវត្តន៍នូវបំរាមយាមឃាត់មិនឱ្យប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលអេចឈ៍ ធី ភី (HTPs)នេះ។
លោកបន្តថា នៅប្រទេសកម្ពុជាដូចជាបណ្តាប្រទេសនានាលើពិភពលោកដែរ គឺបានគិតគូរពីសុខភាពប្រជាពលរដ្ឋ ជាពិសេសយុវជន ព្រោះពួកគាត់កំពុងត្រូវការក្រេបជញ្ជក់នូវចំណេះដឹងផ្សេងៗដើម្បីក្លាយជាទំពាំងស្នងឫស្សីប្រទេសជាតិទៅថ្ងៃអនាគត។
លោកបន្តថា ៖ « អ៊ីចឹងប្រទេសជាតិមួយដែលអាចរីកចម្រើនទៅបានលុះត្រាតែយុវជនរបស់យើងហ្នឹងមានសុខផាពល្អ ហើយសុខភាពល្អនោះ ទាល់តែយុវជនទាំងអស់នោះកុំទៅពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងញៀន អំពើអបាយមុខផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព ក៏ដូចជាពេលវេលា និងអនាគតរបស់ពួកគេ។»
កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំចំនួនពីររួចមកហើយ ទី១ គឺ ស្តីពីការចាត់វិធានការ បង្ការ បញ្ឈប់ការការប្រើប្រាស់ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិកនៅកម្ពុជា និងទី២ សេចក្តីណែនាំស្តីពីការចាត់វិធានការបង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ឧបករណ៍អេចឈ៍ ធី ភី (HTPs)។
លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បញ្ជាក់ទៀតថា ក្រៅពីសេចក្តីណែនាំទាំងពីរខាងលើនេះ គឺក្រសួងអប់រំយុវជន និងកីឡាកំពុងតែធ្វើការតម្លើងកម្រិតការហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និង ផលិតផលអេចឈ៍ ធី ភី ស៊ីហ្សា ទៅជាកម្រិតថ្នាក់រាជរដ្ឋាភិបាលតែម្ដង ពោលគឺនឹងចេញជាអនុក្រឹត្យហាមឃាត់តែម្ដង។
ថ្មីៗនេះ សម្ព័ន្ធគ្រប់គ្រងថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) សូមអបអរសាទរចំពោះរដ្ឋសភាវៀតណាម ដែលបានអនុម័តសេចក្តីសម្រេចហាមឃាត់ការលក់ ការនាំចូល ការស្តុកទុក ការដឹកជញ្ជូន និងការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលអេចឈ៍ ធី ភី (HTPs)។ ការហាមឃាត់នេះដែលនឹងចូលជាធរមាននៅឆ្នាំ 2025 ត្រូវបានអនុម័តដោយសមាជិកសភាភាគច្រើនលើសលប់រហូតដល់ 95.62% ហើយនេះជាសក្ខីកម្មចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សភាវៀតណាមក្នុងការការពារសុខភាពសាធារណៈ ជាពិសេសក្នុងចំណោមយុវជន។
ប្រទេសវៀតណាមបានក្លាយជាប្រទេសទី 30 ដែលបានហាមឃាត់ប្រភេទផលិតផលបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី (HTPs)នេះ រួមទាំងប្រទេសអាស៊ានចំនួន5 ផ្សេងទៀត (ប្រ៊ុយណេ កម្ពុជា ឡាវ សិង្ហបុរី និងថៃ)។
យុវជនវ័យក្មេងវៀតណាមដែលមានអាយុចន្លោះពី 13-15 ឆ្នាំ មានការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងក្នុងរង្វង់ 3.5% ក្នុងឆ្នាំ 2021 ហើយកើនដល់ 8% ក្នុងឆ្នាំ 2024 ដែលការកើនឡើងនេះ ពិតជាគួរឱ្យព្រួយបារម្ភខ្លាំង។ ការស្រាវជ្រាវបានបង្ហាញថា យុវជនដែលប្រើប្រាស់បារីអេឡិចត្រូនិចទាំងនោះ មានទំនោរ ៣ដង ទៅប្រើប្រាស់បារីធម្មតា និងផលិតផលថ្នាំជក់ដទៃទៀត ។
លើសពីនេះ ស្របពេលដែលមិនទាន់មានភស្តុតាងវិទ្យាសាស្ត្រគ្រប់គ្រាន់ដែលអះអាងថា ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ (Electronic Smoking Devices/ESDs រួមមាន៖ បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី HTPs) ជាម៉ាស៊ីនផ្ដាច់បារី ការប្រើប្រាស់បារីអេឡិចត្រូនិកនេះ បានបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សរួចបាត់ទៅហើយ។ បារីអេឡិចត្រូនិច បញ្ចេញចំហាយជាផ្សែង ដែលផ្ទុកសារធាតុគ្រោះថ្នាក់មួយចំនួនដូចជា លោហធាតុធ្ងន់ ផ្សែងពុល សារធាតុគីមីបង្កជំងឺមហារីក ដែលបណ្តាលឱ្យខូចកោសិកា ប៉ះពាល់ដល់សរីរាង្គបន្តពូជ និងបង្កើនហានិភ័យនៃការខូចសួត ជំងឺបេះដូង និងការឆ្លងមេរោគដទៃទៀត។
គិតត្រឹមដើមឆ្នាំនេះ ប្រជាជនវៀតណាមប្រមាណ 1200 នាក់បានសម្រាកព្យាបាលជំងឺដោយសារការប្រើប្រាស់បារីអេឡិចត្រូនិច។
នាយកប្រតិបត្តិសម្ព័ន្ធគ្រប់គ្រងថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) លោកវេជ្ជបណ្ឌិត UIysses Dorotheo បានថ្លែងថា”ដោយយកសុខភាព និងសុខុមាលភាពរបស់ពលរដ្ឋខ្លួនជាអាទិភាព ប្រទេសវៀតណាមបានដើរតួជាគំរូដ៏ល្អ សម្រាប់ឱ្យប្រទេសផ្សេងៗទៀតពិចារណា។ យើងទទូចឱ្យឱ្យប្រទេសទាំងអស់ ធ្វើការហាមឃាត់ប្រភេទបារីអេឡិចត្រូនិក និងនិងផលិតផលអេចឈ៍ ធី ភី (HTPs)ដើម្បីការពារយុវជនបច្ចុប្បន្ន និងអនាគតពីផលិតផលញៀន និងមានគ្រោះថ្នាក់ទាំងនេះ។”៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print