ភ្នំពេញ៖ បន្ទាប់ពីធ្វើការសួរដេញដោលពេញមួយព្រឹកថ្ងៃទី១៥ ខែសីហា សាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកពេលបន្តសវនាការសំណុំរឿងបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ទៅព្រឹកថ្ងៃទី២៦ ខែសីហា ជាបន្តទៀត ។
តុលាការ បានសាកសួរអង្គរក្សលោក ថោង សារ៉ាត់ ម្នាក់ គឺ ឈ្មោះ មាស សម្បត្តិ ។
ឈ្មោះ មាស សម្បត្តិ បដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ។
ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កក្រើករាជធានីភ្នំពេញ នេះកើតឡើងកាលវេលាម៉ោង ៧ និង ១៨នាទី យប់ថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៤ ខណៈពេលលោកឧកញ៉ា អ៊ឹង ម៉េងជឺ ចុះពីរថយន្តឡិចស៊ីស ៥៧០ ដើម្បីទៅទិញផ្លែឈើ នៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។
តុលាការបានចោទប្រកាន់លោក ថោង សារ៉ាត់ ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ។ ចំណែកក្រុមអង្គរក្សបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និង បទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ។
យោងតាមមាត្រា២០០ និង ២៩ នៃក្រមព្រហ្មទណ្ឌ ឃើញថា ក្រុមជនត្រូវចោទទាំងអស់អាច ប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថា មានពិរុទ្ធ ភាពដូច ការចោទប្រកាន់មែន ៕
ដោយ៖ ចេស្តា