ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ បានយកកូនកាំបិតចិតបន្លែមុតស្រួចមួយដើមចាក់ទម្លាញពោះរបស់ខ្លួន បំណងប៉ុនប៉ងសម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ បណ្តាលឲ្យធ្លាយពោះវៀនចេញមកក្រៅ រងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចសំណង់អានាធិបតេយ្យ ក្បែរសាលាអន្តរជាតិ ISPP ជាប់ផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះមានឈ្មោះ នី ឧត្តម អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅសំណង់អាណាធិបតេយ្យ កន្លែងកើតហេតុ និង មានស្រុកកំណើតនៅភូមិពាមព្រពេជ្រ ឃុំពាមព្រពេជ្យ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង ។
តាមសម្តីរបស់ស្ត្រីម្នាក់ជាបងស្រីបង្កើតសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅមុនពេលកើតរេឿងហេតុឡើង បងប្អូនរបស់ខ្លួនបានដេកសម្រាកតាំងពីព្រឹកឡើងមកម្លេះ ដោយរូបគេមិនព្រមហូបបាយហូបទឹកសោះ រហូតដល់ម៉ោងកើតហេតុរូបគេបានក្រោកឡើង រួចដើរសំដៅទៅយកកូនកាំបិត ហើយចាក់ទម្លាយពោះខ្លួនឯង បណ្តាលឲ្យធ្លាយពោះវៀនហូរឈាមចេញមកក្រៅ រងរបួសធ្ងន់តែម្តងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នករស់នៅក្បែរនោះ នាំគ្នាចោមរោមមើល នឹងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជារថយន្តសាមុយចុះអន្តរាគមន៍ ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។
ស្ត្រីជាបងជនរងគ្រោះដដែលបន្តថា គាត់មិនដឹងថា ប្អូនប្រុសរបស់ខ្លួនពិបាកចិត្ត ឬខូចចិត្តរឿងអ្វីឡើយ ដែលធ្វើឲ្យរូបគេសម្រេចចិត្តគិតខ្លីធ្វើបែបនេះ ព្រោះជារៀងរាល់ថ្ងៃគាត់ឃើញប្អូនរបស់ខ្លួនមានសភាពធម្មតា គ្មានរឿងអ្វីត្រូវគិត ឬព្រួយបារម្ភខុសធម្មតាឡើយ ៕
ដោយ៖ លីហេង