ខេត្តសៀមរាប៖ ក្រុមចោរលួចបានធ្វើសកម្មភាពនៅផ្លូវផាប់ស្រ្ទីត ចំនួន១១នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់និងបញ្ជូនទៅតុលាការនៅថ្ងៃ១៧ ខែសីហា ឆ្នាំ២០១៦ នេះ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា នេះជាករណីលួចនៅម្ដុំផ្លូវសុខសាន្ត ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ នៅម៉ោង២រំលងអាធ្រាត និងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ម៉ោង១រំលងអាធ្រាត ។
មន្ត្រីនគរបាលបានឲ្យដឹងថា នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាល ការិយាល័យការពារ និងអន្តរាគមន៍ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់កំពុងដើរនៅម្ដុំផ្លូវផាប់ស្រ្ទីត ក្រោយមកធ្វើការសាកសួរជនសង្ស័យទាំង២នាក់ ពួកគេបានសារភាពថា បក្ខពួករបស់គេមានគ្នារចំនួន៩នាក់ទៀត ដែលបានធ្វើសកម្មភាពលួចលុយភ្ញៀវបរទេស ដែលដើរកំសាន្តនៅក្នុងតំបន់ផាប់ស្រ្ទីត និងតាមផ្លូវសុខសាន្ត ក្នុងចំណោមជនសង្ស័យទាំង១១នាក់ដែលបានឃាត់ខ្លួនមាន ៤នាក់ប្រើប្រាស់គ្រឿងញៀនផងដែរ ៕
ដោយ៖ ប៊ុន រិទ្ធី