ភ្នំពេញ ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យលទ្ធភាពលើកទឹកចិត្ត ជំរុញឱ្យអ្នកវិនិយោគបណ្ដាក់ទុនសាងសង់ផ្ទះដែលមានតម្លៃសមរម្យ សម្រាប់លក់ជូនមន្ដ្រីរាជការ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ លោកអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍បញ្ជាក់ថា «ខ្ញុំសូមឱ្យរដ្ឋបាលរាជធានីភ្នំពេញ មេត្តាពិនិត្យគិតគូរវិនិយោគធ្វើផ្ទះលក់សម្រាប់មន្ដ្រីរាជការ ដើម្បីសម្របសម្រួលជីវភាព។ ខ្ញុំគិតថា យើងអាចពិនិត្យមើលនៅតាមបុរីមួយចំនួន ឱ្យគាត់ផ្ដោតទៅលើចំណុចនេះ ប៉ុន្ដែកុំឱ្យលើសពីតម្រូវការ»។
បើតាម លោកអភិសន្ដិបណ្ឌិត ស សុខា, ក្នុងករណីផ្ទះដាក់លក់ត្រឹមតម្លៃចន្លោះ២ ទៅ៣ម៉ឺនដុល្លារ ដូច្នេះមន្ដ្រីរាជការដែលមានប្រាក់បៀវត្ស៍ចន្លោះ ១លានកន្លះ ទៅ២លានរៀល អាចនឹងមានលទ្ធភាពក្នុងការបង់រំលស់។
លោកអភិសន្ដិបណ្ឌិត ក៏បានលើកទឹកចិត្តឲ្យវិស័យឯកជន ពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្ទះប្រភេទនេះ ហើយរដ្ឋក៏ពិនិត្យលទ្ធភាពក្នុងការអនុគ្រោះកម្រិតណាមួយ ដើម្បីឱ្យគម្រោងនេះចេញជារូបរាងឡើង។
នាឱកាសនោះដែរ លោកអភិសន្ដិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវពិនិត្យឡើងវិញចំពោះទីតាំងដីដែលផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនវិនិយោគហើយ ប៉ុន្ដែក្រុមហ៊ុននោះមិនទាន់កសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍន៍ទីតាំងដែលខ្លួនទទួលបានសិទ្ធិ។ ឯកឧត្តម បន្ថែមថា ប្រសិនបើក្រុមហ៊ុនមួយទទួលបានអាជ្ញាប័ណ្ណ ហើយទុកដីឲ្យនៅទំនេរក៏ជះឥទ្ធិពលមិនល្អសម្រាប់ការរៀបចំផែនការអភិវឌ្ឍដូចគ្នា៕
ដោយ ៖ សិលា