ខេត្តមណ្ឌលគិរី៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានកូនស្រីបង្កើតប្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន ឈានដល់ការឃាត់ខ្លួនករណីរំលោភសេពសន្ថវះ(កូនស្រីខ្លួនឯង) ដោយអំពើអសីលធម៌ តណ្ហាក្រាស់ គ្មានដឹងបុណ្យបាប។
បុរសរងនូវបណ្ដឹងរបស់កូនស្រីមានឈ្មោះតុត ព្រុត អាយុ៥៦ឆ្នាំ ជនជាតិភ្នង បុរសរបរជាមេភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ដោយឡែកនារីរងគ្រោះជាកូនឈ្មោះព្រុត រង្វន់ អាយុ២២ឆ្នាំ រស់នៅជាមួយនឹងក្រុមគ្រួសារ។
សមត្ថកិច្ចបានឲ្យដឹងថា យោងតាមពាក្យបណ្ដឹងកូនស្រីរងគ្រោះបញ្ជាក់ថា ឪពុករបស់ខ្លួនឈ្មោះតុត ព្រុត បានចាប់រំលោភនាងកាលពីវេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ព្រមទាំងធ្វើការគំរាមកំហែង លាក់រឿងនេះកុំឲ្យអ្នកណាដឹងទៀតផង។ នាងបន្តថា ដោយយល់ឃើញថាឪពុកមិនមានធម៌មេត្តា អាណិតដល់កូន ហើយខ្លាចមានបញ្ហាគ្រោះថ្នាក់ដល់ជីវិតថ្ងៃក្រោយ និងដើម្បីអានាគតសម្រាប់ថ្ងៃខាងមុខផង នាងក៏បង្ខំចិត្តដាក់ពាក្យបណ្ដឹងប្ដឹងឪពុកពីបទរំលោភសេពសន្ថវះទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាឪពុកយកទៅសាកសួរ។
លោក ខ្លូក សុឃា អធិការនគរបាលស្រុកកោះញែកបានបញ្ជាក់ថា នារីរងគ្រោះ គឺពិការជើងម្ខាង ក្រោយពេលឪពុកចាប់រំលោភរួចនាងភិតភ័យយ៉ាងខ្លាំងក៏បានរត់ទៅពួននៅក្នុងចំការដើម្បីចាំហៅម៉ូតូជិះទៅរកសមត្ថកិច្ចប្ដឹង។
សមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលស្រុកកោះញែក បានបញ្ជូនជនសង្ស័យជាមួយនឹងសំណុំរឿងទៅស្នងការតាមនីតិវិធី ដើម្បីនាំខ្លួនទៅកាន់សាលាដំបូងខេត្ត៕
ដោយ៖ ហេង ថារិទ្ធ