តុលាការ​គ្រោង​ប្រកាស​សាលក្រម​សំណុំរឿង​មន្ត្រី​ CDC ប្រព្រឹត្ត​អំពើពុករលួយនៅ​ ថ្ងៃ​១៩​ ខែសីហា​

ចែករំលែក៖

ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ គ្រោងប្រកាសសាលក្រមសំណុំរឿងលោក ឡាយ ថារ័ត្ន អនុប្រធានការិយាល័យវិភាគគម្រោង និងលើកទឹកចិត្តនៃអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ជាប់ចោទពីបទប្រព្រឹត្តអំពើពុករលួយ បន្ទាប់ពីតុលាការបានធ្វើសវនាការកាលពីរសៀលថ្ងៃទី១៥ ខែសីហា រួចមក ។

លោក ឡាយ ថារ័ត្ន ជាប់ចោទ ពីបទ វិតិក្រម តាមមាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែ មេសា ខែឧសភា ឆ្នាំ ២០១៦។

បទល្មើសវិតិក្រម កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។

នាពេលសវនាការ លោក ឡាយ ថារ័ត្ន បានសារភាពថា ពិតជាបានទទួលយកប្រាក់ចំនួន៩០០ដុល្លារ ពីក្រុមហ៊ុនផលិតសម្ភារកីឡាមួយដែលបានស្នើនាំចូលវត្ថុធាតុដើមពីបរទេស ប្រាកដមែន ។ លោកស្នើឲ្យតុលាការបន្ធូរបន្ថយទោស ។

គួររំលឹកថា លោក ឡាយ ថារ័ត្ន ត្រូវបានលោក យិន សារឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទវិតិក្រម ។

ពាក់ព័ន្ធករណីនេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) រកឃើញថា លោក ឡាយ ថារ័ត្ន បានទាមទារប្រាក់លើសតម្លៃសេវាកំណត់របស់រដ្ឋនៅក្នុងឯកសារ ដែលឆ្លងកាត់ការត្រួតពិនិត្យរបស់ CDC ៕

image image

ដោយ ចេស្តា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print