ទោះ​លោក​ស្រី​ ថាក់​ ឡានី​ មិន​ចូល​បំភ្លឺ​ ក៏​តុលាការ​បន្ត​នីតិវិធី​

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដែលកំពុងរងបណ្តឹងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពុំបានចូលបំភ្លឺតាមការកោះហៅរបស់តុលាការ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា នោះទេ ។ ប៉ុន្តែមេធាវីការពារក្ដីលោកស្រី ថាក់ ឡានី បានចូលខ្លួនតាមការកំណត់ ។

ពាក់ព័ន្ធករណីនេះ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងតាមបណ្ដាញសង្គម Telegram កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ថា ” ជនជាប់សង្ស័យឈ្មោះ ថាក់ ឡានី មិនបានចូលខ្លួនតាមកាលបរិច្ឆេទនៃការកោះហៅលើកទី២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំំពេញ ” ។

លោក សុផាណា បន្តថា ” យើងសម្រេចបន្តចំណាត់ការសើបអង្កេតរឿងក្តីនេះទៀតដោយពិនិត្យលើពាក្យបណ្តឹង ភស្តុតាងនិងសាក្សីដែលមានប្រយោជន៍ដល់ចំណាត់ការរឿងក្តីនេះ ” ។

លោក លី សុផាណា ថា ” ការមិនចូលខ្លួនរបស់ជនជាប់សង្ស័យជាការបាត់បង់នូវប្រយោជន៍សម្រាប់ការការពារខ្លួនដោយខ្លួនគាត់ផ្ទាល់ “។

គួរបញ្ជាក់ថា លោក គី តិច មេធាវីតំណាងសម្តេចតេជោ ចាត់ទុកថា ការចោទប្រកាន់មកលើសម្តេចជោ ហ៊ុន សែន ថាជាអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នោះ មិនត្រឹមតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់សម្តេចតេជោ ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានចរិតជាការញុះញង់បំផុសបំផុលក្នុងចេតនាបញ្ឆេះកំហឹងមហាជន ដែលអាចបង្កឲ្យមានចលាចលក្នុងសង្គមនិងប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការ ទៀតផង ។

ក្នុងនោះ សម្ដេចតេជោ សំណូមពរឲ្យតុលាការផ្តន្ទាទោសជនសង្ស័យតាមច្បាប់ និង ទាមទារសំណងជំងឺចិត្តត្រឹម១០០រៀលតែប៉ុណ្ណោះ ៕

image

ដោយ៖ ចេស្តា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print