ឆ្នាំ២០២៤​ កម្ពុជា​នាំចេញកសិផលប្រមាណ ១២លានតោន រកចំណូលបានជាង ៥ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បានឱ្យដឹងថា​ នៅក្នុងឆ្នាំ២០២៤កន្លងទៅ​ កម្ពុជាទទួលបានចំណូលជាង ៥ ពាន់លានដុល្លារ (៥,៣) ពីការនាំចេញកសិផលប្រមាណ ១២ លាន​តោន ទៅកាន់ ៩៥ ប្រទេស កើនឡើងជាង ៣ លានតោន ធៀប​នឹងឆ្នាំ ២០២៣។

បើតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ថ្លែង​នៅក្នុងពិធី​សន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៤​ និងទិស​ដៅ​អនុវត្តឆ្នាំ២០២៥​ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ​ថា អនុវិស័យដំណាំ បានចូល​រួម​ធំជាងគេនៅក្នុងវិស័យកសិកម្មទាំងមូល រហូតដល់ ៦១% ក្នុងឆ្នាំ ២០២៤ សម្រេច​បាន​ផលិតកម្មចំនួន ៣៩,៤ លានតោន កើនឡើង ២,៥៩ លានតោន ធៀបនឹងឆ្នាំ ២០២៣។

ផលិតកម្មស្រូវសម្រេចបាន ១៣,៨៩ លានតោន ដែលធានាបានទាំងស្រុងនូវសន្តិសុខ​ស្បៀង​កម្ពុជា និងមានអតិរេក ៨,២ លានតោន សម្រាប់ការនាំចេញជាស្រូវ និងអង្ករ។

រដ្ឋមន្ត្រី ឌិត ទីណា​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ «ទោះបីជាមានការប៉ះពាល់ដោយគ្រោះធម្មជាតិ ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត ការបំផ្លិច​បំផ្លាញ​ដោយរុយស មមាជត្នោត ដង្កូវហ្វូង ដង្កូវមូស្លឹកក៏ដោយ នេះសបញ្ជាក់​ឱ្យឃើញថា យើងកាន់​តែ​មានភាព ធន់ទៅនឹងបម្រែ​បម្រួលអាកាសធាតុក្នុងអនុវិស័យដំណាំ ហើយក៏ជាលទ្ធផល​ដែល​បាន​​បង្កើនការផ្សព្វផ្សារ និងចែក រំលែក បច្ចេកទេសដល់កសិករ ក្នុងការប្រើប្រាស់ ពូជ ជី ថ្នាំ កាន់តែប្រសើរឡើង ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងយន្ត​កសិកម្មកាន់តែទូលំ​ទូលាយ​នៅក្នុងផលិតកម្មកសិកម្មកម្ពុជា»។

ផលិតផលកសិកម្មសំខាន់ៗ ដែលនាំចេញពីកម្ពុជារួមមាន៖ ស្រូវ អង្ករ ចេក ដំឡូងមី ស្វាយចន្ទី ផ្លែមៀន ម្រេច និងកសិផលប្រមាណ ១០០ មុខទៀត។

យោងតាមក្រសួងពាណិជ្ជកម្ម ការនាំចេញទំនិញ​​របស់​កម្ពុជាក្នុងឆ្នាំ២០២៤ ​​មានទំហំទឹកប្រាក់សរុបជាង ២៦,១៩ ពាន់​លាន​ដុល្លារ កើនឡើង ១៥,៧% ចំណែកឯការនាំទំនិញចូល​មកវិញមាន​ទំហំ​ទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើន ១៨%។

...

សូមជម្រាបថា​ ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន៖ ប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន ថៃរួមនឹងទីផ្សារ​សំខាន់ៗមួយចំនួនទៀត៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print