ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ថ្លែងថា សម្តេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា» បន្ទាប់ពីសម្តេចតេជោ ដែលបានបូជា លះបង់យ៉ាងធំធេង ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ន។
ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោក អាលី អាកបារ ណាហ្សារីឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចតេជោ ដែលទទួលបានការគាំទ្រជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា។ លោក បានសម្តែងនូវការស្ងប់ស្ងែង និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ សម្តេចតេជោ ដែលបានបូជា លះបង់យ៉ាងធំធេង ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ន។ សមិទ្ធផលដ៏ច្រើនលើសលុបសម្រេចបានទាំងនេះ ធ្វើឱ្យសម្តេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ លោក Ali Akbar Nazari ចំពោះការលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេស ការវាយតម្លៃខ្ពស់លើតួនាទីរបស់ សម្តេច នៅក្នុងការបង្រួបបង្រួមជាតិ និងការកសាងនិងរក្សាសន្តិភាព រយៈពេលវែងដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។
ជាមួយគ្នានេះ សម្តេចតេជោ បានជម្រាបលោកឯកអគ្គរដ្ឋទូត អំពី ការផ្ទេរអំណាចជូនថ្នាក់ដឹកនាំបន្តវេនដែលជាការ ប្តូរនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង និងបានសម្តែងនូវភាពជឿជាក់ចំពោះសមត្ថភាពរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី ក្នុងកិច្ចខិតខំលើកកម្ពស់ការអភិវឌ្ឍជូនជាតិមាតុភូមិឱ្យកាន់តែខ្ពស់ថែមទៀតផងដែរ៕
ដោយ ៖ សិលា