អាជ្ញាធរថៃបញ្ជូនសពពលករខ្មែរ៣នាក់ស្លាប់ដោយរន្ទះបាញ់និងឆក់ខ្សែភ្លើងមកប្រទេសកម្ពុជាវិញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រយៈពេល១ថ្ងៃសពពលករខ្មែរចំនួន៣នាក់ដែលធ្វើការងារជាកម្មករនៅក្នុងប្រទេសថៃរងគ្រោះដោយរន្ទះបាញ់និងឆក់ខ្សែភ្លើងស្លាប់ក្នុងហេតុការណ៍២ករណីផ្សេងគ្នាត្រូវបានអាជ្ញាធរថៃដឹកបញ្ជូនយកមកប្រគល់ឱ្យអាជ្ញាធរកម្ពុជានិងក្រុមក្រួសារតាមច្រកតំបន់ម៉ាឡៃនិងច្រកអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ម្សិលមិញ។

បើយោងតាមប្រភពព័ត៌មានពីអង្គភាពទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំក្រុងប៉ោយប៉ែតប្រាប់ឱ្យដឹងថា សពពលករខ្មែរ២នាក់ ស្លាប់ដោយរន្ទះបាញ់នៅក្នុងស្រុកអារញ្ញខេត្តស្រះកែវ ជនរងគ្រោះកំពុងធ្វើការស៊ីឈ្នួលដកស្មៅឡូងឱ្យថៅកែជនជាតិថៃខណៈមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះត្រូវរន្ទះបាញ់ស្លាប់ទាំង២នាក់ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ហើយសាកសពត្រូវបានអាជ្ញាធរថៃដឹកតាមរថយន្តយកមកប្រគល់ឱ្យអាជ្ញាធរកម្ពុជា នៅច្រកតំបន់ម៉ាឡៃ កាលពីវេលាម៉ោង១១យប់ថ្ងៃដដែល។ សាកសព ក្រោយពីអាជ្ញាធរកម្ពុជា ធ្វើការត្រួតពិនិត្យរួចហើយ ក៏ទំនាក់ទំនងក្រុមគ្រួសារដើម្បីយកសពទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ សពមានឈ្មោះ អេង ដេត ភេទប្រុស អាយុ២៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ អង ណា ភេទប្រុស អាយុ២០ឆ្នាំ ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិស្វាយព្រៃ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ដោយឡែកនៅថ្ងៃដដែលនោះ សពពលខ្មែរម្នាក់ទៀតជាកម្មករសំណង់ស្លាប់ដោយឆក់ខ្សែភ្លើង ខណៈកំពុងបំពេញកិច្ចការងារនៅក្នុងការដ្ឋានមួយក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ។ ស្លាប់នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៦ សីហា ឆ្នាំ២០១៦ ត្រូវបានស្ថានអគ្គកុងស៊ុលលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ បានដឹកបញ្ជូន តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រគល់ឱ្យអាជ្ញាធរកម្ពុជា ដើម្បីទំនាក់ទំនងក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ សពជនរងគ្រោះមានឈ្មោះផាន់ សួន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិសំបួរ ឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

សូមរំលឹកថា ពាក់ព័ន្ធនឹងពលករខ្មែរធ្វើការងារនៅក្នុងប្រទេសថៃកន្លងមកមានសេចក្តីរាយការណ៍ឱ្យដឹងថា មានពលករខ្មែរជាច្រើននាក់បានរងគ្រោះស្លាប់ជួបនូវឧប្បវហេតុផ្សេងគ្នាៗ ក្នុងពេលបំពេញកិច្ចការងារ ការស្លាប់របស់ពលករខ្មែរធ្វើនៅពេលធ្វើការងារក្នុងប្រទេសថៃនោះគេមិនបានដឹងថា ថៅកែឬក្រុមហ៊ុននៅក្នុងប្រទេសថៃជួយឧបត្ថម្ភជាថវិកាតាមគោលការណ៍ច្បាប់ដល់ក្រុមគ្រួសារសពសមស្របយ៉ាងណានោះទេ។ បញ្ហានេះអ្នកយកព័ត៌មានយើងបានសាកសួរទៅលោក នេត សំអាត ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំក្រុងប៉ោយប៉ែតឱ្យជួយបំភ្លឺផងដែរ ប៉ុន្តែលោកឆ្លើយថា បញ្ហានេះខាងលោកមិនបានដឹងនោះទេ ដោយបង្វែទៅសាកសួរអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ នោះវិញទើបដឹង។

ពាក់ព័ន្ធករណីនេះ នគរដ្រេហ្គន មិនអាចសុំការបំភ្លឺពីអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ លោក ប៊ុនសុខវិបុល បានទេនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ដោយទូរស័ព្ទខលមិនអាចទំនាក់ទំនងបាន៕

vka (4) vka (3) vka (1) vka (2)

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print